អន្តរជាតិ
ថៃ​សន្យា​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ព្យុះសង្ឃរា​
03, Oct 2017 , 11:05 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការវាយប្រហារ​ដោយ​គ្រោះធម្មជាតិ​នាពេល​ថ្មីៗ​នេះ​ទាំង​នៅ​អាមេរិក និង​នៅ​ព័រ​តូ​រី​កូ ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​រាប់ពាន់​លាន​ដុល្លារ​។ ក្នុងជំនួប​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​២ ខែតុលា លោក ប្រា​យុទ្ធ ក៏​សន្យា​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​អាមេរិក​ដែរ ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ជិត​ពីរ​រយ​ឆ្នាំ​នោះ​។​



​មេដឹកនាំ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​ភរិយា ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ស្ត្រី​ទីមួយ​អាមេរិក​នៅឯ​សេត​វិមាន​។ ជំនួប​ទល់មុខ​លើកដំបូង​នេះ គឺជា​សញ្ញា​នៃ​ការវិលត្រឡប់​ទៅរក​ប្រក្រតី​ឡើងវិញ​នៃ​ទំនាក់ទំនង​ការទូត​ថៃ និង​អាមេរិក ដែល​ល្អក់កករ​ដោយសារ​ការធ្លាក់ចុះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ​ក្រោម​ការដឹកនាំ​របស់​ក្រុម​ឧ​ត្ត​ម​សេនីយ៍​។
 
​ថ្លែង​មុន​ជំនួប​ទ្វេភាគី​ថ្ងៃទី​២ ខែតុលា លោក​ប្រធានាធិបតី ត្រាំ បាន​រំឭក​ពី​ប្រវត្តិសាស្ត្រ​យូរអង្វែង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​អតីត​ប្រធានាធិបតី អាន់​ឌ្រូ ជែក​សាន់ ជា​អ្នក​ពូន​ជ្រំ​។ លោក ត្រាំ និយាយថា លោក​ពិត​ជាមាន​កិត្តិយស​ចំពោះ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ និង​ភរិយា​នៅ​អាមេរិក​ពេលនេះ ទោះជា​ជំនួប​នេះ​ធ្វើឡើង​ចំពេល​ដែលមាន​ការវាយប្រហា​រ​នៅ​ទីក្រុង Las Vegas ក៏ដោយចុះ​។​

​ឆ្លើយតប​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ក៏​បង្ហាញ​ក្ដី​រីករាយ​ចំពោះ​ទស្សនកិច្ច​របស់លោក ហើយក៏​ឆ្លៀត​ពេលនេះ​រំលែក​ទុក្ខ​ជាមួយ​លោក ត្រាំ ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​វាយប្រហារ​អាមេរិក​ផ្ទួន​នាពេល​កន្លងមក​។ មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​រាប់ពាន់នាក់​ទៀត​ត្រូវ​ជម្លៀស​ចេញពីផ្ទះ ខណៈដែល​ការខូចខាត​មាន​ទំហំ​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ លោក ប្រា​យុទ្ធ និយាយថា រដ្ឋាភិបាល និង​វិស័យ​ឯកជន​ថៃ សន្យា​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​អាមេរិក​ដើម្បី​កសាង​ប្រទេស​ឡើងវិញ​។​

​ទស្សនកិច្ច​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ថៃ​នៅ​សេត​វិមាន ពិតជា​កាយវិការ​ផ្លាស់​ប្ដូរ​របស់​រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន​ចំពោះ​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ​មួយ​នេះ​។ ដូច​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ រដ្ឋបាល​លោក ត្រាំ តែង​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទៅរក​របប​ប្រជាធិបតេយ្យ​នៅ​ថៃ​វិញ មុននឹង​អាមេរិក​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​។ ប៉ុន្តែ​ការអនុវត្ត​នយោបាយ «America First» ធ្វើ​ឲ្យ​អាមេរិក​ផ្តោ​ការយកចិត្តទុកដាក់​លើ​ផលប្រយោជន៍​អាមេរិក ជាង​ប​ញ្ហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។

​តាមពិតទៅ វា​ក៏​មិនមែនជា​រឿង​ចំឡែក​អ្វី​ដែរ​ពេលដែល​លោក ត្រាំ ទទួល​មេដឹកនាំ​ឡើងកាន់​អំណាច​តាមផ្លូវ​យោធា ឬ​មេដឹកនាំ​មិនសូវ​គោរព​សិទ្ធិមនុស្ស​នោះ​។ ចំពោះ​ករណី​ថៃ​វិញ អាមេរិក និង​ថៃ គឺជា​មាន​ចំណងមិត្តភាព​រយៈពេល​១៨៤​ឆ្នាំ​មកហើយ ដែលជា​សម្ព័ន្ធមិត្ត​ចាស់វស្សា​មួយ​នៅ​អាស៊ីអាគ្នេយ៍​។ អាមេរិក​ពិតជា​ត្រូវការ​ថៃ​ជា​ចាំបាច់​ក្នុងការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ ដូចនេះ​អាមេរិក​ត្រូវ​ទុក​បញ្ហា​សិទ្ធិមនុស្ស​ដោយឡែក​សិន​ហើយ​៕ 


Tag:
 ថៃ​
  អាមេរិក​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com