អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​៖ ទុក​ឱកាស​ឲ្យ​ប្រជាធិបតេយ្យ​វ័យក្មេង​នៅ​មី​យ៉ាន់​ម៉ា​មានជីវិត​ផង​
03, Oct 2017 , 2:47 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា Thaung Thun (រូបភាព៖ Xinhua)
ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា Thaung Thun (រូបភាព៖ Xinhua)
​មន្ត្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ ខែតុលា បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ផ្ដល់ឱកាស​ឲ្យ​ប្រជាធិបតេយ្យ​អាច​រស់រាន​បាន ព្រោះ​ជា​ប្រជាធិបតេយ្យ​ទើប​រីក​ពន្លក​ចេញ​ប៉ុណ្ណោះ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ Thaung Thun ស្នើ​បែបនេះ ខណៈដែល​មី​យ៉ាន់​ម៉ា​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ប្រតិបត្តិការ​យោធា​ប្រកបដោយ​អំពើហិង្សា​នៅ​រដ្ឋ Rakhine ដែល​បង្ខំ​ឲ្យ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​។​



​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​របស់​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ចំពោះ​ការមិន​ចាត់វិធានការ​ឲ្យ​បាន​សមស្រប​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ។ ប្រតិបត្តិការ​របស់​យោធា ដែល​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម បង្ក​ជា​វិបត្តិ​មនុស្សធម៌​យ៉ាង​ធំ ដែល​អង្គការសហប្រជាជាតិ​ចាត់ទុក​ជាការ​បោសសម្អាត​ពូជសាសន៍​ទៅទៀត​។​

​សម្ពាធ​កាន់តែ​ច្រើនឡើង​បាន​ធ្លា​ក់លើ​ស្មារ​រដ្ឋាភិបាល​ស៊ីវិល​ដែលមាន​អាយុ​មួយឆ្នាំ​កន្លះ​ប៉ុណ្ណោះ​។ អាមេរិក​បានស្នើ​ឲ្យ​មានការ​កាត់ផ្ដាច់​ជំនួយ​យោធា​ទៅកាន់​មី​យ៉ាន់់​ម៉ា និង​ថែមទាំង​គំរាម​អនុវត្ត​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ឡើងវិញ ក្រោយ​ត្រូវបាន​ផ្អាក​ដោយ​អតីត​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ មន្ត្រី​មី​យ៉ាន់​ម៉ា​ហាក់​ព្រួយបារម្ភ​ខ្លាំង​នឹង​ជំហរ​របស់​អាមេរិក ព្រោះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មី​យ៉ាន់​ម៉ា Thaung Thun បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មី​យ៉ាន់​ម៉ា​ត្រូវ​ធានា​ឲ្យ​ពី​ការរស់រាន​របស់​ប្រជាធិបតេយ្យ​វ័យក្មេង​។ នេះ​ក៏​ព្រោះតែ​រដ្ឋាភិបាល និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ទើប​ចូលកាន់​តំណែង​រយៈពេល​១៨​ខែ​ប៉ុណ្ណោះ គឺ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ទូទៅ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ។ លោក Thaung Thun បានស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ទុកពេល​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​។​

«​យើង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ការ​ប្រឈម​នេះ​មិនអាច​ដោះស្រាយបាន​ក្នុង​រយៈពេល​មួយថ្ងៃ​ឡើយ​។ ទីក្រុង​រ៉ូម​មិនមែន​កសាង​ត្រឹម​មួយថ្ងៃ​ទេ ដូច្នេះ​យើង​មិនអាច​ដោះស្រាយ​បញ្ហា​៥០​ឆ្នាំ​បានឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​រូបនេះ ដោយ​បន្ថែមថា លោក​ត្រៀម​ជួប​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H.R. McMaster ដើម្បី​ពន្យល់​ពី​ស្ថានការណ៍​នៅ​រដ្ឋ Rakhine ជាក់ស្ដែង​ឲ្យ​បានច្បាស់លាស់​។​

​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ធ្វើ​ឲ្យ​លោកស្រី ស៊ូ​ជី បាក់មុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ នៅតែ​មិនទាន់​រក​ដំណោះស្រាយ​ឃើញ ខណៈដែល​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​បញ្ឈប់​សកម្មភាព​ហិង្សា​ជាបន្ទាន់​។ ជាមួយគ្នា​នោះ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ក៏បាន​ដាក់ទោស​មន្ត្រីប៉ូលិស​ខ្លះ​ដែល​បំពាន​អំណាច​ក្នុង​ប្រតិបត្តិការ​នៅ Rakhine ដែរ​។ ឯ​អង្គការ​មនុស្សធម៌​នានា​ក៏​ស្វែងរក​ជំនួយ​បន្ថែមទៀត​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ដែល​កំពុងស្នាក់នៅ​ជំរំ​នានា​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​៕


Tag:
 មី​យ៉ាន់​ម៉ា​
  ប្រជាធិបតេយ្យ​
  Thaung Thun
© រក្សាសិទ្ធិដោយ thmeythmey.com