អន្តរជាតិ
ប្រា​យុទ្ធ ចេញ​បញ្ជា​ពង្រឹង​សន្តិសុខ ក្រោយ​មានការ​គំរាម​អុកឡុក​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ស្ដេច​ភូមិបុល​
03, Oct 2017 , 8:39 pm        
រូបភាព
រូបភាព៖ The Nation
រូបភាព៖ The Nation
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានចេញ​បញ្ជា​ពង្រឹង​សន្តិសុខ​ថែមទៀត​នៅមុន និង​អំឡុងពេល​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នៅ​ចុងខែ​តុលា​នេះ​។ ប្រភពពី​ក្នុង​រដ្ឋាភិបាល​ថៃ​និយាយថា ការចេញ​បញ្ជា​នេះ​ធ្វើឡើង​ក្រោយ​ភ្នាក់ងារ​សម្ងាត់​ថៃ​រាយការណ៍​ពី​លទ្ធភាព​ដែល​ក្រុមប្រឆាំង​ធ្វើ​សកម្មភាព​អុកឡុក​ក្នុង​ពិធី​ដ៏​ធំ​មួយ​នេះ​។​



​នៅសល់តែ​២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​មហាក្សត្រ​គ្រងរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត នឹង​មកដល់ ខណៈដែល​ការសាងសង់​ទី​ព្រះមេរុ​ជិត​នឹង​សាងសង់​ចប់សព្វគ្រប់​តាម​ផែនការ​ដែរ​។ ប៉ុន្តែ​ភ្នាក់ងារ​ចារកិច្ច​របស់​ថៃ​បាន​រាយការណ៍​ថា ក្រុមប្រឆាំង​ខ្លះ​មាន​ផែនការ​បង្កបញ្ហា​រាំងស្ទះ​ដល់​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ស្ដេច​រាមា​ទី​៩ ដែល​រៀបចំ​នៅ​ថ្ងៃទី​២៦ ខែតុលា​។​

​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ ប្រមុខ​រដ្ឋាភិបាល​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានចេញ​បញ្ជា​ឲ្យ​ប៉ូលិស ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​អង្គភាព​ចារកម្ម​ជាតិ ប្រមូល​ព័ត៌មាន​ឲ្យ​បាន និង​រៀបចំ​វិធានការ​ឆ្លើយតប​វិញ​។ នៅ​ថ្ងៃទី​២ ខែតុលា ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​សុវណ្ណ ក៏​ដឹកនាំ​អង្គប្រជុំ​មួយ​ដើម្បី​ត្រួតពិនិត្យ​សន្តិសុខ​អំឡុងពេល​ប្រារព្ធ​ពិធី​។ លោក ប្រា​វីត ក៏​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការកើតឡើង​ចលាចល ព្រោះ​មនុស្ស​ជាច្រើន​នឹងចូលរួម​ពិធី​កម្រ​មួយ​នេះ​។​

​បើតាម​កាសែត The Nation មន្ត្រី​សន្តិសុខ​ថៃ​ចាប់បាន​សញ្ញា​តាម​បណ្ដាញ​សង្គម​ពី​ផែន​ការបង្ក​អ​សណ្ដាប់ធ្នាប់​ក្នុងពេល​ប្រារព្ធ​ពិធី​នេះ និង​បានចេញ​ការព្រមាន​អ្នក​ដែល​គំនិត​មិនល្អ​ដែរ​។ មេបញ្ជាការ​ទ័ពជើងគោក​ថៃ Chalermchai Sitthisart និយាយថា អ្នក​ដែលមាន​គោលដៅ​បង្ក​ការរំខាន​ដល់​សាធារណៈ ត្រូវបាន​ចោទប្រកាន់​រួចហើយ​ពីបទ​បំពាន​ច្បាប់​ស្ដីពី​ការប្រមាថ​ចេស្តា​មហាក្សត្រ និង​ពួកគេ​ក៏បាន​រត់គេចខ្លួន​អស់ហើយ​។

​តាមពិតទៅ ក្រុម​បង្កបញ្ហា​អសន្តិសុខ និង​ចលាចល​បានធ្វើ​ប្រតិបត្តិការ​ពី​បរទេស និង​ពី​ខេត្ត​ទាំងបី​នៅ​ភាគខាងត្បូង​មាន​យ៉ា​ឡា ប៉ា​តានី និង​ណា​រ៉ា​ធី​វ៉ា​ត់ ហើយ​ក្នុងចំណោម​ក្រុម​នេះ​ក៏មាន​ពួក​ប្រឆាំង​រាជានិយម​ទៀតផង​។ បើតាម​លោក Chalermchai មន្ត្រី​សន្តិសុខ​ត្រូវ​បានដាក់​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​គ្រប់ពេល ប៉ុន្តែ​ក៏​មិនមាន​អ្វី​ត្រូវ​បារម្ភ​ដែរ ព្រោះ​ប្រជាជន​នឹង​ជួយ​ផ្ដល់ដំណឹង​ពី​ផែន​ការបង្ក​ការរំខាន​មិនខានឡើយ​។​

​ប៉ូលិស​ជាច្រើន​នឹងត្រូវ​ពង្រាយ​នៅ​ទីលាន Sanam Luang ក្បែរ​ព្រះបរមរាជវាំង ដែលជា​ទីកន្លែង​ថ្វាយ​ព្រះ​ភ្លើង ខណៈ​យោធា​នឹង​ជួយ​ផ្នែក​ប្រមូល​ព័ត៌មាន​ចារកិច្ច​។ មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​ខាងលើ​បញ្ជាក់ថា ក្រុមមន្ត្រី​សន្តិសុខ​នឹង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​គោលដៅ​ដែល​កំណត់​អត្តសញ្ញាណ​រួចហើយ​។ អាជ្ញាធរ​ក៏​ប្ដេជ្ញាចិត្ត​រៀបចំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​លើក​នេះ​ឲ្យ​ល្អឥតខ្ចោះ និង​ក្លាយជា​ពិធីបុណ្យ​អស្ចារ្យ​លើ​ពិភពលោក​៕


Tag:
 ​អាមេរិក​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ភូមិបុល អាឌុលយ៉ាដេត
© រក្សាសិទ្ធិដោយ thmeythmey.com