អន្តរជាតិ
ប្រា​យុទ្ធ ប្រាប់ ត្រាំ ថា ថ្ងៃ​បោះឆ្នោត​នឹង​ប្រកាស​ក្នុង​ឆ្នាំ​២០១៨
04, Oct 2017 , 1:56 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ចាប់ដៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន (រូបភាព៖ AP)
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ចាប់ដៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន (រូបភាព៖ AP)
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សន្យា​ចំពោះមុខ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នឹងត្រូវ​រៀបចំ​តាម​ផែនទី​ចង្អុល​ផ្លូវ​ដែល​រដ្ឋាភិបាល​គូសវាស​រួចស្រេច​ហើយ​។ ពី​សេត​វិមាន លោក ប្រា​យុទ្ធ ក៏​ប្រា​ប់លោក ត្រាំ ដែរ​ថា លោក​នឹង​ប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​។ លោក​និយាយ​បែបនេះ ស្រប​ពេលដែល​កាលបរិច្ឆេទ​បោះឆ្នោត​នៅ​មិនទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​។​



​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​ថ្ងៃទី​២ ខែតុលា មេដឹកនាំ​របប​យោធា​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានលើកឡើង​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ថៃ​ក្នុងការ​ផ្លាស់ប្ដូរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ លោក ប្រា​យុទ្ធ ក៏​សន្យា​ចំពោះមុខ​លោក ត្រាំ ថា រដ្ឋាភិបាល​របស់លោក​នឹង​ប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែល​ទំនងជា​រៀបចំឡើង​ក្រោយ​ការចូល​ជាធរ​មានច្បាប់​សំខាន់​ចំនួន​៤ ។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បាន​លើកយក​បញ្ហា​បោះឆ្នោត​ដោយផ្ទាល់ ប្រធានាធិបតី​អាមេរិក​ក៏​មិនបាន​សួរនាំ​លោក​ពី​បញ្ហា​នេះដែរ​។ «​ខ្ញុំ​ជា​អ្នក​និយាយ​ដោយ​ខ្លួនឯង និង​បាន​ធានា​ចំពោះមុខ​លោក ត្រាំ ថា រដ្ឋាភិបាល​នឹង​គោរ​តាម​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ដំណើរ​ទៅកាន់​ប្រជាធិបតេយ្យ​ឡើងវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រា​យុទ្ធ ដោយ​បន្តថា នៅ​ឆ្នាំក្រោយ លោក​នឹង​ប្រកាស​ថ្ងៃ​បោះឆ្នោត​តែម្ដង​។​

​តាមពិតទៅ កាលបរិច្ឆេទ​បោះឆ្នោត​នេះ​ត្រូវបាន​ពន្យារពេល​ម្ដង​ជា​ពីរដង​រួចមកហើយ ដោយ​ពីដំបូង​គេ​រំពឹងថា​ការបោះឆ្នោត​នឹងត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០១៧​នេះ តែ​ក្រោយមក​ក៏​រុញ​ទៅដល់​ឆ្នាំ​២០១៨​វិញ​។ បើតាម​លោក ប្រា​យុទ្ធ ការបោះឆ្នោត​ទូទៅ​មួយ​នឹង​រៀបចំឡើង​ក្នុង​រយៈពេល​១៥០​ថ្ងៃ ក្រោយ​ច្បាប់​សំខាន់​បួន​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​ចូល​ជា​ធរមាន​។ មកទល់ពេលនេះ ច្បាប់​ទាំង​បួន​មិនទាន់​សរសរ​ចប់សព្វគ្រប់​នៅឡើយ​ទេ​។​

​ប្រធាន​គណៈកម្មាធិការ​សរសេរ​រដ្ឋធម្មនុញ្ញ​ថៃ Meechai Ruchupan នៅ​ថ្ងៃទី​៣ ខែតុលា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​សំខាន់​ពីរ គឺ​សេចក្ដីព្រាងច្បាប់​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា នឹង​ចប់​នៅ​ខែវិច្ឆិកា​ខាងមុខ មុននឹង​បញ្ជូនទៅ​សភា​នីតិបញ្ញត្តិ​។ ផុតពី​ដំណាក់កាល​សភា​នីតិបញ្ញត្តិ សេចក្ដីព្រាងច្បាប់​ទាំងពីរ​នឹងត្រូវ​បញ្ជូន​ទៅកាន់​រាជវាំង ដើម្បី​សុំ​ការយល់ព្រម​ពី​មហាក្សត្រ Maha Vajiralongkorn ចុងក្រោយ ដែល​ដំណើរការ​នេះ​អាច​បញ្ចប់​ក្នុង​រយៈពេល​យូរ​។​

​ការវិលត្រឡប់​ទៅរក​ប្រជាធិបតេយ្យ គឺជា​ការសន្យា​របស់​ក្រុម​យោធា​ដែល​ច្បាមអំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ខែឧសភា ឆ្នាំ​២០១៤ ។ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ រង​ការរិះគន់​ខ្លាំង​ចំពោះ​កាលបរិច្ឆេទ​បោះឆ្នោត​ដែល​មិន​ច្បាស់លាស់ ដោយមាន​ការលើកឡើង​ថា លោក ប្រា​យុទ្ធ ចង់​ពន្យារ​អំណាច​របស់លោក​រហូត​។ ប៉ុន្តែ​លោក​បញ្ជាក់​ច្បាស់ៗ​ហើយ​ថា ការបោះឆ្នោត​នឹង​កើតឡើង​ពិតប្រាកដ ហើយ​ឈប់​សួរ​លោក​ពី​បញ្ហា​នេះ​ទៀត​៕


Tag:
 ថៃ​
  អាមេរិក​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ដូ​ណា​ល់ ត្រាំ​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com