អន្តរជាតិ
អ៊ីស្រាអែល​ស្នើ​អាមេរិក​បង្កើន​សកម្មភាព​នៅ​ស៊ី​រី​ដើម្បី​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី​
04, Oct 2017 , 3:12 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល Avigdor Lieberman (រូបភាព៖ Xinhua)
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល Avigdor Lieberman (រូបភាព៖ Xinhua)
​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Avigdor Lieberman បានស្នើ​ឲ្យ​អាមេរិក​បង្កើន​សកម្មភាព​របស់ខ្លួន​នៅ​ស៊ី​រី ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី ដែល​កំពុង​កើនឡើង​ខ្លាំង​។ លោក Lieberman សារភាពថា អ៊ីស្រាអែល​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ប្រឈមមុខ​ជាមួយ​ប្រទេស​ទាំងនេះ ដែល​បាន​ពង្រឹង​វត្តមាន​ពួកគេ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​តាមរយៈ​ការ​លូក​ចូល​ជម្លោះ​នៅ​ស៊ី​រី និង​ឈាន​អាច​បង្ក​ការគំរាមកំហែង​សន្តិសុខ​អ៊ីស្រាអែល​នៅពេល​ខាងមុខ​។​



​ស្ថានការណ៍​នៅ​ស៊ី​រី​សព្វថ្ងៃ​ដែល​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ដណ្ដើម​ទឹកដី​បាន​មកវិញ​យ៉ាងច្រើន ក្រោម​ជំនួយ​របស់​រុស្ស៊ី អ៊ីរ៉ង់ និង​ចលនា Hezbollah កំពុង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ជោគជ័យ​របស់​ប្រធានាធិបតី Bashar al-Assad ធ្វើ​ឲ្យ​គូប្រជែង​របស់​អ៊ីស្រាអែល​ពង្រីក​ឥទ្ធិពល​យ៉ាងរឹងមាំ​ក្នុង​តំបន់ រហូត​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​អាមេរិក ពង្រឹង​តួនាទី​របស់ខ្លួន​ថែមទៀត​ដើម្បី​ជួយ​ទប់ទល់​វត្តមាន​រុស្ស៊ី និង​អ៊ីរ៉ង់​។​

​សារព័ត៌មាន RT ផ្សាយ​ថា រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Avigdor Lieberman នៅ​ថ្ងៃទី​៣ ខែតុលា បាន​អំពាវនាវ​ឲ្យ​អាមេរិក​បង្កើន​សកម្មភាព​ទាំង​នៅ​ស៊ី​រី និង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ផង​។ ចំពោះ​ករណី​ស៊ី​រី អាមេរិក​បាន​ត្រឹម​ពង្រាយ​ទាហាន​ប៉ុន្មាន​សិប​នាក់​ដើម្បី​តែ​ផ្ដល់​ប្រឹក្សា និង​ការបណ្ដុះបណ្ដាល​ឲ្យ​កម្លាំង​ឧទ្ទាម​ប្រឆាំង​លោក Assad ប៉ុណ្ណោះ​។ ខុសពី​អាមេរិក រុស្ស៊ី​បានធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់​នៅ​ស៊ី​រី និង​ជួយ​ឲ្យ​លោក Assad ដណ្ដើមបាន​ទឹកដី​ដែល​បាត់បង់​ជាច្រើន​ផង​។      

​ដោយ​ចង់​សំដៅ​ជម្លោះ​ស៊ី​រី ប្រមុខ​ការពារជាតិ​អ៊ីស្រាអែល​រូបនេះ​បញ្ជាក់ថា អ៊ី​ស្រាល​អែល​កំពុង​ប្រឈមមុខ​ជាមួយ​រុស្ស៊ី អ៊ីរ៉ង់ តួ​ក​គី និង​ក្រុម Hezbollah គឺ​២៤​ម៉ោង​ក្នុង​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ លើសពីនោះ លោក​ក៏​អះអាងថា របប​លោក Assad កំពុងមាន​ជ័យជម្នះ​លើ​សមរភូមិ​ហើយ ទោះជា​កន្លងមក​អាមេរិក​ព្យាយាម​ជួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​ផ្ដួលរំលំ​លោក​ក៏ដោយ ខណៈ​ប្រទេស​លោកខាងលិច​ខ្លះ​ក៏​នាំគ្នា​បោះដៃ​ទៅរក​លោក Assad ដែរ​។​

​ជាមួយនឹង​ស្ថានភាព​អំណោយផល​សម្រាប់​លោក Assad បែបនេះ មន្ត្រីជាន់ខ្ពស់​អ៊ីស្រាអែល​ចាត់ទុក​នេះ​ជា​ដំណើរ​ឆ្ពោះទៅកាន់​ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ដែលជា​សត្រូវ​ចាស់​របស់​អ៊ីស្រាអែល​។ ស្ថានភាព​បែបនេះ ក៏​នឹង​ជួយ​អ៊ីរ៉ង់ និង​ក្រុម Hezbollah របស់់​លី​បង់​អាចឈរជើង​កាន់តែ​រឹងមាំ​លើទឹក​ដី​ស៊ី​រី​ផងដែរ​។ មូលហេតុ​នេះហើយ​ទើប​អ៊ីស្រាអែល​មិន​សប្បាយចិត្ត ព្រោះ​ស៊ី​រី​អាច​ក្លាយជា​មូលដ្ឋាន​នៃ​ការគំរាមកំហែង​អ៊ីស្រាអែល​នៅពេល​ខាងមុខ​។  

​ទោះជា​មិនបាន​ចូលរួម​ក្នុង​យុទ្ធនាការ​នៅ​ស៊ី​រី​ក្ដី ជា​ញឹកញយ​កម្លាំងយោធា​អ៊ីស្រាអែល​តែង​វាយប្រហារ​លើ​គោលដៅ​យោធា​មួយចំនួន​លើទឹក​ដី​ស៊ី​រី ជាការ​ឆ្លើយតប​ការបាញ់​រ៉ុក្កែត​ឆ្លង​ចូល​ទឹកដី​របស់ខ្លួន​នោះ​។ កម្លាំង​អាកាស​អ៊ីស្រាអែល​ក៏​ដាក់​គោលដៅ​ក្បួន​យោធា​ស៊ី​រី ដោយ​ចោទថា​បាន​ដឹក​អាវុធ​របស់​ក្រុម Hezbollah ។ រដ្ឋាភិបាល​ស៊ី​រី​រិះគន់​ខ្លាំង​សកម្មភាព​យោធា​អ៊ីស្រាអែល និង​ចាត់ទុកជា​ការបំពាន​អធិបតេយ្យ​ទៀតផង​៕


Tag:
 អ៊ីស្រាអែល​
  អាមេរិក​
  រុស្ស៊ី​
  អ៊ីរ៉ង់​
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com