អន្តរជាតិ
របាយការណ៍​៖ នុយក្លេអ៊ែរ​កូរ៉េខាងជើង​អាច​សម្លាប់​មនុស្ស​ច្រើនជាង​ពីរលាន​នាក់​នៅ​សេ​អ៊ូ​ល​និង​តូ​ក្យូ​
05, Oct 2017 , 10:37 am        
រូបភាព
​ការ​ផ្លោង​ពាក្យសម្ដី​គំរាម​គ្នា​ទៅវិញទៅមក​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ធ្វើ​ឲ្យ​គេឯង​បារម្ភ​ថា ជម្លោះ​ប្រដាប់អាវុធ​អាច​ផ្ទុះឡើង​ដោយ​ចៀស​មិន​ផុត​នៅ​ឧបទ្វីប​កូរ៉េ​។ ក្នុងករណី​មាន​សង្គ្រាម​កើតឡើង​មែន មនុស្ស​ច្រើនជាង​ពីរលាន​នាក់​នៅ​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​តូ​ក្យូ នឹងត្រូវ​ស្លាប់​ដោយសារ​ការវាយប្រហារ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​។ នេះ​បើតាម​ការ​គណនា​របស់​គេហទំព័រ 38 North នៅ​ថ្ងៃទី​៥ ខែតុលា​។



​គេហទំព័រ 38 North ដែល​តាមដាន​ស្ថានការណ៍​នៅ​កូរ៉េខាងជើង បានចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​៥ ខែតុលា ជុំវិញ​ការ​គណនា​ចំនួន​ជនរងគ្រោះ​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន​ពី​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ របាយការណ៍​នេះ​ចេញផ្សាយ​ចំពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​ឡើងក​ម្ដៅ​ខ្លាំង​ដោយសារ​ការសាកល្បង​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង និង​សង្គ្រាម​សម្ដី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Michael J. Zagurek Jr. ដែលជា​សរសេរ​របាយ​ការណ៍​នេះ​និយាយថា ដោយ​គណនា​តាម​អានុភាព​នុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​មាន​សព្វថ្ងៃ ការ​បំផ្ទុះ​នុយក្លេអ៊ែរ​នៅ​សេ​អ៊ូ​ល និង​តូ​ក្យូ​អាច​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង​ពីរលាន​នាក់​ឯណោះ​។ ក្រៅពី​មនុស្ស​ស្លាប់​ដ៏​ច្រើន​នេះ ចំនួន​អ្នករងរបួស​ដោយសារ​អាវុធ​ប្រល័យ​លោក​នេះ​អាចមាន​ដល់​ទៅ​ច្រើនជាង​៧​លាន​នាក់​ទៀតផង​។​

​របាយការណ៍​ដដែល​នេះ​បញ្ជាក់ថា ចំនួន​ជនរងគ្រោះ​ដ៏​សន្ធឹកសន្ធាប់​នេះ​ត្រូវបាន​គណនា​ដោយមាន​ការ​សន្ម​ត់​ថា កូរ៉េខាងជើង​នឹង​ប្រើប្រាស់​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ទាំង​២៥ លើ​ទីក្រុង​ធំ​ទាំងពីរ​នេះ ដោយ​សេ​អ៊ូ​ល​មាន​ប្រជាជន​ជាង​២៤​លាន​នាក់ និង​តូ​ក្យូ​មាន​ប្រជាជន​ជិត​៣៨​លាន​នាក់​។ ក្នុងករណីនេះ អានុភាព​នៃ​ក្បាល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​អាចមាន​ទំហំ​ចាប់ពី​១៥​គីឡូតោន ទៅដល់​២៥០​គីឡូតោន​ឯណោះ​។

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការ​គណនា​ចំនួន​ជនរងគ្រោះ​នេះ​ធ្វើឡើង​តម​រយៈ​ការកំណត់​អត្រា​ផ្ទុះ​ក្បាល​គ្រាប់​ចំនួន​បី​ប្រភេទ គឺ​ការផ្ទុះ​២០​ភាគរយ ៥០​ភាគរយ និង​៨០​ភាគរយ​។ ការកំណត់​ការផ្ទុះ​បែបនេះ ក៏​ព្រោះតែ​ការរួម​ប​ញ្វូ​ល​ការចាត់វិធានការ​ការពា​រ​ខ្លួន​របស់​កូរ៉េខាងត្បូង និង​ជប៉ុន​ដែរ​។ ជាការ​ពិត បើ​កូរ៉េខាងជើង​ប្រើប្រាស់​នុយក្លេអ៊ែរ​មែន កូរ៉េខាងត្បូង​ប្រាកដជា​ប្រើ​ប្រព័ន្ធ​ការពារ THAAD មិន​ខាន ខណៈ​ជប៉ុន​វិញ​ក៏មាន​ពង្រាយ​ប្រព័ន្ធ​ការពារ Patriot ឬក៏​ប្រព័ន្ធ​ការពារ Aegis ដែរ​។​

​យ៉ាងណាមិញ តួលេខ​នៃ​ជនរងគ្រោះ​ខ្ទង់លាន​នាក់​បែបនេះ ជា​សញ្ញា​បង្ហាញថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន មិនអាច​ទប់់ស្កាត់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បានទេ​។ ដោយសារ​មហន្តរាយ​បែបនេះ ការចរចា​នៅតែ​ជា​ជម្រើស​ដំបូង​សម្រាប់​ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទោះជា​អាមេរិក​ចង់​ប្រើ​ធម៌​ក្ដៅ​ដោយ​ប្រើ​យោធា ជាជាង​វិធីសាស្ត្រ​សន្តិភាព​ដែល​អន្តរជាតិ​ចង់បាន​នោះ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ជប៉ុន​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com