អន្តរជាតិ
ពូ​ទីន​៖ សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​អាច​កើតឡើង តែ​លទ្ធផល​មិន​ច្បាស់​ទេ​
05, Oct 2017 , 1:40 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​៤ ខែតុលា បានលើកឡើង​ពី​លទ្ធភាព​ដែល​ពិភពលោក​នាំគ្នា​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក ពូ​ទីន អះអាងថា ទោះជា​សង្គ្រាម​អាច​កើតមាន​មែន​ក្ដី លទ្ធផល​មិនអាច​ប៉ាន់ស្មាន​បានឡើយ ដ្បិត​កូរ៉េខាងជើង​ជា​រដ្ឋ​ឯកោ​បិទ​ជិត​បំផុត​។ យ៉ាងណាមិញ ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​នៅតែ​ស្នើ​ឲ្យ​មានការ​បើក​ការចរចា​បញ្ចប់​បញ្ហា​ជាជាង​ការប្រើប្រាស់​កម្លាំងយោធា​ដែល​បង្ក​វិនាសកម្ម​ស្មាន​មិន​ដល់​។​



​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នៅតែ​អាច​កើតឡើង​បាន​។ នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​ដំណោះស្រាយ​នៃ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក ពូ​ទីន ក៏​ព្រមាន​ដែរ​ថា ដំណោះស្រាយ​តាមផ្លូវ​សង្គ្រាម​នេះ ទំនងជា​មិន​ហុច​ផល​តាម​ការគ្រោងទុក​ទេ ព្រោះ​កូរ៉េខាងជើង​ជា​ប្រទេស​ដែល​នៅ​ដាច់​ពី​គេឯង មិនសូវមាន​ទំនាក់ទំនង​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​គេ​មិនដឹង​ច្បាស់​ថា នុយក្លេអ៊ែរ​ត្រូវ​លាក់​នៅទីណា​ដែរ​។​

​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ថ្ងៃទី​៤ ខែតុលា ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បញ្ជាក់ថា ការវាយប្រហារ​ដោយ​អន្តរជាតិ​សំដៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​រឿង​អាចទៅរួច ប៉ុន្តែ​អាច​កម្ទេច​គោលដៅ​បាន​ឬ​អត់ ជា​រឿង​មិន​ច្បាស់​ទេ​។ បើ​យោងតាម​សារព័ត៌មាន RT លោក ពូ​ទីន រៀបរាប់​ទៀតថា គ្មាន​នរណា​ដឹង​ពី​កន្លែង​លាក់ទុក​អាវុធ​ប្រល័យ​លោក​នេះឡើយ ព្រោះ​របប​ក្រុង​ព្យុងយ៉ាង​មិនដែល​បើកចំហ​អ្វី​ទេ​។​

​ទំនង​និយាយ​សំដៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ លោក ពូ​ទីន ចាត់ទុក​ការប្រើប្រាស់​ពាក្យសម្ដី​ខ្លាំងៗ និង​ការប៉ុនប៉ង​បង្ហាញ​ពី​ភាពខ្លាំង​ក្លា​នោះ បានត្រឹមតែ​ពង្រឹង​អំណាច​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប៉ុណ្ណោះ​។ ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​រុស្ស៊ី​ក៏​ឆ្លៀត​ស្នើ​ដោយ​មិន​ចំឈ្មោះ​អាមេរិក និង​កូរ៉េខាងជើង ឲ្យ​ឈប់​ផ្លោង​ពាក្យ​គំរាម​ដាក់គ្នា និង​ត្រូវ​ងាក​មក​ចរចា​ទល់មុខ​គ្នា​រក​ច្រកចេញ​វិញ ទើប​អាច​បញ្ចប់​បញ្ហា​បាន​។​

​យ៉ាងណាមិញ ចរចា​ឬ​អត់ គឺ​ស៊ីសង​លើ​អាមេរិក​ផ្ទាល់ ដោយ​លោក ពូ​ទីន និយាយថា លោក​នាទី​អ្វី​ទៅ​រៀបចំ ឬ​វាយតម្លៃ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ​។ បែបនេះ​ក្ដី រុស្ស៊ី​ក៏​មិន​អាចធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​កូរ៉េខាងជើង​នេះដែរ ហើយ​រុស្ស៊ី​ទៅវិញ​ទេ​ដែល​ត្រូវ​បារម្ភ​ខ្លាំង​ជាង​អាមេរិក​នោះ ព្រោះ​រុស្ស៊ី​ក៏មាន​ព្រំដែន​ជាប់​កូរ៉េខាងជើង​។ ឯ​ទីកន្លែង​សាកល្បង​នុយក្លេអ៊ែរ​វិញ​មាន​ចំងាយ​ប្រហែល​២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទឹកដី​រុស្ស៊ី​។ 

«​តើ​អាមេរិក​នៅឯណា​? តើ​រុស្ស៊ី និង​កូរ៉េខាងជើង​នៅឯណា​? យើង​ព្រួយបារម្ភ​មិន​ចាញ់​អាមេរិក​ទេ​។ អាច​បារម្ភ​ច្រើនជាង​ផង​»​។ នេះ​ជា​សំណួរ​របស់​មេដឹកនាំ​រុស្ស៊ី ដែល​ទំនងជា​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក​ដែល​ស្ថិតនៅ​ត្រើយម្ខាង​ទៀត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ជារឿយៗ​គំរាម​ប្រើ​កម្លាំងបាយ​លើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​៕


Tag:
 ​រុស្ស៊ី​
  ឧបទ្វីប​កូរ៉េ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com