អន្តរជាតិ
លោក ពូ​ទីន ថា ប្រទេស​ជាច្រើន​ចង់​រកស៊ី​ជាមួយ​រុស្ស៊ី ព្រោះ​មិនចេះ​អនុវត្ត​ស្តង់ដា​ពីរ​ជាន់​
05, Oct 2017 , 9:39 pm        
រូបភាព
​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud បាន​ទៅដល់​ក្រុង​មូ​ស្គូ​នៅ​យប់​ថ្ងៃទី​៤ ខែតុលា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី​។ វត្តមាន​ព្រះ​ចៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​អាមេរិក​នៅ​រុស្ស៊ី ធ្វើ​ឲ្យ​មានការ​លើកឡើងថា ក្រុង​រី​យ៉ា​ដ​ចង់​ប្រើប្រាស់​មូ​ស្គូ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ យ៉ាងណាមិញ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន យល់ថា នេះ​មិនមែនជា​បញ្ហា​ទេ តែ​វា​បង្ហាញ​ពី​ភាព​ទាក់ទាញ​របស់​រុស្ស៊ី​។​



​នាឱកាស​ចូលរួម​សន្និសីទ​ថាមពល​ក្នុង​រដ្ឋធានី​មូ​ស្គូ​នៅ​ថ្ងៃទី​៤ ខែតុលា មេដឹកនាំ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន​សួរ​ដោយ​អ្នកសម្របសម្រួល​ម្នាក់​ជុំវិញ​ទស្សនកិច្ច​របស់​ព្រះ​ចៅ Salman bin Abdulaziz Al Saud នៃ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​រុស្ស៊ី​។ លោក John Fraher ជា​អ្នកសម្របសម្រួល​បាន​សួរ​ប្រធានាធិបតី​រុស្ស៊ី​ថា​មានការ​ព្រួយបារម្ភ​អ្វី​ទេ បើ​អា​រ៉ា​ប៊ី​សា​អូឌីត​យក​ទស្សនកិច្ច​លើក​នេះ​ដើម្បី​បំពេញ​ប្រយោជន៍​របស់ខ្លួន​នោះ​។​

​ជាការ​ឆ្លើយតប លោក​ប្រធានាធិបតី ពូ​ទីន ហាក់​មិន​ព្រួយបារម្ភ​នឹង​បញ្ហា​នេះ​ទេ ដោយ​លោក​និយាយ​អួតថា រុស្ស៊ី​មាន​ចំណុច​ទាក់ទាញ​ប្រទេស​ផ្សេង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា នោះ​គឺ​ភាពស្មោះត្រង់ និង​ការមិន​អនុវត្ត​ស្តង់ដា​ពីរ​ជាន់​។ បើតាម​សម្ដី​លោក ពូ​ទីន អត្តចរិត​ស្មោះត្រង់​នេះហើយ គឺជា​ចំណុច​ទាក់ទាញ​របស់​រុស្ស៊ី​ក្នុង​ក្រសែភ្នែក​ប្រទេស​ដទៃ ទោះបីជា​រុស្ស៊ី​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច​ក៏ដោយចុះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​

«​គុណសម្បត្តិ​ដែល​យើង​មាន គឺ​យើង​មិនដែល​បោក​បញ្ឆោត​ឡើយ​។ យើង​តែងតែ​ស្មោះត្រង់​ជាមួយ​ដៃគូ​របស់​យើង​ជានិច្ច ហើយ​យើង​តែងតែ​បើកចំហ​ជំហរ​ដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ពូ​ទីន ដែល​បន្តថា ភាពស្មោះត្រង់​នេះ​ធ្វើ​ឲ្យ​រុស្ស៊ី​ក្លាយជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​ប្រទេស​ដទៃ មិនមែន​ដោយសារ​សព្វាវុធ​ទេ​។ ចម្លើយ​របស់លោក ពូ​ទីន គឺជា​ដៀមដាម​អាមេរិក​ដែល​ទើប​លក់​អាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ទាក់ទង​ទស្សនកិច្ច​របស់​មហាក្សត្រ Salman ប្រធានាធិបតី​រុស្ស៊ី​ចាត់ទុកជា​ការអនុវត្ត​នយោបាយ​ការបរទេស​របស់​រដ្ឋ​មួយ​ប៉ុណ្ណោះ ហើយ​សម្ព័ន្ធភាព​រវាង​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត មិនមែនជា​ឧបសគ្គ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​មូ​ស្គូ និង​រី​យ៉ា​ដ​ដែរ​។ លោក ពូ​ទីន បាន​ព្រលយ​ពាក្យ​ថា គ្មានអ្វី​អចិន្ត្រៃយ៍​ឡើយ​លើ​ពិភពលោក​នេះ ហើយ​អ្វីៗ​គ្រប់យ៉ាង​តែង​ផ្លាស់ប្ដូរ​។​

​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែតុលា គឺជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​។ ក្រៅពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី កិច្ចព្រមព្រៀង​ជាច្រើន​នឹងត្រូវ​ចុះហត្ថលេខា ជាពិសេស​កិច្ចព្រមព្រៀង​លើ​ការវិនិយោគ​វិស័យ​បច្ចេកវិទ្យា និង​ថាមពល​ដែលមាន​តម្លៃ​ពីរពាន់​លាន​ដុល្លារ​។ វិបត្តិ​ស៊ី​រី ការកាត់បន្ថយ​ផលិតកម្ម​ប្រេង ក៏​ជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​រវាង​លោក ពូ​ទីន និង​មហាក្សត្រ Salman ដែរ​៕ 


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com