អន្តរជាតិ
ស្ទះផ្លូវ​៣០​នាទី ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សុខចិត្ត​ដើរ​ជាង​២​គីឡូម៉ែត្រ​
06, Oct 2017 , 11:00 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ អមដំណើរដោយមន្រ្តីយោធាជាន់ខ្ពស់ កំពុងដើរទៅកន្លែងប្រារព្ធពិធីកំណើតកងទ័ព (រូបភាព Kompas.com)
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ អមដំណើរដោយមន្រ្តីយោធាជាន់ខ្ពស់ កំពុងដើរទៅកន្លែងប្រារព្ធពិធីកំណើតកងទ័ព (រូបភាព Kompas.com)
​ការកកស្ទះ​ចរាចរណ៍​នៅ​ឥណ្ឌូណេស៊ី បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) សម្រេចចិត្ត​លើ​ចម្ងាយ​ផ្លូវ​ច្រើនជាង​ពីរ​គីឡូម៉ែត្រ​ដើម្បី​ឲ្យ​ទាន់​កម្មវិធី​ព្យុហយាត្រា​កងទ័ព​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​៥ ខែតុលា នៅ​ទីក្រុង​កំពង់ផែ Cilegon ។ សកម្មភាព​របស់លោក វី​ដូ​ដូ ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ឈរ​តាម​ដងផ្លូវ​សាទរ​យ៉ាង​ខ្លាំង និង​បាន​ស្រែក​ឈ្មោះ​របស់លោក​យ៉ាង​កងរំពង​ផងដែរ​។​



​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ដើម្បី​ចូលរួម​កម្មវិធី​ថ្ងៃកំណើត​កងទ័ព​ឥណ្ឌូណេស៊ី ដែល​ធ្វើឡើង​នៅ​ទីក្រុង Cilegon ដែល​ត្រូវ​ប្រើពេល​ធ្វើដំណើរ​ពីរ​ម៉ោង​កន្លះ​ពី​រដ្ឋធានី​ហ្សា​ការ​តា​។ ក្បួន​រថយន្ត​របស់លោក វី​ដូ​ដូ បាន​ស្ទះ​ជាប់​មិនអាច​ធ្វើដំណើរ​ទៅមុខ​បាន​ទៀតឡើយ ព្រោះ​ផ្លូវ​កកកុញ​ដោយ​ប្រជាជន​ដែល​រង់ចាំ​ទស្សនា​ព្យុហយាត្រា​យោធា ខណៈដែល​កន្លែង​ប្រារព្ធ​ពិធី​ស្ថិត​ចម្ងាយ​ជាង​ពីរ​គីឡូម៉ែត្រ​ទៀត​។​

​បើតាម​សារព័ត៌មាន The Jakarta Post បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​៣០​នាទី ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានសម្រេច​ចិត្ត​ពេល​អង្គុយ​ក្នុង​រថយន្ត​ថា លោក​នឹង​ដើរទៅ​កន្លែង​ប្រារព្ធ​ពិធី​តែម្ដង​។  លោក វី​ដូ​ដូ បាន​ដើរ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ក្រហែង​ទាំង​សម្លៀកបំពាក់​អាវធំ និង​អមដោយ​មន្ត្រី​ជាច្រើន​ដូចជា​អគ្គបញ្ជាការ​កងទ័ព Gatot Nurmantyo មេ​ប៉ូលិស​ជាតិ Tito Karnavian និង​រដ្ឋមន្ត្រី​ការពារជាតិ Ryamizard Ryacudu ។​

​មិន​ត្រឹមតែ​ប្រធានាធិបតី និង​មន្ត្រីជាន់ខ្ពស់​ឡើយ​ដែល​បង្ខំចិត្ត​ដើរ​នោះ យោធា​ឥ​ណ្ឌ​ណេ​ស៊ី​ដែល​ត្រូវ​ចូលរួម​កម្មវិធី​នេះ​ក៏ត្រូវ​ចុះ​ពី​រថយន្ត​របស់​ពួកគេ និង​ដើរទៅ​កាន់​កំពង់ផែ PT Indah Kiat ដែលជា​កន្លែង​ប្រមូលផ្ដុំ​ឲ្យ​បាន​កម្មវិធី​ចាប់ផ្ដើម​នៅ​ម៉ោង​៧ និង​៣០​នាទី​។ អវត្តមាន​លោក វី​ដូ​ដូ ធ្វើ​ឲ្យ​ពិធី​នេះ​ពន្យារពេល​ជាង​មួយ​ម៉ោង ហើយ​រហូតដល់​លោក វី​ដូ​ដូ ដើរ​ដល់​កន្លែង​ប្រារព្ធ​ពិធី​នៅ​ម៉ោង​៨ និង​៤០​នាទី ទើប​កម្មវិធី​ចាប់ផ្ដើម​។  

​ឧ​ត្ត​ម​សេនីយ៍ Gatot បាន​សុំទោស​ប្រធានាធិបតី និង​មន្ត្រី​ទាំងអស់​ដែលជា​ប់​ខ្លួន​ក្នុងការ​ស្ទះចរាចរណ៍​នៅ​ថ្ងៃទី​៥ ខែតុលា​។ ថ្លែង​ក្នុង​ថ្ងៃ​ខួបកំណើត​កងទ័ព លោក Gatot និយាយថា លោក​ពិតជា​សុំទោស​ដែល​មន្ត្រី​ទាំងអស់​ត្រូវ​ជិះ​ម៉ូតូឌុប​មកកាន់​ទីនេះ ស្រប​ដែល​លោក​ប្រធានាធិបតី​ត្រូវ​ដើរ​ជាង​ពីរ​គីឡូម៉ែត្រ​។ លោក​បន្តថា ប្រជាជន​បានមក​កាន់​កន្លែង​ប្រារព្ធ​ពិធី​តាំងពី​ម៉ោង​២​ព្រឹក ដែល​នេះ​បង្ហាញ​ពី​ការស្រឡាញ់​ចំពោះ​កងទ័ព​៕


Tag:
 ឥណ្ឌូណេស៊ី​
  Joko Widodo
© រក្សាសិទ្ធិដោយ thmeythmey.com