អន្តរជាតិ
ការផ្តាច់​ខ្លួន​នៃ​ទឹកដី​កាតា​ឡូ​នី​-​កូ​សូ​វ៉ូ​៖ អឺរ៉ុប​កំពុង​អនុវត្ត​ស្តង់ដា​ពីរ​ជាន់​?
06, Oct 2017 , 2:21 pm        
រូបភាព
ទង់អឺរ៉ុបព្យួរក្បែរទង់តំបន់កាតាឡូនី (រូបភាព៖ Reuters)
ទង់អឺរ៉ុបព្យួរក្បែរទង់តំបន់កាតាឡូនី (រូបភាព៖ Reuters)
​ប្រជាមតិ​នៅ​តំបន់​កាតា​ឡូ​នី (Catalonia) កាលពី​ចុង​សប្ដាហ៍​មុន​ដើម្បី​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ នៅតែ​ជា​រឿង​មិន​ដាច់​មិន​ស្រេច​។ អេ​ស្ប៉ា​ញ និង​អឺរ៉ុប បាន​បដិសេធ​ទទួលស្គាល់​លទ្ធផល​ប្រជាមតិ​ដែល​បង្ហាញថា អ្នកបោះឆ្នោត​កាតា​ឡូ​នី​៩០​ភាគរយ​គាំទ្រ​ការប្រកាស​ឯករាជ្យ ដោយ​ចាត់ទុកជា​រឿង​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​អេ​ស្ប៉ា​ញ​ផ្ទាល់​ផង និង​ច្បាប់​អន្តរជាតិ​ផង​។ ជុំវិញ​ករណីនេះ អឺរ៉ុប​បាន​ក៏​រង​ការរិះគន់​ខ្លាំង​ពីរ​ដ្ឋ​សមាជិក​ខ្លះ ដោយបាន​យក​ករណី​កាតា​ឡូ​នី​ទៅ​ប្រៀបធៀប​ការផ្ដាច់​ខ្លួន​របស់​កូ​សូ​វ៉ូ​ពី​សែ​ប៊ី​។

  

​សហភាព​អឺរ៉ុប​បានប្រកាស​គាំទ្រ​អេ​ស្ប៉ា​ញ​ពេញទំហឹង​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជាមួយ​តំបន់​កាតា​ឡូ​នី​ដោយ​ចាត់ទុកជា​រឿង​ខុសច្បាប់​។ អឺរ៉ុប​ក៏​គាំទ្រ​រដ្ឋាភិបាល​ម៉ា​ឌ្រី​ដដែល​ប្រើប្រាស់​កម្លាំង​ប្រឆាំង​បាតុករ​រហូត​បណ្តាល​ឲ្យ​បាតុករ​យ៉ាងហោចណាស់ ៩០០​នាក់​រងរបួស​ផង​កាលពី​ថ្ងៃ​ធ្វើ​ប្រជាមតិ​ទី​១ ខែតុលា​។ ថ្វីបើ​មានការ​ប្រឆាំង​ពី​រដ្ឋាភិបាលកណ្ដាល​ក្តី មេដឹកនាំ​តំបន់​កាតា​ឡូ​នី​ដែល​បាន​ដឹកនាំ និង​រៀបចំ​ប្រជាមតិ​នេះ​នៅតែ​អះអាងថា ខ្លួន​នឹង​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ពី​អេ​ស្ប៉ា​ញ​ឲ្យ​បាន​។​

​ការគាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ពី​សំណាក់​ស្ថាប័ន​កំពូល​អឺរ៉ុប ធ្វើ​ឲ្យ​សមាជិក​អឺរ៉ុប​ខ្លះ​មិន​ពេញចិត្ត​ឡើយ​។ សែ​ប៊ី​ដែលជា​សមាជិក​មកពី​អឺរ៉ុប​ខាងកើត បាន​ហៅ​សកម្មភាព​របស់​អឺរ៉ុប​ជាការ​អនុវត្ត​ស្តង់ដា​ពីរ​ជាន់ ព្រោះ​អឺរ៉ុប​បាន​ទាត់ចោល​ប្រជាមតិ​ដើម្បី​ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតា​ឡូ​នី តែ​បែរជា​ទទួលស្គាល់​ការ​បំបែក​រដ្ឋ​របស់​កូ​សូ​វ៉ូ​ដែល​គ្មាន​ទាំង​ការធ្វើប្រជាមតិ​អ្វី​សោះឡើយ​កាលពី​ឆ្នាំ​២០០៨ ។​

​បើតាម​សារព័ត៌មាន RT ប្រធានាធិបតី​សែ​ប៊ី Aleksandar Vucic បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​អ្នក​ប្រកាស​ការផ្ដាច់​ខ្លួន​របស់​កូ​សូ​វ៉ូ​ជា​រឿង​ស្របច្បាប់​យ៉ាងដូចម្ដេច ហើយ​សមាជិក​អឺរ៉ុប​ចំនួន​២២​ប្រទេស​ទទួលស្គាល់​ការផ្ដាច់​ខ្លួន​នេះ​តាម​ណា​? ខណៈ​ពួកគេ​កំពុង​បំផ្លាញ​ច្បាប់ និង​គោលការណ៍​ច្បាប់​របស់​អឺរ៉ុប​នោះ តើ​គោលនយោបាយ​របស់​អឺរ៉ុប​ពឹង​ផ្អែកលើ​អ្វី​?»

​កាតា​ឡូ​នី និង​កូ​សូ​វ៉ូ ជា​ស្ថានភាព​ពីរ​ខុសគ្នា​

​ខណៈ​មានការ​រិះគន់ថា​អឺរ៉ុប​កំពុង​អនុវត្ត​ស្តង់ដា​ពីរ​ជាន់ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ម្នាក់​ចេញមក​ទាត់ចោល​ការចោទប្រកាន់​នេះ និង​អះអាងថា ច្បាប់​អន្តរជាតិ​ត្រូវបាន​ទទួលស្គាល់​ជាស​កល ហើយ​អឺរ៉ុប​គោរព​ច្បាប់​អន្តជាតិ​ពេញទំហឹង​។ នៅ​ដើម​សប្ដាហ៍​នេះ លោកស្រី Maja Kocijancic និយាយថា បញ្ហា​កាតា​ឡូ​នី និង​កូ​សូ​វ៉ូ គឺជា​រឿង​មិនអាច​ប្រៀបធៀប​គ្នា​បានឡើយ ព្រោះ​សំណុំរឿង​កូ​សូ​វ៉ូ ជា​ករណី​ពិសេស​។

​ជុំវិញ​ករណីនេះ លោក Marko Gasic អ្នកជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ យល់ថា អឺរ៉ុប​មិនមែន​អនុវត្ត​ស្តង់ដា​ពីរ​ជាន់​ទេ គ្រាន់​តែមាន​ស្តង់ដា​ទាប​ប៉ុណ្ណោះ​ក្នុងការ​អនុវត្ត​ច្បាប់​អន្តរជាតិ ក៏ដូចជា​ការគោរព​ច្បាប់​ដែរ​។ លោក​បន្តថា ការណ៍​ដែល​អឺរ៉ុប​ទទួលស្គាល់​កូ​សូ​វ៉ូ ក៏​ព្រោះ​រដ្ឋ​នេះ​មិនមែនជា​សមាជិក​របស់​ខ្លួន ហើយ​ខុសពី​គ្នា​ពី​កូ​សូ​វ៉ូ កាតា​ឡូ​នី​ជា​ផ្នែក​របស់​អេ​ស្ប៉ា​ញ ដែលជា​សមាជិក​ពេញសិទ្ធិ​របស់​អឺរ៉ុប​។ លោក Gasic ចាត់ទុក​អាកប្បកិរិយា​របស់​អឺរ៉ុប​ជា​ការមិនទទួលស្គាល់​ការពិត​។​

​ចំពោះ​ការ​បំបែក​រដ្ឋ​របស់​កូ​សូ​វ៉ូ ចលនា​ទាមទារ​ឯករាជ្យ​ចាប់ផ្ដើម​តាំងពី​សែ​ប៊ី​ស្ថិតក្នុង​អតីត​រដ្ឋ​យូ​ហ្គោ​ស្លា​វី​ក្នុង​ទសវត្សរ៍​១៩៩០ មកម្ល៉េះ​។ សម្ព័ន្ធ​យោធា​ណា​តូ​ក៏​បើក​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​លើ​យូ​ហ្គោ​ស្លា​វី ជាពិសេស​ទីក្រុង​បែ​ល​ក្រា​ដ​។ ក្រោយ​ការទាមទារ​ជាច្រើន​ឆ្នាំ កូ​សូ​វ៉ូ​ក៏​ប្រកាស​ឯករាជ្យ​ពី​សែ​ប៊ី​ក្នុង​ឆ្នាំ​២០០៨ ដោយមាន​អាមេរិក និង​អឺរ៉ុប​គាំទ្រ ទោះជា​សែ​ប៊ី និង​សម្ព័ន្ធមិត្ត​ជំទាស់​ដាច់ខាត​ក៏ដោយ​។​

​ចំណែក​សាវតារ​មូលហេតុ​នៃ​ការ​ឈានទៅ​ទាមទារ​ប្រកាស​ឯករាជ្យ​របស់​កាតា​ឡូ​នី គឺពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នេះ​ផ្ទាល់​ដែលមាន​ភាសា វប្បធម៌ ប្រពៃណី​ខុសពី​អេ​ស្ប៉ា​ញ​ទូទៅ​នោះ​។ ម្យ៉ាង​ក្រុម​អ្នក​ជាតិនិយម​បាន​បន្ត​ទាមទារ​កំណត់​អធិបតេយ្យ​របស់ខ្លួន​ជា​បន្ទាប់​ដោយ​ការធ្វើប្រជាមតិ ចាប់ពី​មុន​មាន​សង្គ្រាមស៊ីវិល​អេ​ស្ប៉ា​ញ (១៧០១-១៧១៣) មកម្ល៉េះ​។ ក្រោយ​សង្គ្រាម តំបន់ Catalonia រួមរស់​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ​ដោយមាន​ស្វ័យភាព​ធំ​ទូលាយ​។​

​អតីត​អ្នកការទូត​អង់គ្លេស William Mallinson រៀបរាប់ថា​៖ «​កូ​សូ​វ៉ូ​មាន​លក្ខណៈ​ជា​ផ្នែក​មួយ​របស់​សែ​ប៊ី ជាជាង​កាតា​ឡូ​នី​មាន​លក្ខណៈ​ជា​ទឹកដី​របស់​អេ​ស្ប៉ា​ញ​ទៅទៀត​»៕


Tag:
 អឺរ៉ុប​
  អេ​ស្ប៉ា​ញ​
  Catalonia
  កូ​សូ​វ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com