អន្តរជាតិ
លោក ត្រាំ ហៅ​មេទ័ព​កំពូលៗ​មកជួប​នៅ​សេត​វិមាន ដើម្បី​ពិភាក្សា​រឿង​កូរ៉េខាងជើង​និង​អ៊ីរ៉ង់​
06, Oct 2017 , 3:51 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយមេទ័ពកំពូលៗនៅសេតវិមាន (រូបភាព៖ Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយមេទ័ពកំពូលៗនៅសេតវិមាន (រូបភាព៖ Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែតុលា បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើនរូប​នៅ​សេត​វិមាន​លើ​ប្រធានបទ​កូរ៉េខាងជើង និង​អ៊ីរ៉ង់​។ លោក ត្រាំ ចាត់ទុក​ជំនួប​នេះ​ជា «​ភាពស្ងប់ស្ងាត់​មុន​ព្យុះ​មកដល់​» ដែល​អាចជា​ជំនួប​ស្វែងរក​ច្រកចេញ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង និង​អ៊ីរ៉ង់​។ ឆ្លៀតឱកាស​នោះ លោក ត្រាំ នៅតែ​អះអាងថា លោក​នឹង​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​នេះ​។​



​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស នាយ​សេ​ធិ​ការ​ចម្រុះ​កងទ័ព ចូ​សេ​ហ្វ ដាន់​ហ្វ​ត មេបញ្ជាការ​កងទ័ព​ទាំងអស់ និង​មេបញ្ជាការ​កងទ័ព​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ហារី ហារី​ស បាន​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន ដើម្បី​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​អ៊ីរ៉ង់​។ ជំនួប​នេះ​បាន​ផ្ដោត​សំខាន់​លើ​ការចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ក៏ដូចជា​ការរារាំង​អ៊ីរ៉ង់​ពី​ការផលិត​នុយក្លេអ៊ែរ​ផងដែរ​។​

​ពី​ក្នុង​បន្ទប់​លាង​សាយភោជន៍​នៃ​សេត​វិមាន លោក ត្រាំ ដែល​ឈរ​អមដោយ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​ជាច្រើនរូប បាន​និយាយថា​៖ «​អ្នក​ទាំងអស់គ្នា​ដឹងថា​ជំនួប​នេះ​តំណាង​ឲ្យ​អ្វី​ទេ​។ ប្រហែលជា​ភាពស្ងប់ស្ងាត់​មុន​ព្យុះ​មកដល់​ហើយ​»​។ ភ្លាមនោះ អ្នកសារព័ត៌មាន​ដែល​រង់ចាំ​ថតរូប​ក៏​សួរ​លោក ត្រាំ ថា ព្យុះ​អ្វី​ទៅ​? ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​ឆ្លើយ​វិញ​ថា អ្នកនឹង​ដឹង​នៅពេល​ក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក ត្រាំ បញ្ជាក់​ច្បាស់ៗ​ទៅកាន់​បណ្ដា​មេទ័ព​កំពូលៗ​ថា គោលដៅ​របស់​អាមេរិក គឺ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​របប​ផ្ដាច់ការ​មួយ​នេះ​គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ឡើយ​។ ដោយ​ចង់​សំដៅ​ដល់​ការប្រើ​កម្លាំង​ទ័ព​បញ្ចប់​បញ្ហា លោក ត្រាំ ក៏​បង្ហាញ​ជំនឿ​ចិត្ត​ដែរ​ថា អ្វី​គ្រប់យ៉ាង​នឹង​ចេញ​ជា​លទ្ធផល បើ​អាមេរិក​ពិតជា​ចាត់វិធានការ​មែន​នោះ​។

​ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក​ដែល​គំរាម​កម្ទេច​កូរ៉េខាងជើង​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ខែកញ្ញា ក៏​ប្រាប់​ឲ្យ​មន្ត្រី​យោធា​ទាំងអស់​ផ្ដល់​ជម្រើស​ផ្នែក​យោធា​ឲ្យ​ទាន់ពេល ក្នុងករណី​លោក​ត្រូវការ​។ «​ខ្ញុំ​រំពឹងថា អ្នក​ទាំងអស់គ្នា​នឹង​រៀបចំ​ជម្រើស​យោធា​ឲ្យ​បាន​ច្រើន​សម្រាប់​ខ្ញុំ​ឲ្យ​បាន​លឿន​បំផុត ព្រោះ​ប្រព័ន្ធ​ការិយាធិបតេយ្យ​រដ្ឋាភិបាល​យឺត​ណាស់​។ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​អ្នក​ទាំងអស់​ដើម្បី​ជម្នះ​ការលំបាក​នេះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ត្រាំ ។​

​កន្លងមក លោក​ប្រធានាធិបតី ត្រាំ ធ្លាប់​លើកឡើងថា យោធា​មិនមែនជា​ជម្រើស​អាទិភាព​ទីមួយ​សម្រាប់​លោក​ឡើយ គឺជា​ជម្រើស​ទី​ពីរ​ប៉ុណ្ណោះ ប៉ុន្តែ​ជម្រើស​នេះ​បាន​ត្រៀម​រួចស្រេច​អស់ហើយ​។ សម្រាប់​លោក ត្រាំ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នៅតែ​ជាការ​ងារ​ចម្បង ទោះជា​លោក​ធ្លាប់​សារភាពថា គ្មាន​ប្រសិទ្ធភាព​ក៏ដោយចុះ​។ លោក ត្រាំ ក៏បាន​គំរាម​ទុក​ហើយ​ថា ក្នុងករណី​លោក​ប្រើប្រាស់​យោធា កូរ៉េខាងជើង​នឹង​វិនាស​មិន​ខាន​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com