អន្តរជាតិ
នាវា​ដឹក​យន្តហោះ និង​នាវាមុជទឹក​អាមេរិក​ទៅធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​
07, Oct 2017 , 12:59 pm        
រូបភាព
​នាវាចម្បាំង​អាមេរិក​មួយ​កង​បាន​ទៅដល់​ដែនទឹក​ឧបទ្វីប​កូរ៉េ​ដើម្បី​ធ្វើ​សមយុទ្ធ​ជាមួយ​យោធា​កូរ៉េខាងត្បូង​ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២០ ខែតុលា​។ សមយុទ្ធ​នេះ​មាន​គោលដៅ​បង្អួត​កម្លាំងយោធា​របស់​សម្ព័ន្ធមិត្ត​អាមេរិក និង​កូរ៉េខាងត្បូង ប្រឈមមុខ​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយ​ម្ដង​ហើយ​ម្ដង​ទៀតហើយ​ថា អាមេរិក​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​ខ្លួនឯង និង​សម្ព័ន្ធមិត្ត​។



​នាវា​ដឹក​យន្តហោះ​ដ៏​ធំ​របស់​អាមេរិក USS Ronald Regan ដែល​អម​កប៉ាល់ចម្បាំង​មួយគ្រឿង និង​នាវាមុជទឹក​មួយគ្រឿង​ស្ថិត​លើផ្លូវ​ទៅកាន់​កូរ៉េខាងត្បូង​។ នៅត្រឹម​ថ្ងៃទី​៦ ខែតុលា នាវា​អាមេរិក​ទាំងបី​គ្រឿង​នេះ​ស្ថិតក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ដំណើរ​ទៅកាន់​ឧបទ្វីប​កូរ៉េ​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​កូរ៉េខាងត្បូង​និយាយថា សមយុទ្ធ​រួមគ្នា​នេះ​នឹង​ផ្ដោត​សំខាន់​លើ​លំ​ហាត់​ចាប់​សញ្ញា តាមដាន និង​បាញ់​ស្កាត់​មី​ស៊ី​ល ក៏ដូចជា​លំ​ហាត់​ប្រឆាំង​នាវាមុជទឹក​ដែរ​។ លំ​ហាត់​នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ទទួលជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​ជា​បន្តបន្ទាប់ ដែល​កូរ៉េខាងជើង​អះអាងថា អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ឯណោះ​។

​លោក Marc Dalton មេបញ្ជាការ​កង​នាវា USS Ronald Regan និយាយថា សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង គឺជា​ការប្រុងប្រៀប​ខ្លួន​របស់​អាមេរិក​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ក៏ដូចជា​ការថែរក្សា​ស្ថិរភាព​តំបន់​ដែរ​។ មេបញ្ជាការ​រូបនេះ​បន្តថា អាមេរិក​មាន​ជំហរ​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ងាក​មក​ដើរ​លើផ្លូវ​ត្រូវ​វិញ​។​

​ច្បាស់​ណាស់​ថា គម្រោង​ធ្វើ​សមយុទ្ធ​លើក​នេះ​ប្រាកដជា​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។ កាលពីមុន​សមយុទ្ធ​រួមគ្នា​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​កាលពី​ខែសីហា ក្រុង​ព្យុងយ៉ាង​ធ្លាប់​គំរាម​ឆ្លើយតប​ដោយ​មិន​ត្រា​ប្រណី​មិន​ខាន​។ របប​ដឹកនាំ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​តែង​ចាត់ទុក​សមយុទ្ធ​រួមគ្នា​ជាការ​ត្រៀម​របស់​អាមេរិក​ដើម្បី​ឈ្លានពាន​ខ្លួន ហើយ​ដែល​អាច​រាលដាល​ក្លាយជា​សង្គ្រាម​ទ្រង់ទ្រាយ​មិន​ខាន​។​

​ចំណែកឯ​ក្រុង​វ៉ាស៊ីនតោន​បដិសេធ​ដាច់ខាត​ក្នុងការ​បន្ថយ​ទំហំ​សមយុទ្ធ​នេះ និង​ចាត់ទុក​នេះ​ជា​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន និង​ក្រុង​សេ​អ៊ូ​ល ហើយ​លំ​ហាត់​នេះ​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​ឡើយ​។ ក្នុង​មួយឆ្នាំៗ អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាច្រើនលើក ទាំង​កម្លាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ហើយ​ពេលខ្លះ​ក៏មាន​វត្តមាន​ទ័ព​ជប៉ុន​ដែរ​។ ជារឿយៗ​ក្រោយ​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល កូរ៉េខាងត្បូង​ក៏៏​បាន​បាញ់​មី​ស៊ី​ល​ឆ្លើយតប​វិញ​ផងដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com