អន្តរជាតិ
អាមេរិក​បញ្ចប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​២០​ឆ្នាំ​លើ​ស៊ូដង់​
07, Oct 2017 , 8:39 pm        
រូបភាព
​អាមេរិក​បានសម្រេច​ចិត្ត​លុបចោល​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​រយៈពេល​២០​ឆ្នាំ​លើ​រដ្ឋ​អាហ្វ្រិក​ស៊ូដង់ ដោយ​លើកឡើងថា រដ្ឋាភិបាល​ស៊ូដង់​ធ្វើ​សកម្មភាព​វិជ្ជមាន​ក្នុងការ​ដោះស្រាយ​ជម្លោះ​ក្នុងប្រទេស ក៏ដូចជា​ចាប់ដៃ​ជាមួយ​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​។ ក្រុង​ខា​ទុំ​បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ធ្វើឡើង​ក្រោយ​ការចរចា​អស់​ពេល​ជាច្រើន​ខែ​រួចមក​នោះ​។​



​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៦ ខែតុលា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជុំវិញ​ការលុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​លើ​ស៊ូដង់ ដែល​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩៧ មក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert និយាយថា ការលុបចោល​ទណ្ឌកម្ម​នេះ​នឹងមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​១២ ខែតុលា​តទៅ​។​

​ទាក់ទង​ហេតុផល​នៃ​ការលុបចោល​នេះ សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​បញ្ជាក់ថា ស៊ូដង់​បានធ្វើ​សកម្មភាព​វិជ្ជមាន​ក្នុងការ​ទប់ស្កាត់​ចំនួន​មនុស្ស​ស្លាប់​ក្នុង​តំបន់​ជម្លោះ​របស់ខ្លួន បង្កើន​ការផ្ដល់​ជំនួយ​មនុស្សធម៌​នៅ​ទូទាំងប្រទេស ក៏ដូចជា​បាន​រក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​តំបន់ និង​ការគំរាមកំហែង​នៃ​ភេរវកម្ម​និយម​។ ប៉ុន្តែ​ទណ្ឌកម្ម​ខ្លះ​នៅតែ​បន្ត​អនុវត្ត ហើយ​ស៊ូដង់​នៅតែ​ស្ថិតក្នុង​បញ្ជី​ប្រទេស​គាំទ្រ​ភេរវកម្ម​ដដែល​។​

​យោងតាម​សារព័ត៌មាន Al Jazeera រដ្ឋាភិបាល​ស៊ូដង់​របស់​ប្រធានាធិបតី Omar al Bashir បង្ហាញ​ក្ដី​រីករាយ​ខ្លាំង​ចំពោះ​ការដក​ទណ្ឌ​កម្មនេះ និង​ចាត់ទុកជា​ជំហាន​វិជ្ជមាន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ល្អប្រសើរ​។ ស៊ូដង់​ក៏បាន​ស្នើ​ឲ្យ​អាមេរិក​ផ្អាក​ទណ្ឌកម្ម​ដែល​នៅ​សេសសល់​បន្ថែមទៀត​។ ដោយមាន​ឈ្មោះ​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរ​វករ អាមេរិក​បាន​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឲ្យ​ស៊ូដង់ និង​រឹតត្បិត​ការផ្ដល់​ជំនួយ​ផងដែរ​។​

​ក្រសួងការបរទេស​ស៊ូដង់​បញ្ជាក់ថា ការសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​នេះ​ជួយ​ឲ្យ​ស៊ូដង់​សហការ​ជាមួយ​អាមេរិក​លើ​បញ្ហា​អន្តរជាតិ​ជាច្រើន​ដូចជា​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ អន្តោប្រវេសន៍ និង​ការជួញដូរ​មនុស្ស​ខុសច្បាប់ ព្រមទាំង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ផងដែរ​។ យ៉ាងណាក្ដី ក្រុង​ខា​ទុំ​នៅតែ​ទទូច​ឲ្យ​អាមេរិក​ដក​ឈ្មោះ​ខ្លួន​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​និយម ព្រោះ​គ្មាន​មូល​ហេតុដែល​ស៊ូដង់​ត្រូវមាន​ឈ្មោះ​បែប​នោះទេ​។​

​ការសម្រេចចិត្ត​លុបចោល​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើឡើង​បន្ទាប់ពី​ការចរចា​អស់​ពេល​១៦​ខេ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ខា​ទុំ​។ ការពិភាក្សា​ចាប់ផ្ដើម​នៅ​ចុង​អាណត្តិ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ផ្អាក​ទណ្ឌកម្ម​ខ្លះៗ​រូ​ច​មកហើយ​ដែរ​។ ការសម្រួល​ទណ្ឌកម្ម​នេះ បាន​ផ្អែកលើ​សកម្មភាព​របស់​ស៊ូដង់​ដែល​ស្រោចស្រង់​ស្ថិរភាព​ក្នុងប្រទេស​គួរ​ឲ្យ​កត់សម្គាល់ ទោះ​ជាមាន​ជម្លោះ​បន្ត​កើតឡើង​ក្ដី​៕  


Tag:
 អាមេរិក​
  ស៊ូដង់​
  អាហ្វ្រិក​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com