អន្តរជាតិ
ត្រាំ ថា មាន​ផ្លូវ​តែមួយគត់​ទើប​អាច​ចាត់ការ​កូរ៉េខាងជើង​បាន​
08, Oct 2017 , 9:39 pm        
រូបភាព
​ពីរ​ថ្ងៃក្រោយ​ជួប​ជាមួយ​មេទ័ព​កំពូលៗ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺមាន​ផ្លូវ​តែមួយគត់​។ យ៉ាងណាក្ដី លោក ត្រាំ មិនបាន​បង្ហើប​ពី​មធ្យោបាយ​តែមួយគត់​នោះឡើយ តែ​លោក​បាន​បញ្ជាក់ថា ការប្រឹងប្រែង​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក​មុនៗ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ មិន​ទទួលបាន​ផ្លែផ្កា​អ្វី​ទេ ខណៈ​កូរ៉េខាងជើង​ចេះតែ​បំពាន​ម្ដង​ហើយ​ម្ដងទៀត​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែតុលា បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​លើ​បណ្ដាញ​សង្គម Twitter ជុំវិញ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក ត្រាំ បាន​អះអាងថា សម្រាប់​បញ្ហា​កូរ៉េខាងជើង​មាន​ច្រកចេញ​តែមួយគត់ ព្រោះ​ការព្យាយាម​របស់​អតីត​ប្រធានាធិបតី​មុនៗ​មិនបាន​សម្រេច​អ្វី​ជា​ដុំកំភួន​ឡើយ​។ ប៉ុន្តែ​លោក ត្រាំ បាន​លាក់បាំង​ដំណោះស្រាយ​តែមួយគត់​ដែល​លោក​បាន​បង្ហើប​នោះ​។

«​ប្រធានាធិបតី​មុន និង​រដ្ឋបាល​ពួកគេ​បាន​ជជែក​ជាមួយ​កូរ៉េខាងជើង​អស់​ពេល​២៥​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​ជាច្រើន​លេច​ជា​រូបរាង និង​លុយ​ជាច្រើន​ត្រូវបាន​ចំណាយ​។ ប៉ុន្តែ​គ្មាន​បាន​ផល​ទេ ឯ​កិច្ចព្រមព្រៀង​ត្រូវបាន​បំពាន​មុនពេល​ទឹកខ្មៅ​ស្ងួត​ទៅទៀត ធ្វើ​ឲ្យ​អ្នកចរចា​អាមេរិក​ភ្ញាក់ផ្អើល​ខ្លាំង​។ សុំទោស​! មាន​ផ្លូវ​តែមួយគត់​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​»​។ នេះ​ជា​សារ​ប្រធានាធិបតី​អាមេរិក​បង្ហោះ​លើ Twitter របស់ខ្លួន​។​

​ទោះជា​លោក ត្រាំ មិន​ពន្យល់​ឲ្យ​ច្បាស់លាស់​ពី​ច្រកចេញ​ក្ដី គេ​អាច​យល់ថា​បាន លោក​ចង់​សំដៅ​ដល់​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នេះ​។ តាំងពីដើម​មក​នោះ លោក ត្រាំ តែង​គំរាម​ប្រើ​ធម៌​ក្ដៅ​ដាក់​កូរ៉េខាងជើង បើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​នៅតែ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ដើម្បី​គំរាម​អាមេរិក​នោះ​។ កាលពី​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក ត្រាំ ថែមទាំង​គំរាម​កម្ទេច​កូរ៉េខាងជើង​ជា​ចំហ​ទៀតផង​។​

​នៅ​ថ្ងៃទី​៥ ខែតុលា លោក ត្រាំ ក៏បាន​កោះហៅ​បណ្ដា​មេទ័ព​កំពូល​មកជួប​នៅ​សេត​វិមាន​ដើម្បី​ពិភាក្សា រឿង​កូរ៉េខាងជើង​នេះ​។ លោក​ប្រធានាធិបតី​អាមេរិក​ចាត់ទុក​ជំនួប​នេះ​ជា «​ភាពស្ងប់ស្ងាត់​មុន​ព្យុះ​មកដល់​» ដែល​អាចជា​ជំនួប​ស្វែងរក​ច្រកចេញ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​។ ឆ្លៀតឱកាស​នោះ លោក ត្រាំ ក៏​ប្រាប់​ឲ្យ​មន្ត្រី​យោធា​ទាំងអស់​ផ្ដល់​ជម្រើស​ផ្នែក​យោធា​ឲ្យ​ទាន់ពេល ក្នុងករណី​លោក​ត្រូវការ​ផងដែរ​។​

​កន្លងមក លោក​ប្រធានាធិបតី ត្រាំ ធ្លាប់​លើកឡើងថា យោធា​មិនមែនជា​ជម្រើស​អាទិភាព​ទីមួយ​សម្រាប់​លោក​ឡើយ គឺជា​ជម្រើស​ទី​ពីរ​ប៉ុណ្ណោះ ប៉ុន្តែ​ជម្រើស​នេះ​បាន​ត្រៀម​រួចស្រេច​អស់ហើយ​។ ចំពោះ​លោក ត្រាំ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នៅតែ​ជាការ​ងារ​ចម្បង​របស់​រដ្ឋបាល​លោក ទោះជា​លោក​ធ្លាប់​សារភាពថា គ្មាន​ប្រសិទ្ធភាព​ក៏ដោយចុះ​។ លោក ត្រាំ ក៏បាន​គំរាម​ទុក​ហើយ​ថា ក្នុងករណី​លោក​ប្រើប្រាស់​យោធា កូរ៉េខាងជើង​នឹង​វិនាស​មិន​ខាន​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com