អន្តរជាតិ
នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​៖ កាតា​ឡូ​នី​អាច​បាត់បង់​សិទ្ធិ​ស្វយ័ត បើ​ហ៊ាន​ប្រកាស​ឯករាជ្យ​
09, Oct 2017 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីអេស្ប៉ាញ Mariano Rajoy (រូបភាព៖ Xinhua)
នាយករដ្ឋមន្រ្តីអេស្ប៉ាញ Mariano Rajoy (រូបភាព៖ Xinhua)
​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Mariano Rajoy បាន​គំរាម​ដកសិទ្ធិ​ស្វយ័ត​របស់​តំបន់​កាតា​ឡូ​នី បើ​មេដឹកនាំ​តំបន់​នេះ​បន្ត​ជម្នះ​ប្រកាស​ឯករាជ្យ​ទៀត​នោះ​។ រដ្ឋាភិបាល​តំបន់​កាតា​ឡូ​នី​បានប្រកាស​ផែនការ​ប្រកាស​ឯករាជ្យ​របស់ខ្លួន ក្រោយ​ការធ្វើប្រជាមតិ​ហិង្សា​ដែល​អ្នកបោះឆ្នោត​៩០​ភាគរយ​យល់ព្រម​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ​។ រដ្ឋាភិបាល​ម៉ា​ឌ្រី​ដ​បាន​ជំទាស់​ដាច់ខាត​ប្រជាមតិ​នេះ និង​ចាត់ទុកជា​រឿង​ខុសច្បាប់​ទៀតផង​។​



​ខណៈដែល​ប្រជាជន​រាប់ពាន់នាក់​ដង្ហែរ​ក្បួន​ក្នុង​តំបន់​កាតា​ឡូ​នី​ដើម្បី​អំពាវនាវ​ឲ្យ​មានការ​រួបរួម​ជាតិ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Mariano Rajoy បាន​ព្រមាន​ប្រើប្រាស់​អំណាច​របស់លោក​ដើម្បី​ព្យួរ​សិទ្ធិ​ស្វយ័ត​របស់​តំបន់​នេះ​។ លោក Rajoy ព្រមាន​បែបនេះ ខណៈដែល​មេដឹកនាំ​តំបន់​កាតា​ឡូ​នី​ប៉ុនប៉ង​ប្រកាស​ឯករាជ្យ​នៅ​សប្ដាហ៍​នេះ ដោយបាន​អះអាងថា ប្រជាជន​ភាគច្រើន​លែង​ចង់​រស់នៅ​ក្រោម​ការដឹក​នាំ​របស់​ក្រុង​ម៉ា​ឌ្រី​ដ​ទៀតហើយ​។​

​ស្ថានភាព​នយោបាយ​អេ​ស្ប៉ា​ញ ធ្លាក់​ក្នុង​ភាពស្រពិចស្រពិល​ចាប់តាំងពី​ប្រជាមតិ​នៅ​កាតា​ឡូ​នី​នៅ​ថ្ងៃទី​១ ខែតុលា​។ មេដឹកនាំ​កាតា​ឡូ​នី​បាន​យក​លទ្ធផល​ប្រជាមតិ​ចម្រូងចម្រាស់​ធ្វើ​លេស​ប្រកាស​ឯករាជ្យ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ​ចាត់ទុកជា​ប្រជាមតិ​ខុសច្បាប់​។ ចលនា​ទាមទារ​ឯករាជ្យ​នៅ​កាតា​ឡូ​នី​មាន​អាយុ​ច្រើន​ឆ្នាំ​មកហើយ ហើយ​ក្រោយ​ការទាមទារ​ជា​យូរ​មក តំបន់​នេះ​ទទួល​សិទ្ធិ​ស្វយ័ត​គ្រប់គ្រង​ដោយ​ខ្លួនឯង​។

​យ៉ាងណាមិញ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​ព្រមាន​ប្រើ​អំណាច​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ដកសិទ្ធិ​នេះ ក្នុងករណី​ប្រកាស​ឯករាជ្យ​ខុសច្បាប់​នោះ​។ រដ្ឋធម្មនុញ្ញ​អេ​ស្ប៉ា​ញ​ឆ្នាំ​១៩៧៨ ចែងថា អេ​ស្ប៉ា​ញ​ជា​រដ្ឋ​មិនអាច​បំបែក​បាន ហើយ​រដ្ឋាភិបាល​តែមួយគត់់​ដែល​អាចធ្វើ​ប្រជាមតិ​បាន​។ បើតាម​សារព័ត៌មាន CNN លោកនាយក​រដ្ឋមន្ត្រី Rajoy និយាយថា​៖ «​រដ្ឋាភិបាល​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធានាថា ការប្រកាស​ឯករាជ្យរ​បស់​កាតា​ឡូ​នី​គឺជា​រឿង​អត់​ប្រយោជន៍​»​។​

​ខណៈដែល​ស្ថានភាព​នយោបាយ​កំពុង​ជ្រួលច្របល់ ប្រជាជន​នៅ​តំបន់​កាតា​ឡូ​នី​បាន​ប្រមូល​ផ្ដុំគ្នា​តាម​ដងផ្លូវ​ក្នុង​ទីក្រុង Barcelona ដែលជា​រដ្ឋធានី​តំបន់​ដើម្បី​ស្នើ​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​។ មនុស្ស​ប្រមាណ​៣៥​ម៉ឺន​នាក់​បាន​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែរ​ដ៏​ធំ​នេះ ដោយមាន​កាន់​បដា​ជាច្រើន​ដូចជា «​ទាំងអស់គ្នា​យើង​នឹង​កាន់តែខ្លាំង​» និង «​កាតា​ឡូ​នី​គឺ​អេ​ស្ប៉ា​ញ​» ជាដើម​ផង​។ នេះ​ជាការ​ជួបជុំ​ដ៏​ធំ​នៅ​កាតា​ឡូ​នី​ប្រឈមមុខ​ស្ថានភាព​មិនល្អ​បែបនេះ​។​

​ដោយឡែក កិច្ចប្រជុំសភា​តំបន់​កាតា​ឡូ​នី ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​៩ ខែតុលា ត្រូវបាន​តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ា​ញ​បញ្ជា​ឲ្យ​ផ្អាក ក្រោយ​មេដឹកនាំ​កាតា​ឡូ​នី​គ្រោង​ប្រកាស​ឯករាជ្យ​អំឡុងពេល​កិច្ចប្រជុំ​នេះ​។ យ៉ាងណាមិញ ប្រធានាធិបតី​កាតា​ឡូ​នី Carles Puigdemont នឹង​ថ្លែង​ចំពោះមុខ​សភា​តំបន់​នៅ​ថ្ងៃទី​១០ ខែតុលា​វិញ និង​ប្រគល់​លទ្ធផល​ប្រជាមតិ​ឲ្យ​សភា​ផង​៕


Tag:
 អេ​ស្ប៉ា​ញ​
  កាតា​ឡូ​នី
© រក្សាសិទ្ធិដោយ thmeythmey.com