អន្តរជាតិ
អ៊ីរ៉ង់​ប្រាប់​អាមេរិក​ឲ្យ​រើ​មូលដ្ឋានទ័ព​ចម្ងាយ​ពីរពាន់​គីឡូម៉ែត្រ បើ​ហ៊ាន​ដាក់​កងទ័ព​ខ្លួន​ក្នុង​បញ្ជី​ភេរវកម្ម​
09, Oct 2017 , 5:48 pm        
រូបភាព
មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ Ali Jafari (រូបភាព៖ ISNA)
មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ Ali Jafari (រូបភាព៖ ISNA)
​ប្រមុខ​កងទ័ព​អ៊ីរ៉ង់ នៅ​ថ្ងៃទី​៨ ខែតុលា បានចេញ​សារ​ព្រមាន​មួយ​ចំពោះ​អាមេរិក ដែល​ចង់​ដាក់​កង​ឆ្មាំ​បដិវត្តន៍​ក្នុង​បញ្ជី​ភេរ​វករ ជាការ​ឆ្លើយតប​នឹង​ការសាកល្បង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​។ អ៊ីរ៉ង់​បាន​គំរាមថា បើ​អាមេរិក​ហ៊ាន​ចុះឈ្មោះ​កង​ឆ្នាំ​បដិវត្តន៍​ជា​ក្រុមគាំទ្រ​ភេរវកម្ម នោះ​អ៊ីរ៉ង់​នឹង​ចាត់ទុក​កងទ័ព​អាមេរិក​ជា​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែរ​។ ប្រមុខ​កងទ័ព​អ៊ីរ៉ង់​ក៏​ប្រាប់​ឲ្យ​អាមេរិក​រើ​មូលដ្ឋានទ័ព​ឲ្យ​ឆ្ងាយ​ពី​ដែនដី​ខ្លួន​ផងដែរ​។



​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ស្ងៀមស្ងាត់​មួយរយៈ​មក​នោះ បាន​ឡើងក​ម្ដៅ​ជាថ្មី​ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ប្រធានាធិបតី​អាមេរិក​រូបនេះ​គំរាម​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​មហាអំណាច​៦​ប្រទេស​ទៀត ដោយ​អះអាងថា វា​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​។ លើសពីនោះ រដ្ឋបាល​លោក ត្រាំ ក៏​ត្រៀម​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ដែល​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើនលើក​។​

​លើសពីនោះ គេ​ក៏​ឃើញ​មាន​ព័ត៌មាន​លេច​លឺថា អាមេរិក​ចង់​ដាក់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ក្នុង​បញ្ជី​ក្រុម​ភេរវកម្ម​ទៀតផង​។ មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍ ឧ​ត្ត​ម​សេនីយ៍ Ali Jafari បាន​រិះគន់​របាយការណ៍ និង​ចាត់វិធានការ​សងសឹក​វិញ បើ​អាមេរិក​ពិតជា​ដើរ​លើផ្លូវ​នេះ​មែន​។ នៅ​ថ្ងៃទី​៨ ខែតុលា មេបញ្ជាការ​ជាន់ខ្ពស់​រូប​នេះ​ព្រមាន​ថា កងទ័ព​អាមេរិក​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​មជ្ឈិមបូព៌ា នឹង​ប្រឈមមុខ​គ្រោះថ្នាក់​មិន​ខាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​ឧ​ត្ត​ម​សេនីយ៍ Ali Jafari បញ្ជាក់ថា​៖ «​ដូច​បានប្រកាស​ពីលើ​ក​មុន បើ​ច្បាប់​ថ្មី​ស្ដីពី​ទណ្ឌកម្ម​ត្រូវបាន​អនុម័ត អាមេរិក​ត្រូវ​រើ​មូលដ្ឋាន​កងទ័ព​នៅ​មជ្ឈិមបូព៌ា​ឲ្យ​ឆ្ងាយ​ពី​រង្វង់​ពីរពាន់​គីឡូម៉ែត្រ​ដែល​មី​ស៊ី​ល​អ៊ីរ៉ង់​បាញ់​ដល់​»​។ លោក​បន្តថា ទណ្ឌកម្ម​បន្ថែមទៀត​នឹងមិន​អាចជួយ​ដោះស្រាយ​បញ្ហា​អ្វី​បានទេ តែ​វា​នឹង​បញ្ចប់​ឱកាស​ចរចា​នៅ​ថ្ងៃ​អនាគត​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ឲ្យ​កាន់តែ​តូច​។​

​ទាក់ទង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​ដ៏​មាន​ឥទ្ធិពល​ក៏​ព្រមាន​ដែរ​ថា ការដើរ​ចេញ​របស់​អា​មេ​រិ​ក នឹង​ក្លាយជា​ឱកាស​សម្រាប់​ក្រុង​តេ​ហេ​រ៉ង់​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​ថែមទៀត​។ លោក Jafari សង្កត់ធ្ងន់ថា អាកប្បកិរិយា​ល្ងង់ខ្លៅ​របស់​រដ្ឋបាល​លោក ត្រាំ ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នឹងត្រូវ​ប្រើប្រាស់​ដោយ​អ៊ីរ៉ង់​ដើម្បី​បង្កើន​កម្មវិធី​មី​ស៊ី​ល ក៏ដូចជា​កម្មវិធី​ការពារ​តំបន់​ផងដែរ​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ គឺជា​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ក្នុងការ​ទប់ស្កាត់​អ៊ីរ៉ង់​ពី​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​។ ក្រោម​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការព្យួរ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សំណាក់​អន្តរជាតិ​។ យ៉ាងណាក្ដី ការ​គំរាម​ដើរចេញ​របស់​អាមេរិក ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​ព្រួយបារម្ភ ព្រោះ​ខ្លាច​ស្ថានភាព​នេះ​រាលដាល​ទៅជា​ករណី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕
 

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com