អន្តរជាតិ
មេដឹកនាំ​កាតា​ឡូ​នី​ផ្អាក​ការប្រកាស​ឯករាជ្យ​បណ្ដោះអាសន្ន​ដើម្បី​ចរចា​
11, Oct 2017 , 11:39 am        
រូបភាព
ប្រធានាធិបតីកាតាឡូនី Carles Puigdemont (រូបភាព៖ Xinhua)
ប្រធានាធិបតីកាតាឡូនី Carles Puigdemont (រូបភាព៖ Xinhua)
​មេដឹកនាំ​តំបន់​កាតា​ឡូ​នី Carles Puigdemont បានស្នើ​ឲ្យ​សភា​តំបន់​ផ្អាក​ការប្រកាស​ឯករាជ្យ​ជា​បណ្ដោះអាសន្ន​សិន និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​ដ៏​អាក្រក់​នេះ​ជាមួយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​។ ក្រុង​ម៉ា​ឌ្រី​ដ​បាន​បដិសេធ​ដាច់អហង្ការ​រួចហើយ​ជុំវិញ​ការប៉ុនប៉ង​ប្រកាស​ឯករាជ្យ​របស់​កាតា​ឡូ​នី ហើយ​ថែមទាំង​គំរាម​ព្យួរ​សិទ្ធិ​ស្វយ័ត​របស់​តំបន់​ទៀតផង ហើយ​ហ៊ាន​ប្រកាស​ផ្ដាច់ខ្លួន​ដោយ​ឯកតោភាគី​នោះ​។

 

​នៅ​នាទីចុងក្រោយ មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​របស់​កាតា​ឡូ​នី​បាន​សម្រេចចិត្ត​មិនទាន់​ប្រកាស​ឯករាជ្យ​ឡើយ​។ នៅ​ថ្ងៃទី​១០ ខែតុលា មុន​ចូលប្រជុំ​សភា ប្រធានាធិបតី​កាតា​ឡូ​នី លោក Carles Puigdemont បាន​ចុះហត្ថលេខា​លើ​ការប្រកាស​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ ប៉ុន្តែ​លោក​បែរជា​ស្នើ​ឲ្យ​ផ្អាក​ការប្រកាស​សិន ដើម្បី​ស្វែងរក​ផ្លូវ​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ ដែល​ទាត់ចោល​បំណង​ផ្ដាច់ខ្លួន​ណាមួយ​នោះ​។

​ក្នុង​កិច្ចប្រជុំសភា​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា លោក Puigdemont និយាយថា លោក​ទទួលយក​អាណត្តិ​ពី​ប្រជាជន​នៅ​កាតា​ឡូ​នី​ដើម្បី​ក្លាយជា​សាធារណរដ្ឋ​ឯករាជ្យ​មួយ​។ លោក​ចង់​សំដៅ​ដល់​លទ្ធផល​បោះឆ្នោត​ក្នុង​ប្រជាមតិ​ខុសច្បាប់​ថ្ងៃទី​១ ខែតុលា ដែល​អ្នកបោះឆ្នោត​៩០​ភាគរយ​យល់ព្រម​ចាកចេញ​ពី​អ​ស្ប៉ា​ញ​។ យ៉ាងណាមិញ លោក​បាន​ប្រាប់​ឲ្យ​សភា​ផ្អាក​ការចូល​ធរមាន​នៃ​ការប្រកាស​ឯករាជ្យ​សិន ដើម្បី​ជជែក​ជាមួយ​រដ្ឋាភិបាលកណ្ដាល​អេ​ស្ប៉ា​ញ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Mariano Rajoy បាន​កោះប្រជុំ​បន្ទាន់​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១១ ខែតុលា ដើម្បី​ឆ្លើយតប​សំណើ​របស់​មេដឹកនាំ​កាតា​ឡូ​នី​។ កន្លងមក លោក Rajoy ធ្លាប់បាន​ប្រកាស​ហើយ​ថា លោក​នឹង​ប្រើប្រាស់​អំណាច​ដែលមាន​ក្នុង​ដៃ​ដើម្បី​រាំងខ្ទប់​ការប្រកាស​ឯករាជ្យ​រប​ស់​តំបន់​ស្វយ័ត​មួយ​នេះ​។ លោក​ក៏​គំរាម​ប្រើ​អំណាច​ដើម្បី​ដកសិទ្ធិ​ស្វយ័ត​របស់​កាតា​ឡូ​នី​ដែរ បើ​មេដឹកនាំ​តំបន់​នៅតែ​រឹងទទឹង​ប្រកាស​ឯករាជ្យ ប៉ុន្តែ​នេះ​អាចជា​ជម្រើស​ចុងក្រោយបង្អស់​។​

​យ៉ាងណាមិញ ប្រធានាធិបតី​កាតា​ឡូ​នី លោក Puigdemont បាន​ប្រាប់​កិច្ចប្រជុំសភា​ថា ការទាមទារ​របស់​កា​តា​ឡូ​នី ធ្វើឡើង​ដោយ​សន្តិភាព ហើយ​កាតា​ឡូ​នី​ក៏​មិនមែន​ធ្វើ​រដ្ឋប្រហារ​អ្វី​ដែរ​។ ទំនង​ចង់​សំដៅ​ការជំទាស់​របស់​រដ្ឋាភិបាល​លោក Rajoy មេដឹកនាំ​ទាមទារ​ឯករាជ្យ​រូបនេះ​បញ្ជាក់ថា យើង​មិនអាច​បង្ខំ​ឲ្យ​ប្រជាជន​ទទួលយក​ស្ថានភាព​បច្ចុប្បន្ន​ទាំង​ដែល​ពួកគេ​មិនអាច​ទទួលយក​បានឡើយ​។​

​មេដឹកនាំ​នយោបាយ​កាតា​ឡូ​នី អេ​ស្ប៉ា​ញ និង​អឺរ៉ុប សុទ្ធតែ​ជំទាស់​បំណង​របស់​ចលនា​ទាមទារ​ឯករាជ្យ​ដែល​ដឹកនាំ​ដោយ​លោក Puigdemont ព្រោះ​បញ្ហា​នេះ​អាច​ក្លាយជា​វិបត្តិ​ដ៏​ធំ​បំផុត​នៅ​អេ​ស្ប៉ា​ញ​ក្រោយ​ការវិល​ត្រឡប់មក​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​ទសវត្សរ៍​១៩៧០ ។ អឺរ៉ុប​កាន់តែ​បារម្ភ​ខ្លាំង ព្រោះ​ការបែកបាក់​របស់​អេ​ស្ប៉ា​ញ​នឹង​ប៉ះពាល់​សមាហរណកម្ម​តំបន់ ដែល​កំពុង​រងគ្រោះ​ដោយសារ​ការចាកចេញរ​បស់​អង់គ្លេស​ស្រាប់​ផង​៕


Tag:
 អឺរ៉ុប​
  អេ​ស្ប៉ា​ញ​
  កាតា​ឡូ​នី
© រក្សាសិទ្ធិដោយ thmeythmey.com