អន្តរជាតិ
រដ្ឋមន្ត្រី​ឥណ្ឌា​៖ ឪពុកម្ដាយ​មិន​ប​ញ្ជួ​ន​កូន​ទៅ​រៀន​ប្រឈមមុខ​ទោស​ប្រហារជីវិត​
11, Oct 2017 , 8:39 pm        
រូបភាព
​រដ្ឋមន្ត្រី​ឥណ្ឌា​ម្នាក់​មកពី​រដ្ឋ Uttar Pradesh បាន​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​ឪពុកម្ដាយ​ទាំងឡាយណា​ដែល​មិន​ព្រម​បញ្ជូន​កូនៗ​របស់ខ្លួន​ទៅកាន់​សាលារៀន​។ វិធានការ​ទាំងនោះ​អាចជា​ការជាប់​ឃុំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​រយៈពេល​ណាមួយ ឬក៏​ជាប់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រហារជីវិត​ទៅទៀត​។ វិធានការ​តឹងរ៉ឹង​បែបនេះ ត្រូវគេ​មើលឃើញថា​ជាការ​ជំរុញ​ការអប់រំ​នៅក្នុង​រដ្ឋ Uttar Pradesh ដែល​សម្បូរ​ដោយ​កុមារ​។

  

​តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ឥណ្ឌា លោក Om Prakash Rajbhar រដ្ឋមន្ត្រី​មកពី​រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ប្រទេស និយាយថា លោក​នឹង​ចាប់​ប្រមូល​ឪពុកម្ដាយ​ក្រីក្រ​ទាំងអស់​ដាក់​ក្នុង​គុក បើ​ពួកគេ​មិន​ព្រម​ឲ្យ​កូនៗ​របស់​ពួកគេ​ចូល​សាលារៀន​របស់​រដ្ឋ​ទេនោះ​។ លោក Rajbhar ក៏​គំរាម​បង្កើត​ច្បាប់​តាមចិត្ត​ចង់​របស់លោក​ដើម្បី​បង្ខំ​ឲ្យ​ឪពុកម្ដាយ​ទាំងអស់​បញ្ជូន​កូន​ទៅ​ទទួល​ការអប់រំ​ទាំងអស់គ្នា​។​

​បើតាម​សារព័ត៌មាន​ឥណ្ឌា Times of India លោក Rajbhar ដែល​ទទួលបន្ទុក​កិច្ចការ​ជនពិការ​បាន​និយាយ​ក្នង​ពិធី​ជួបជុំ​មួយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា ប្រសិនបើ​ក្មេងៗ​ក្រីក្រ​មិនបាន​ទៅ​សាលារៀន​នោះ ឪពុកម្ដាយ​ពួកគេ​នឹងត្រូវ​បង្ខំ​ឲ្យ​អង្គុយ​ក្នុង​ប៉ុស្តិ៍​៥​ថ្ងៃ ដោយ​គ្មាន​បាយ​គ្មាន​ទឹក​អ្វី​ទាំងអស់​។ លោក​បន្តថា ប៉ូលិស​នឹង​ទៅរក​ពួកគេ​ដល់ផ្ទះ​ផងដែរ ហើយ​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​ប្រឹងប្រែង​ពន្យល់​ពួកគេ​ឲ្យ​យល់​ពី​បញ្ហា​នេះ​ផងដែរ​។​

«​ប្រសិនបើ​ឪពុកម្ដាយ​ទាំងអស់​នៅតែ​មិន​យកចិត្តទុកដាក់​ទៀត ខ្ញុំ​នឹងធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា​ស្ថិតក្នុង​កន្លែង​ឃុំឃាំង​រយៈពេល​៦​ខែ​បន្តទៀត​។ ខ្ញុំ​ក៏​ត្រៀម​រួចហើយ​សម្រាប់​ការដាក់ទោស​ប្រហារជីវិត​ចំពោះ​ករណីនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Rajbhar ដែល​ត្រៀម​អនុវត្ត​ទោស​ធ្ងន់ធ្ងរ​លើ​ឪពុកម្ដាយ​ដែល​មិន​ចង់​ឲ្យ​កូន​ចូល​សាលារៀន​។

​ក្រោយ​វីដេអូ​ល្បី​សុះសាយ រដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ថា លោក​មិន​ចោល​សម្ដី​នេះ​ទេ តែ​ចោទ​ជា​សំណួរ​ថា​ហេតុអ្វី​មិន​ឲ្យ​កូន​ទៅ​រៀន បើ​រដ្ឋាភិបាល​ផ្ដល់​ការអប់រំ​គ្រប់យ៉ាង​ឲ្យ​សោះ​?

​សូមបញ្ជាក់ថា កុមារ​ជាច្រើន​ក្នុង​រដ្ឋ Uttar Pradesh មិនបាន​ចូលរៀន​ទៀងទាត់​ឡើយ​។ របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ​២០១៤ បង្ហាញថា មាន​កុមារ​តែ​៥៥​ភាគរយ​ដែល​បាន​ចុះឈ្មោះ​ចូលរៀន បានបង្ហាញ​ខ្លួន​ក្នុង​ថ្នាក់​ទៀងទាត់​។ មួយ​ភាគ​បួន​នៃ​ប្រជាជន​រដ្ឋ Uttar Pradesh សរុប​ចំនួន​២០០​លាន​នាក់ គឺជា​កុមារ ប៉ុន្តែ​រដ្ឋ​មួយ​នេះ​មាន​អត្រា​គ្រូបង្រៀន​ទាប​បំផុត បើ​ប្រៀបធៀប​ចំនួន​កុមារ​ទាំងអស់​៕


Tag:
 ឥណ្ឌា​
  Uttar Pradesh
  Om Prakash Rajbhar
© រក្សាសិទ្ធិដោយ thmeythmey.com