អន្តរជាតិ
បោះឆ្នោត​កេ​ន​យ៉ា​៖ បេក្ខជន​ប្រឆាំង​ធំជាងគេ​ដកខ្លួន ឯ​បេក្ខជន​តូចៗ​អាច​ប្រជែង​ជំនួស​
11, Oct 2017 , 4:59 pm        
រូបភាព
បេក្ខជនប្រឆាំង Raila Odinga (រូបកណ្ដាលកាន់ក្រដាស) ប្រកាសដកខ្លួនពីការបោះឆ្នោតប្រធានាធិបតី (រូបភាព៖ Xinhua)
បេក្ខជនប្រឆាំង Raila Odinga (រូបកណ្ដាលកាន់ក្រដាស) ប្រកាសដកខ្លួនពីការបោះឆ្នោតប្រធានាធិបតី (រូបភាព៖ Xinhua)
​បេក្ខជន​ប្រឆាំង​ធំជាងគេ​នៅ​កេ​ន​យ៉ា លោក Raila Odinga បានប្រកាស​ដកខ្លួន​ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឡើងវិញ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៦ ខែតុលា​។ ជុំវិញ​បញ្ហា​នេះ លោក Odinga ដែល​ចាញ់​លោក Uhuru Kenyatta ក្នុងការ​បោះឆ្នោត​លើក​មុន មិន​ពេញ​ចិត្តនឹង​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ដែល​មិន​កែទម្រង់​តាម​ការចង់បាន​របស់​ខ្លួន​។ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​កេ​ន​យ៉ា​និយាយថា បេក្ខជន​តូចៗ​អាច​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោត​លើក​នេះ​បាន​។​



​ការទាត់ចោល​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​៨ ខែសីហា ដែល​ប្រធានាធិបតី Uhuru Kenyatta ផ្ដួល​បេក្ខជន​បក្សប្រឆាំង Raila Odinga ក្លាយជា​រឿង​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កេ​ន​យ៉ា​។ តុលាការ​កំពូល​កេ​ន​យ៉ា​បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ម្ដងទៀត​នៅ​ថ្ងៃទី​២៦ ខែតុលា​។ ប៉ុន្តែ​បេក្ខជន​មកពី​បក្សប្រឆាំង​ធំជាងគេ​លោក Odinga បានសម្រេច​ចិត្ត​មិន​ចូលរួម​ប្រជែង​ឡើយ​។

​ថ្លែង​នៅ​ថ្ងៃទី​១០ ខែតុលា លោក Odinga ចាញ់​លោក Kenyatta ទាំង​មិន​អស់ចិត្ត និ​យ​យាយ​ថា វា​ជា​រឿង​ល្អ​បំផុត​ដែល​បក្ស​របស់លោក​មិន​ដាក់​បេក្ខជន​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៦ ខែតុលា​។ បើតាម​លោក Odinga ការណ៍​មិន​កែទម្រង់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត គឺជា​មូលហេតុ​សំខាន់​នៃ​ការដកខ្លួន​នេះ ដោយ​លោក​អះអាងថា ការបោះឆ្នោត​លើក​នេះ​នឹង​កាន់តែ​អាក្រក់​ជាង​លើក​មុន ព្រោះ​អ្នករៀបចំ​ការបោះឆ្នោត​មានមុខ​ដដែលៗ​។​

​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៨ ខែសីហា ជា​មូល​ហេតុដែល​តុលាការ​កំពូល​កេ​ន​យ៉ា​សម្រេចចិត្ត​រំលាយ​ជ័យជម្នះ​របស់លោក Kenyatta តាម​បណ្ដឹង​របស់​បក្សប្រឆាំង​ផ្ទាល់​។ ការដកខ្លួន​របស់លោក Odinga ពី​ការបោះឆ្នោត​ម្ដងទៀត​នេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​កេ​ន​យ៉ា​បានប្រកាសថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​គួរ​ដាក់​បេក្ខជន​តូចៗ​ផ្សេងទៀត​ទៅក្នុង​ការបោះ​ឆ្នោត​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក John Mativo នៅ​ថ្ងៃទី​១១ ខែតុលា បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ខាងលើ​បញ្ចូល​ឈ្មោះ​លោក Ekuru Aukot ដែលជា​បេក្ខជន​ទទួលបាន​សំឡេង​មិន​ដល់​មួយ​ភាគរយ​ក្នុងការ​បោះឆ្នោត​លើក​មុន ទៅក្នុង​សន្លឹកឆ្នោត​ថ្ងៃទី​២៦ ខែតុលា​។ ចៅក្រម​រូបនេះ​បញ្ជាក់ថា លោក​មើលមិនឃើញ​ពី​មុ​ល​ហេតុដែល​ត្រូវ​រារាំង​បេក្ខជន​ផ្សេង​ពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ឡើយ​។​

​មកទល់ពេលនេះ លោក​ប្រធានាធិបតី Kenyatta មិនទាន់​និយាយ​អ្វី​ជុំវិញ​ការដកខ្លួន​របស់​គូប្រជែង​សំខាន់​របស់លោក​ទេ តែ​លោក​ផ្ទាល់​ប្រាកដជា​ចូលរួម​ការបោះឆ្នោត​លើក​នេះហើយ​។ ការបញ្ចូល​បេក្ខជន​មិនសូវមាន​ប្រជាប្រិយភាព ទំនងជា​សញ្ញា​ប្រាប់ថា ការបោះឆ្នោត​នឹងត្រូវ​រៀបចំ​ដាច់ខាត ទោះជា​គ្មាន​វត្តមាន​បេក្ខជន​សំខាន់​ក្ដី​។ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​លោក Kenyatta ព្រោះ​លោក​អាច​ទទួល​ជ័យជម្នះ​យ៉ាង​ងាយ​៕


Tag:
 អាហ្វ្រិក​
  កេ​ន​យ៉ា​
  Uhuru Kenyatta
  Raila Odinga
© រក្សាសិទ្ធិដោយ thmeythmey.com