អន្តរជាតិ
ប្រមុខ​ការទូត​កូរ៉េខាងជើង​៖ មាន​អ្នកជិតខាង​ដូច​កូរ៉េខាងជើង ជា​រឿង​ល្អ​សម្រាប់​រុស្ស៊ី​ទប់ទល់​អាមេរិក​
12, Oct 2017 , 11:22 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (រូបភាព៖ AP)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (រូបភាព៖ AP)
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ នៅ​ថ្ងៃទី​១១ ខែតុលា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ថា កូរ៉េខាងជើង​កំពុង​ដើរតួនាទី​កូនជញ្ជីង​ដ៏​មានតម្លៃ​ដើម្បី​ថ្លឺ​ង​ថ្លែង​ឥទ្ធិពល​របស់​អាមេរិក ដែល​តែង​ចាត់ទុក​ខ្លួនឯង​ជា​មហាអំណាច​តែមួយ​លើ​លោក​។ បើតាម​លោក រី យ៉ុង​ហូ ការណ៍​មាន​អ្នកជិតខាង​ដូច​កូរ៉េខាងជើង ពិតជា​សមស្រប​នឹង​ផលប្រយោជន៍​របស់​រុស្ស៊ី ដែល​កំពុង​រង​ទណ្ឌកម្ម​អាមេរិក​ដូច​កូរ៉េខាងជើង​ដែរ​។



​ថ្ងៃទី​១២ ខែតុលា ជា​ខួប​លើក​ទី​៦៩​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កូរ៉េខាងជើង និង​រុស្ស៊ី​។ ប៉ុន្តែ​ប្រមុខ​ការទូត​កូរ៉េខាងជើង រី យ៉ុង​ហូ និយាយថា ចំណង​ការទូត​ទ្វេភាគី​មិនសូវ​ល្អ​ឡើង​នាពេល​បច្ចុប្បន្ន ព្រោះ​មាន​កត្តា​ខាងក្នុង និង​ខាងក្រៅ មករា​រាំង ក៏ដូចជា​ការ​មាន​ជំហរ​ខុសគ្នា​លើ​បញ្ហា​ជាច្រើន​។ លោក រី យ៉ុង​ហូ សង្ឃឹមថា ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​នេះ នឹង​ល្អប្រសើរ​ឡើងវិញ​ព្រោះ​មាន​ចំណុច​ដូចគ្នា​ជាច្រើន​ដូចគ្នា​ដែរ​។ 

​ដោយ​សំដៅ​ដល់​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ លោក រី យ៉ុង​ហូ បញ្ជាក់ថា កូរ៉េខាងជើង​កំពុងមាន​ជោគជ័យ និង​ដើរតួ​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ទប់ទល់​មហាអំណាច​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​រូបនេះ​ជឿថា មាន​អ្នកជិតខាង​ខ្លាំងពូកែ​នៅក្បែរ​ខ្លួន គឺជា​រឿង​ល្អ​សម្រាប់​រុស្ស៊ី​។ នេះ​ក៏​ដោយសារតែ​ទាំង​រុស្ស៊ី ទាំង​កូរ៉េខាងជើង កំពុងស្ថិត​ក្រោម​នយោបាយ​ទណ្ឌកម្ម​របស់​អាមេរិក​ដូចគ្នា ហើយ​វ៉ាស៊ីនតោន​ព្យាយាម​បង្ក​ការយល់ច្រឡំ​រវាង​មូ​ស្គូ និង​ព្យុងយ៉ាង​ទៀតផង​។

​ជា​ញឹកញាប់ ក្រុង​មូ​ស្គូ​បានបង្ហាញ​ជំហរ​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ដើម្បី​បង្ខំ​ឲ្យ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​នោះ ព្រោះ​វា​ជា​រឿង​គ្មាន​ន័យ​អ្វី​ឡើយ និង​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​បានទេ តែ​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ទៅទៀត​។ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្លាប់​និយាយ​ហើយ​ថា កូរ៉េខាងជើង​សុខចិត្ត​យក​ស្មៅ​ធ្វើជា​អាហារ ក៏​មិន​ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ដែរ ដរាបណា​ពួកគេ​នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន TASS មន្ត្រីការទូត​កូរ៉េខាងជើង​ដដែល​នេះ​បានបញ្ជាក់​ជំហរ​ច្បាស់​ថា ព្យុងយ៉ាង​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទេ ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ហើយក៏​មិន​ចរចា​លើ​កម្មវិធី​នេះដែរ​។ លោក រី យ៉ុង​ហូ ដែល​ទើប​ឡើង​តំណែង​ក្នុង​ជួរ​បក្ស​ពលករ​កូរ៉េ​បន្ថែមថា នុយក្លេអ៊ែរ​ជា​ប្រដាប់​ការពារ​អធិបតេយ្យ​កូរ៉េខាងជើង​ពី​ការគំរាមកំហែង​របស់​ប្រទេស​ផ្សេង ហើយ​កូរ៉េខាងជើង​ក៏មាន​សិទ្ធិ​អភិវឌ្ឍ​អាវុធ​ប្រភេទ​នេះដែរ​។​

​ឆ្លើយតប​ការគំរាមកំហែង​ម្ដង​ហើយ​ម្ដងទៀត​ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោក រី យ៉ុង​ហូ ចាត់ទុក​ពាក្យសម្ដី​ទាំងនោះ​ជាការ​ជាន់​ឆ្នួន​បញ្ឆេះ​សង្គ្រាម ដែល​ត្រូវតែ​តប​ប​វិញ​ដាច់ខាត​។ ជុំវិញ​លទ្ធភាព​ចរចា​វិញ ប្រមុខ​ការទូត​កូរ៉េខាងជើង​បាន​ប្រាប់​ឲ្យ​អាមេរិក​បញ្ឈប់​នយោបាយ​បង្ករឿង​ខ្លួន ទើប​ការចរចា​អាច​ទៅមុខ​បាន​៕


Tag:
 កូរ៉េខាងជើង​
  រុស្ស៊ី​
  អាមេរិក​
  Ri Yongho
© រក្សាសិទ្ធិដោយ thmeythmey.com