អន្តរជាតិ
នយោបាយអន្តរជាតិ
Brexit៖ អង់គ្លេសនិងអឺរ៉ុបខ្វែងគំនិតគ្នាលើថ្លៃលែងលះ តំណាងចរចាអង់គ្លេស David Davis (ឆ្វេង) ក្នុងសន្និសីទកាសែតជាមួយតំណាងចរចាអឺរ៉ុប Michel Barnier (ស្ដាំ) (រូបភាព៖ Xinhua)
× ការចរចាជុំទីប្រាំរវាងសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសស្ដីពីការលែងលះគ្នា បានបញ្ចប់ហើយ។ តំណាងចរចារបស់សហភាពអឺរ៉ុបនិយាយថា ការចរចាមានដំណើការល្អ ប៉ុន្តែភាគីទាំងពីរនៅប្រទាំងប្រទើសគ្នាលើបញ្ហាថ្លៃលែងលះដែលអង់គ្លេសត្រូវបង់ឲ្យអឺរ៉ុប។ ថ្លៃលែងលះនេះជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលរាំងស្ទះដល់ការចរចា ខណៈនៅអង់គ្លេសឯណោះក៏មានការពិភាក្សាដែរថា តើអង់គ្លេសត្រូវចាកចេញដោយគ្មានកិច្ចព្រមព្រៀងឬយ៉ាងណា?
អស់រយៈពេល៦ខែមកហើយដែលសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសចរចាលើការលែងលះគ្នា។ ប៉ុន្តែគេមិនទាន់ឃើញមានលទ្ធផលជាដុំកំភួនអ្វីឡើយ ព្រោះភាគីទាំងសងខាងនៅតែប្រកាន់ជំហរការពារផលប្រយោជន៍រៀងៗខ្លួន ដែលមិនអាចស្វែងរកចំណុចរួមបាន។ ការចរចាបានជាប់គាំងលើបញ្ហាជាច្រើនដូចជា សិទ្ធិប្រជាជនអឺរ៉ុបដែលរស់នៅអង់គ្លេស ថ្លៃលែងលះគ្នា និងបញ្ហាព្រំដែនជាមួយអៀរឡង់ខាងជើងជាដើម។
ក្រោយការចរចាជុំទីប្រាំនៅទីក្រុងព្រុចសែល ប្រធានក្រុមចរចាសហភាពអឺរ៉ុបលោក Michel Barnier និយាយថា មិនមានដំណើការគ្រប់គ្រាន់ដែលអាចឲ្យការចរចាទៅមុខបានទៀតឡើយ ព្រោះអឺរ៉ុប និងអង់គ្លេសខ្វែងគំនិតគ្នាលើថ្លៃលែងលះ។ ខណៈដែលតំណាងអង់គ្លេសលោក David Davis សង្ឃឹមថា អឺរ៉ុប និងអង់គ្លេសអាចបន្តការចរចាលើប្រធានបទផ្សេង លោក Barnier បញ្ជាក់ថា បើតាមស្ថានភាពបច្ចុប្បន្ន លោកមិនអាចស្នើមេដឹកនាំអឺរ៉ុបឲ្យបើកភ្លើងខៀវចរចាជាមួយអង់គ្លេសបានទៀតទេ។
សូមបញ្ជាក់ថា ក្រៅពីសិទ្ធិប្រជាជនអឺរ៉ុបនៅអង់គ្លេស ការចំណាយលើថ្លៃលែងលះនេះជារឿងដែលពិបាកចរចាបំផុត ទោះជាអង់គ្លេសធ្លាប់ប្ដេជ្ញាចិត្តក្នុងការបង់ប្រាក់ឲ្យអឺរ៉ុបក្ដី។ ថ្លៃលែងលះនេះរួមមាន ប្រាក់សោធននិវត្តន៍សម្រាប់អតីតមន្ត្រីអឺរ៉ុបធ្វើការនៅអង់គ្លេស ថ្លៃចំណាយលើការផ្លាស់ប្ដូរទីស្នាក់ការអង្គភាពរបស់អឺរ៉ុបពីអង់គ្លេសទៅប្រទេសផ្សេង និងប្រាក់សម្រាប់កម្មវិធីជាច្រើនរបស់អឺរ៉ុប។ ចំនួនប្រាក់សរុបអាចមានទំហំប្រហែល៦០ពាន់លានផោនឯណោះ។
មេដឹកនាំអឺរ៉ុបជួបគ្នាសប្ដាហ៍ក្រោយដើម្បីសម្រេចថា ត្រូវទៅមុខ ឬបន្តចរចាបញ្ហាចាស់ឲ្យចប់
បណ្ដាមេដឹកនាំអឺរ៉ុបនឹងជួបគ្នានៅសប្ដាហ៍ក្រោយ ដោយមានការចរចាជាមួយអង់គ្លេសជាប្រធានបទសំខាន់។ ប៉ុន្តែការជាប់គាំងលើបញ្ហាជាច្រើន អាចបង្ខំឲ្យមេដឹកនាំអឺរ៉ុបបដិសេធការចរចាលើអនាគតរវាងអឺរ៉ុប និងអង់គ្លេស ក្រោយការចាកចេញនៅឆ្នាំ២០១៩ ។ អឺរ៉ុបទំនងចង់ឲ្យបញ្ហាបច្ចុប្បន្នដោះស្រាយឲ្យស្រេចបាច់សិន មុននឹងនិយាយចរចាលើរឿងផ្សេងទៀតរាប់ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ។
តំណាងអង់គ្លេសលោក Davis ចង់ឲ្យមេដឹកនាំអឺរ៉ុបផ្ដល់ភ្លើងខៀវសម្រាប់លោក Barnier ដើម្បីចរចាដំណាក់កាលថ្មី។ បើតាមសារព័ត៌មាន BBC លោក Davis អះអាងថា ទោះជាមានការខ្វែងគំនិតខ្លះក្ដី ការចរចាប៉ុន្មានខែមកនេះ ក៏មានផលវិជ្ជមានខ្លះដែរ ហើយលោកជឿថា មេដឹកនាំអឺរ៉ុបនឹងយល់ព្រមលើបញ្ហាក្នុងកិច្ចប្រជុំរបស់ខ្លួន។ ប៉ុន្តែប្រធានគណៈកម្មការអឺរ៉ុប Donald Tusk បានព្រមានទុកមុនថា បើការចរចានៅដំណើការយឺតដូចសព្វថ្ងៃ អឺរ៉ុប និងអង់គ្លេសត្រូវគិតទិសដៅថ្មី។
ខណៈអង់គ្លេសរំពឹងថាអឺរ៉ុបនឹងសម្រេចចិត្តនៅត្រឹមខែតុលានេះ លោក Tusk បែរជានិយាយថា ជាមួយនឹងការចរចាបច្ចុប្បន្ននេះ លទ្ធផលដែលចង់បានអាចលេចចេញនៅខែធ្នូឯណោះ។ យ៉ាងណាមិញ ទាំងអឺរ៉ុបទាំងអង់គ្លេស មានពេលវេលាដល់ខែមីនា ឆ្នាំ២០១៩ ឯណោះ ដើម្បីចរចាលើបញ្ហាទាំងឡាយ ក៏ដូចជាបង្កើតទំនាក់ទំនងថ្មីមួយ៕
Tag:
Brexit
អឺរ៉ុប
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com