អន្តរជាតិ
វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ ស៊ូ​ជី ឈប់​តបត​ការ​ថ្កោលទោស​អន្តរជាតិ តែ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​វិញ
13, Oct 2017 , 8:39 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព៖ Xinhua)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព៖ Xinhua)
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី នឹង​ដឹកនាំ​ស្ថាប័ន​ចម្រុះ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា និង​អភិវឌ្ឍ​រដ្ឋ Rakhine ឡើងវិញ​។ ស្ថាប័ន​ទើប​បង្កើត​នេះ​មាន​សមាសភាព​មកពី​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​អន្តរជាតិ ដែលមាន​គោលដៅ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​, ការតាំង​លំនៅ​ឡើងវិញ និង​ការផ្ដល់​ជំនួយ​មនុស្សធម៌​។ បើតាម​លោកស្រី ស៊ូ​ជី ការបង្កើត​ស្ថាប័ន​ថ្មី​នេះ គឺជា​វិធានការ​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​បញ្ហា​ដ៏​ធំ​នេះ​។​



​នៅ​ល្ងាច​ថ្ងៃទី​១២ ខែតុលា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​ស្ដីពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុងការ​ថ្លែង​ជា​សាធារណៈ​នេះ លោកស្រី ស៊ូ​ជី បានប្រកាស​បង្កើត​ស្ថាប័ន​ចម្រុះ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​លោកស្រី​បាក់​មុខមាត់​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។ នេះ​ជា​លើក​ទី​ពីរ​ដែល​លោកស្រី ស៊ូ​ជី ថ្លែង​សារ​ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ផ្ទុះឡើង​កាលពី​ខែសីហា ក្រោយ​ការវាយប្រហារ​លើ​ទីតាំង​យោធា និង​ប្រតិបត្តិការ​វាយបក​ពី​សំណាក់​ក្រុម​យោធា​។​

​បើតាម​សារព័ត៌មាន The Irrawaddy ស្ថាប័ន​ចម្រុះ​ខាងលើ​នឹង​ផ្ដោតលើ​កិច្ចការ​សំខាន់​ចំនួន​បី គឺ​ការធ្វើ​មាតុភូមិនិវត្តន៍​និង​ការ​ផ្ដល់ជំនួយ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស ការតាំង​លំនៅ​ម្ដងទៀត​និង​ការ​នីតិសម្បទា​ជនភៀសខ្លួន​ដែល​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​មិន​គិត​ជាតិ​សាសន៍ ក៏ដូចជា​ការបង្កើត​សន្តិភាព និង​ការនាំយក​ការអភិវឌ្ឍ​នៅ​រដ្ឋ Rakhine ។ លោកស្រី ស៊ូ​ជី និយាយថា មី​យ៉ាន់​ម៉ា​ត្រូវ​បន្តធ្វើ​ការដែល​ចាំបាច់​ឲ្យ​មាន​ប្រសិទ្ធភាព ត្រឹមត្រូវ និង​ក្លាហាន​។​

​រយៈពេល​៧​សប្ដាហ៍​មកនេះ ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង​៥​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ជំរំ​នៅលើ​ទឹកដី​បង់​ក្លា​ដែ​ស ដើម្បី​គេច​ពី​អំពើហិង្សា​បង្កដោយ​ក្រុម​ទាហាន​មី​យ៉ាន់​ម៉ា​។ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​បាន​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​យ៉ាងខ្លាំង ក្រោយ​មាន​របាយការណ៍​ពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ការដុត​ផ្ទះសម្បែង ដែល​គេ​ជឿថា មាន​គោលដៅ​រារាំង​ជនភៀសខ្លួន​ត្រឡប់​ចូល​ស្រុក​វិញ​។​

​តាមរយៈ​ការ​ថ្លែង​តាម​ទូរទស្សន៍ ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ រូបនេះ ក៏​បង្ហាញ​ជំហរ​ឈប់​ខ្វល់ខ្វាយ​នឹង​ពាក្យរិះគន់​ទាំងឡាយ​មកលើ​លោកស្រី និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ លោកស្រី​បញ្ជាក់ថា ជាជាង​ការប្រើប្រាស់​ពាក្យសម្ដី​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់ និង​ការចោទប្រកាន់​នានា មី​យ៉ាន់​ម៉ា​នឹង​បង្ហាញ​ពិភពលោក​ពី​សកម្មភាព​របស់ខ្លួន​វិញ ព្រោះ​គ្មាន​នរណា​យល់​ពី​ស្ថានភាព​មី​យ៉ាន់​ម៉ា និង​ចង់បាន​សន្តិភាព ជាង​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែរ​។ 

​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​នេះដែរ រដ្ឋ​អាស៊ាន​មួយចំនួន​ដែល​រួមមាន ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី​ជាដើម​នោះ កន្លងទៅ បាន​ដឹកជញ្ជូន​ស្បៀង​ទៅកាន់​ជំរំ​បណ្តោះអាសន្ន​ដែល​ជនភៀសខ្លួន​កំពុងតែ​ស្នាក់នៅ​រួច​ខ្លះ​ហើយ ខណៈ​ប្រទេស​មួយចំនួន ក៏បាន​ប្រកាស​ត្រៀម​រៀបចំ​ទទួល​ពួកគេ​ដើម្បី​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​រហូត​ដល់​ស្ថានភាព​នៅ​រដ្ឋ​មាន​ជម្លោះ​ប្រដាប់អាវុធ​ខាងលើ​វិល​ទៅរក​ភាពល្អប្រសើរ​វិញ ៕


Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com