អន្តរជាតិ
​ធី​ល័​រ​សិន​៖ «​អាមេរិក​នឹង​បន្ត​វិធាន​ការទូត​ជាមួយ​កូរ៉េខាងជើង រ​ហូល់​ទាល់​គ្រាប់បែក​ទីមួយ​ធ្លាក់ចុះ​សិន »
16, Oct 2017 , 10:36 am        
រូបភាព
​ដរាបណា​គ្រាប់បែក​ទីមួយ​របស់​កូរ៉េខាងជើង​មិន​ធ្លាក់ចុះ​ទេ អាមេរិក​នឹង​នៅ​បន្ត​ប្រើប្រាស់​នយោបាយ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ជានិច្ច ហើយ​នេះ​ជា​បញ្ជា​របស់​ប្រធានាធិបតី​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​ចុង​សប្តាហ៍​កន្លងទៅ​ក្នុង​កម្ម​វិធី​ជជែក​ពិភាក្សា State of the Union ដែល​រៀបចំ​ដោយសារ​ព័ត៌មាន CNN​។​



​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច​ធី​ល័​រ​សិន បានបញ្ជាក់​ជាថ្មី​ថា  ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ណែនាំ​លោក​លោក​ឲ្យ​បន្ត​ប្រើប្រាស់ «​មធ្យោបាយ​ការទូត​»​ជាមួយ​កូរ៉េខាងជើង​រហូត​ទាល់តែ​គ្រាប់បែក​ទីមួយ​ធ្លាក់​ចុះមក​សិន​»​។

​លោក ធី​ល័​រ​សិន បានបញ្ជាក់​ដូច្នេះ​៖ ប្រធានាធិបតី​ត្រាំ បានបញ្ជាក់​ច្បាស់​មកកាន់​ខ្ញុំ​ហើយ​ថា ឲ្យ​ខ្ញុំ​បន្ត​ការប្រឹងប្រែង​ប្រើប្រាស់​មធ្យោបាយ​ការទូត​ទៀត​ចំពោះ​បញ្ហា​កូរ៉េខាងជើង​។ គាត់​បាន​ប្រាប់​ខ្ញុំ​ច្បាស់​ហើយ​ថា វិធានការ​ការទូត​នឹង​បន្ត​រហូតដល់​គ្រាប់បែក​ទីមួយ​ធ្លាក់​ចុះមក​សិន​។​»​។​

​យ៉ាងណាមិញ ការលើកឡើង​បែបនេះ វា​ហាក់បីដូចជា​ផ្ទុយ​ពី​ជំហរ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បន្ត​ប្រើប្រាស់​សម្តី​ធ្ងន់ៗ​ព្រមាន​កូរ៉េខាងជើង​នោះ​។ ប៉ុន្តែ​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ទំនងជា​ព្យាយាម​បន្ធូរបន្ថយ​ភាព​ក្តីបារម្ភ និង​ភាព​តានតឹង​ដែល​កើតឡើង​កន្លងមក​ដោយ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អាមេរិក​និង​កូរ៉េខាងជើង​នោះ​។ 

​ក្នុង​កម្មវិធី​ពិភាក្សា​របស់​ទូរទស្សន៍ CNN ដដែល រដ្ឋមន្ត្រីការបរទេស​អាមេរិក​ខាងលើ​បាន​អះអាងថា ការប្រឹងប្រែង​របស់​អា​មេ​រិ​ក​ក្នុងការ​ជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ចូល​កៀក​កាន់តែ​ជិត​នឹង​តុ​ចរចា​កំពុង​តែមាន​ផ្លែផ្កា​។​

​លោក ធី​ល័​រ​សិន​បន្ត​ដូច្នេះ​៖ «​ខ្ញុំ​គិតថា ទាក់ទិន​បញ្ហា​កូរ៉េខាងជើង យើង​បាន​បង្រួបបង្រួម​សហគមន៍​អន្តរជាតិ​ទាំងមូល​។ ប្រធានាធិបតី ត្រាំ ក៏​ផ្តល់​សារ​មួយ​ដ៏​ម៉ឺងម៉ាត់​ទៅកាន់​កូរ៉េខាងជើង​ឲ្យ​បានដឹងថា អ្នក​ត្រូវ​ចូលមក​ជជែក​ជាមួយ​យើង​ដើម្បី​ដោះស្រាយ​បញ្ហា ព្រោះថា​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកមាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​»​។​

​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កូរ៉េខាងជើង​មិនបាន​បង្កបញ្ហា​ដោយ​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​ឡើយ​សូម្បីតែ​ក្នុង​ពី​ធី​បុណ្យខួប​លើក​ទី ៧២ នៃ​ការបង្កើត​បក្ស​ពលករ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​នោះ​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​វិជ្ជមាន​ខ្លះៗ​ចំពោះ​ការបន្ត​ប្រើប្រាស់​មធ្យោបាយ​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ ហើយ​លោក​លើកឡើង​ពី​ការចូលរួម​របស់​ចិន និង​រុស្ស៊ី​ដែលជា​ខ្នងបង្អែក​ការទូត​ដ៏​ធំ​របស់​កូរ៉េខាងជើង​ក្នុងការ​ចាត់វិធានការ​ក្តៅ​ដាក់​គំនាប​លើ​កូរ៉េខាងជើង​ផង​។​

​បច្ចុប្បន្ននេះ​ក្រុង​វ៉ាស៊ីនតោន​បន្ត​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​ដើម្បី​ពិភាក្សាគ្នា និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ឈប់​វិបត្តិ​នុយក្លេអ៊ែរ និង​រក្សា​សន្តិភាព​ក្នុង​តំបន់​ផងដែរ​។ បើតាម​សម្តី​របស់លោក ធី​ល័​រ​សិន ចិន​យល់ច្បាស់​ពី​គោលជំហរ​របស់​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ហើយ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​នឹង​ជួយ​ឲ្យ​ការស្វែងរក​ដំណោះស្រាយ​កាន់​តែមាន​ប្រសិទ្ធភាព​ផង​។​


Tag:
 ​រិច ធី​ល័​រ​សិន​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com