អន្តរជាតិ
មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​៖ គ្មាន​អាហារ​សមុទ្រ ឬ​ម្ហូប​ថ្លៃៗ​សម្រាប់​ទទួល​ប្រតិភូ​បក្ស​ឡើយ​
18, Oct 2017 , 10:28 am        
រូបភាព
​ប៉េកាំង​៖ ខុសពី​មហាសន្និបាត​លើក​មុនៗ ប្រតិភូ​ដែល​ចូល​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែតុលា នឹង​មិនមាន​អាហារ​ថ្លៃៗ ឬ​សមុទ្រ​សម្រាប់​ទទួល​ពួកគេ​ឡើយ​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​លោក ស៊ី ជិន​ភីង ក្នុងការ​កាត់បន្ថយ​ការចាយវាយ​ថវិកា​លើ​ការចំណាយ​ដែល​មិនចាំបាច់​។​



​គ្មាន​ផ្លែឈើ​ក្នុង​បន្ទប់​សណ្ឋាគារ គ្មាន​ការ​កាត់សក់​ដោយ​សេរី និង​គ្មាន​បង្កង​សម្រាប់​ទទួល​ប្រតិភូ​ចំនួន​២២៨០​នាក់​ដែល​ចូលរួម​មហាសន្និបាត​លើក​ទី​១៩ នេះឡើយ​។ នេះ​ជាគោលការណ៍​កំណត់ដោយ​លោក ស៊ី ជិន​ភីង ផ្ទាល់ បន្ទាប់ពី​កាន់អំណាច​ក្នុង​ឆ្នាំ​២០១២ សំដៅ​កាត់បន្ថយ​ការចំណាយ​ថវិការដ្ឋ​ខ្ជះខ្ជាយ និង​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។

​ចំណាត់ការ​បែបនេះ​ត្រូវបាន​ដាក់ចេញ ដើម្បី​ធានាថា គ្មាន​មន្ត្រី​ណា​បំពាន​អំណាច​របស់ខ្លួន​ក្នុងការ​ចាយវាយ​មិនចាំបាច់ ព្រោះ​កន្លងមក មាន​ករណី​មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​ជាច្រើន​បាន​រំលោភ​អំណាច​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​បក្ស​កុម្មុយនីស្ត​ចិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Wang Lilian ដែល​ធ្លាប់​មើល​ការខុសត្រូវ​ផ្នែក​បដិសណ្ឋារកិច្ច​មហាសន្និបាត​បក្ស​បី​លើក​កន្លងមក​និយាយថា មហាសន្និបាត​បក្ស​លើក​នេះ​ខុសពី​សន្និបាត​រាល់ដង​។​

​ខុសប្លែក​ត្រង់​ថា ក្នុង​មហាសន្និបាត​លើក​ទី​១៩ នៅតាម​បន្ទប់​សណ្ឋាគារ​មិនមាន​ផ្លែឈើ​ទទួល​ប្រតិភូ​ដូច​មុន​ឡើយ​។ ចំណែកឯ​ម្ហូបអាហារ​វិញ​ក៏ត្រូវ​រៀបចំ​សាមញ្ញ ដោយ​គ្មាន​អាហារ​សម​ទ្រ​ថ្លៃៗ ឬក៏​បង្កង​ឡើយ​។ លើសពីនោះ ប្រតិភូ​ទាំងអស់​ក៏​មិន​ទទួលបាន​សេវាកម្ម​កាត់សក់​ដោយ​មិន​អស់ថ្លៃ ឬក៏​សេវាកម្ម​រក្សា​សម្ផស្ស​អ្វី​ដែរ​។

​សូមបញ្ជាក់ថា ក្រោយ​ការឡើង​កាន់តំណែង​អគ្គលេខាធិការ​បក្ស​ភ្លាមៗ​ក្នុង​ឆ្នាំ​២០១២ លោក ស៊ី ជិន​ភីង ក៏បាន​ដាក់​គោលដៅ​ប្រឆាំង​អំពើពុករលួយ និង​ការចំណាយ​ខ្ជះខ្ជាយ​ភ្លាម​ដែរ​។ បក្ស​កុម្មុយនីស្ត​ចិន​បានដាក់​គោលការណ៍​៨​ចំណុច​សម្រាប់​សមាជិក​បក្ស និង​មន្ត្រី​ទាំងអស់​ឲ្យ​អនុវត្តតាម ដោយ​បង្គាប់​ឲ្យ​មានការ​រឹតត្បិត​ការចំណាយ និង​លុបចោល​ការងារ​ដែល​មិនចាំបាច់​ដូចជា​ការិយាធិបតេយ្យ និង​ភាព​ហ៊ឺហា​ជាដើម​។​

​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​ចេញផ្សាយ​របាយការណ៍​ជា​ភាសា​វៀតណាម និង​ភាសា​ឡាវ​

​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​រយៈពេល​មួយ​សប្ដាហ៍​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែតុលា នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែតុលា​។ កិច្ចប្រជុំ​ជាច្រើន​នឹង​រៀបចំឡើង ខណៈ​មហាសន្និបាត​ក៏បាន​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​មួយ​ដើម្បី​ផ្ដល់ព័ត៌មាន​ទាក់ទង​កិច្ចប្រជុំ និង​ផ្សព្វផ្សាយ​របាយការណ៍​ដែលជា​លទ្ធផល​នៃ​មហាសន្និបាត​លើក​នេះ​ផងដែរ​។​

​របាយការណ៍​នៃ​មហាសន្និបាត​លើក​ទី​១៩ ត្រូវ​ផ្សព្វផ្សាយ​ចំនួន​១២​ភាសា​។ «​មជ្ឈមណ្ឌល​ព័ត៌មាន​នឹង​បង្កើត​តុ​ចែកចាយ​ឯកសារ​នៅ​ជាន់​ទី​ពីរ​នៃ​មហាសាល​ប្រជាជន និង​ផ្ដល់​របាយការណ៍​នៃ​កិច្ច​មហាសន្និបាត​លើក​ទី​១៩ នៃ​បក្ស​កុម្មុយនីស្ត​ចិន ជា​ភាសា​ចិន អង់គ្លេស បារាំង អេ​ស្ប៉ា​ញ ជប៉ុន រុស្ស៊ី អាល្លឺម៉ង់ អារ៉ាប់ ព័រទុយហ្កាល់ កូរ៉េ វៀតណាម និង​ឡាវ​»​។  នេះ​បើតាម​សៀវភៅ​ណែនាំ​សម្រាប់​អ្នកសារព័ត៌មាន​ដែល​បោះ​ពុ​ម្ភ​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​៕


Tag:
 19thCPC
  មហាសន្និបាត​លើក​ទី​១៩
  បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com