អន្តរជាតិ
ស៊ី ជិន​ភីង​៖ ចិន​នឹងមាន​កងទ័ព​លំដាប់​ពិភពលោក​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​២១
19, Oct 2017 , 3:50 pm        
រូបភាព
​ប៉េកាំង​៖ អគ្គលេខាធិការ​កុម្មុយនីស្ត​ចិន​លោក ស៊ី ជិន​ភីង បាន​និយាយថា ចិន​នឹងមាន​កងទ័ព​លំដាប់​ពិភពលោក​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​២១ ហើយ​លោក​ប្រកាស​បន្ត​ការកែទម្រង់​វិស័យ​យោធា​ដើម្បី ឲ្យ​ចិន​មាន​កងទ័ព​ដ៏​ខ្លាំងក្លា​។ លោក ស៊ី ជិន​ភីង និយាយ​បែបនេះ​ក្នុង​ពិធី​បើក​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃទី​១៨ ខែតុលា នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​រដ្ឋធានី​ប៉េកាំង​។



​មិនយូរ​ទៀតឡើយ មហា​យក្ស​ចិន​នឹងមាន​កងទ័ព​ស្តង់ដា​ពិភពលោក មិន​ថា​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​ឡើយ​។ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​លោក ស៊ី ជិន​ភីង លើកឡើងថា ចិន​នឹង​បន្ត​កសាង​កងទ័ព​រប​ស់​ខ្លួន​ឲ្យ​បាន​ខ្លាំងពូកែ និង​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារជាតិ និង​យោធា ព្រោះ​ចិន​បាន​ដើរ​មកដល់​ចំណុច​ចាប់ផ្ដើម​ថ្មី​មួយ​ទៀតហើយ គឺ​ការប្រែប្រួល​ក្នុង​វិស័យ​សន្តិសុខ​ជាតិ និង​ភាពចាំបាច់​ដើម្បី​មាន​កងទ័ព​លំដាប់​ពិភពលោក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​បក្ស​លើក​ទី​១៩ លោក ស៊ី ជិន​ភីង និយាយថា បក្ស​កុម្មុយនីស្ត​ចិន​ព្យាយាម​សម្រេច​ឲ្យ​គោលដៅ​ខាងលើ ដោយ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​គំនិត​នយោបាយ​របស់ខ្លួន​ក្នុងការ​ពង្រឹង​កងទ័ព​ក្នុង​យុគសម័យ​ថ្មី​នេះ សម្រប​យុទ្ធសាស្ត្រ​យោធា​ក្នុង​លក្ខខណ្ឌ​ថ្មី ក៏ដូចជា​សាងសង់​យោធា​មួយ​ដែល​ខ្លាំង និង​មាន​ទំនើប​បំផុត​។ បើតាម​លោក ស៊ី ការពង្រឹង​សមត្ថភាព​ប្រយុទ្ធ គឺជា​គោលដៅ​សំខាន់បំផុត​។​

​អគ្គលេខាធិការ​បក្ស​រូបនេះ​បន្តថា នៅ​ឆ្នាំ​២០២០ ការធ្វើ​យន្តកម្ម​ផ្នែក​យោធា​នឹងត្រូវ​បញ្ចប់ ខណៈដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​កងទ័ព​ក៏ត្រូវ​បាន​ពង្រឹង ហើយ​សមត្ថភាព​យុទ្ធសាស្ត្រ​ក៏​រីកចម្រើន​ដែរនោះ​។ ដោយឡែក​ទំនើបកម្ម​យោធា​វិញ​ត្រូវ​ផ្ដោតលើ​គ្រប់មុខ​សញ្ញា​ទាំង​ការអភិវឌ្ឍ​ទ្រឹស្តី រចនាសម្ព័ន្ធ​ចាត់តាំង ទាហាន និង​សព្វាវុធ​ជាដើម​។ ពោល គឺ​នៅ​ឆ្នាំ​២០៣៥ ទំនើបកម្ម​វិស័យ​ការពារជាតិ​នឹងត្រូវ​បញ្ចប់ ហើយ​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​២១ យោធា​ចិន​ពិតជា​ក្លាយជា​កងទ័ព​លំដាប់​អន្តរជាតិ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ស៊ី ជិន​ភីង បាន​ប្រាប់​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ថា កងទ័ព​កសាងឡើង​ដើម្បី​ប្រយុទ្ធ ហើយ​ឈ្នះ​។ លោក​បាន​សង្កត់ធ្ងន់ថា សមត្ថភាព​ប្រយុទ្ធ គឺជា​រឿង​សំខាន់​សម្រាប់​យោធា និង​ត្រូវផ្ដោត​សំខាន់​លើ​វិធីសាស្ត្រ​ទទួលជោគជ័យ​ក្នុងពេល​ប្រយុទ្ធ​។ ក្នុងន័៍យ​យ​នេះ លោក ស៊ី ជិន​ភីង ក៏​ប្រកាស​ផែនការ​ក្នុងការ​អភិវឌ្ឍ​កម្លាំង​ប្រយុទ្ធ និង​កម្លាំង​គាំទ្រ​ថ្មី ការហ្វឹកហាត់​ក្នុង​លក្ខខណ្ឌ​ប្រយុទ្ធ ព្រមទាំង​ការពង្រឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​បញ្ជា​កងទ័ព​ទៀតផង​។​

​សូម​រម្លឹក​ដែរ​ថា តាំងពី​ការឡើង​កាន់តំណែង​អគ្គលេខាធិកា​បក្ស​នៅ​ឆ្នាំ​២០១២ មក​នោះ លោក ស៊ី ជិន​ភីង បាន​ផ្លាស់ប្ដូរ​មុខមាត់​កងទ័ព​ចិន​យ៉ាងខ្លាំង ដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព​គ្រប់រូប និង​ការកែសម្រួល​រចនាសម្ព័ន្ធ​តែម្ដង​។ ក្រៅពី​ផែនការ​កាត់បន្ថយ​កង​ទ័ព​ចំនួន​បី​សែន​នាក់​នោះ យោធា​ចិន​បាន​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ចាត់តាំង​យ៉ាងច្រើន តាំងពី​ថ្នាក់​កំពូល ដល់​ថ្នាក់ទាប ហើយ​អំណាច​បញ្ជា​ទាំងអស់​ធ្លាក់​ដល់ដៃ​គណៈកម្មការ​យោធា​មជ្ឈិម ដែល​លោក ស៊ី ជិន​ភីង ផ្ទាល់​អង្គុយ​កៅអី​ប្រធាន​៕


Tag:
 19thCPC
  មហាសន្និបាត​ទី ១៩
  ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com