ជាតិ
យុវជន​កម្ពុជា​ចែករំលែក​ពី​«​គំរូ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​»​នៅ​ឥណ្ឌូណេស៊ី​
21, Oct 2017 , 11:19 pm        
រូបភាព
ដោយ:
ក្រោម​ការជួយជ្រោមជ្រែង ពី​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) សិស្ស​-​និស្សិត​កម្ពុជា ចំនួន​៦​នាក់​បាន​ចូលរួម​«​គំរូ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​» នៅ​ទីក្រុង ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី ក្នុងនោះ​មាន​៤​នាក់​ជា​សិស្ស CAM-ASEAN​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ដែលមាន​យុវជន​ជាង​១០០​នាក់ មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ចូលរួម ដោយ​ពួកគេ​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​ប្រទេស ដើម្បី​ចរចា ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា ដែល​បាន​កើតឡើង ក្នុង​សតវត្ស​ទី​២១​។



យុវជន​កម្ពុជា​៤​រូប បាន​ចែករំលែក​បទពិសោធន៍ បន្ទាប់ពី​បាន​ចូលរួម សម័យប្រជុំ​លើក​ទី​៦ កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅ​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។ កិច្ចប្រជុំ​នេះ​មាន​យុវជន ជាង​១០០​នាក់ ដើរតួ​ជា គណៈប្រតិភូ​តំណាង​ឲ្យ​ប្រទេស​នានា ដើម្បី​ចរចា ពិភាក្សា និង​ស្វែងរក​នូវ​ដំណោះស្រាយ លើ​បញ្ហា​នានា​ដែល​បាន​កើតឡើង​ក្នុង​សតវត្ស​ទី​២១​។​



កញ្ញា ផល្លា ដា​លី​យ៉ា ជា​សិស្ស​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានបង្ហាញ​ចំណាប់អារម្មណ៍ ក្រោយពី​បាន​ចូលរួម​កិ​ចុ្ច​ប្រជុំ​នោះ​ដូច្នេះ​ថា រូបនាង​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​តំណាង​មួយរូប​របស់​យុវជន​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​។ នៅក្នុង​កិច្ចប្រជុំ​នេះ កញ្ញា​នឹង​ដើរតួនាទី​ជា មន្ត្រី​ព័ត៌មាន ដែល​ត្រូវ​ចេញផ្សាយ​ព័ត៌មាន​ឲ្យ​បាន​២ អត្ថបទ ទាក់ទង​នឹង​ប្រធានបទ​នីមួយៗ ក្នុង​កិច្ចប្រជុំ​។ យុវតី​២១​រូបនេះ រូបគេ​បាន​រៀនសូត្រ​ជាច្រើន ជាពិសេស​ចេះ​ពី​របៀប​ស្រាវជ្រាវ និង​ការសរសេរ​។ កញ្ញា ផល្លា ដា​លី​យ៉ា ថ្លែងបន្ត​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញ​យុវជន​ប្រទេស​គេ​ពូកែ ទាំង​ភាសា និង​សរសេរ​បានល្អ គ្រាន់តែ​ចប់​កិច្ចប្រជុំ​ភ្លាម ពួកគេ​សរសេរ​ហើយ​ភ្លាម​។ សម្រាប់​ខ្ញុំ​មិនដែល​ជួប​អារម្មណ៍ បែបនេះ​នៅ​ស្រុក​ខ្មែរ​ទេ​។ សូម្បីតែ​ខ្ញុំ​រៀន​នៅ​សាលា IFL ដែល​គេ​ទទួលស្គាល់​ហើយ ប៉ុន្តែ​នៅតែ​មិនអាច​ប្រៀបធៀប ជាមួយ​គេ​បាន​ទៀត​។ គេ​រៀន​យ៉ាងម៉េច ក៏​ខ្លាំង​ម្លេះ​? អីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​គិតថា ធ្វើ​យ៉ាងម៉េច​ឲ្យ​ខ្លាំង​ដូច​គេ​។ ក្រោយមកទៀត ខ្ញុំ​បាន​សរសេរ​លឿន​វិញ​ម្តង ជា​លទ្ធផល​ខ្ញុំ​បាន​ក្លាយជា Best delegates ពីព្រោះ​ខ្ញុំ​សរសេរ​បានល្អ លឿន និង​មានការ​ខំប្រឹងប្រែង​ខ្លាំង​»​។ 



មាន​សិស្ស CAM-ASEAN ១​នាក់​ទៀត ដែល​បាន​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​នោះដែរ គឺ​ឈ្មោះ ធី ច័ន្ទ​រិ​ទ្ធ បាន​ដើរតួ​ជា​គណៈប្រតិភូ តំណាង​សហភាព​រុស្ស៊ី បាន​ពិភាក្សា​ពី​ជម្លោះ​នៅ​តំបន់​កា​ស្មៀ រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។ អ្វីដែល​យុវជន​រូបនេះ បាន​រៀនសូត្រ​ពី​កិច្ចប្រជុំ​នេះ ពី​របៀប​ចង​ជា​សម្ព័ន្ធមិត្ត ការទូត និង​បញ្ហា​អន្តរជាតិ​ជាច្រើន​ទៀត ជាពិសេស​ការកសាង​ទំនុកចិត្ត​។ យុវ​សិស្ស ធី ច័ន្ទ​រិ​ទ្ធ ថ្លែងបន្ត​ដូច្នេះ​ថា​៖ យើង​ធ្វើការ​ជា​ក្រុម​នៅ​កន្លែង​ការងារ និង​សាលា​។ យើង​មិន​ចង់បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​។ សម្រាប់​កិច្ចប្រជុំ​នេះ​វិញ យើង​ធ្វើការ​ជា​ក្រុម​មែន ប៉ុន្តែ​យើង​ឈរលើ​ជំហរ​ផលប្រយោជន៍​ប្រទេស​រៀង​ខ្លួន​»​។ 



អារម្មណ៍​រំភើប លាយឡំ​នឹង​ភ័យ​បាន​កើតឡើង​ចំពោះ​យុវតី ហ៊ាន ដា​នី ដែលជា​និស្សិត​សាកលវិទ្យាល័យ​ហ្ស៉ា​ម៉ាន់​។ យុវតី​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​សាធារណរដ្ឋ​ឆាដ ដើម្បី​ពិភាក្សា ពី​បញ្ហា​ប្រទេស ដែលមាន​វិបត្តិ​ការដឹកជញ្ជូន ដោយសារ​នៅ​តំបន់​ដីគោក​។ កញ្ញា មាន​កោតសរសើរ​ជា​ចំពោះ​សមត្ថភាព​ប្រទេស​ដទៃ​។ នាង​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ជាច្រើន ពី​យុវជន​មកពី     បណ្តា​ប្រទេស​ដទៃទៀត​។ យុវតី ហ៊ាន ដា​នី ថ្លែងបន្ត​ដូច្នេះ​ថា​៖« កម្មវិធី​នេះ​បាន​ផ្លាស់ប្តូរ​ខ្ញុំ ឲ្យ​ចេះ​តាមដាន​ព្រឹត្តិការណ៍​ពិភពលោក កំពុង​មានរឿង​អ្វី​? ពីព្រោះ​ខ្ញុំ​ឃើញ​យុវជន​គេ ដឹង​ពី​ប្រទេស​យើង​ច្រើន ជាង​យើង​ម្ចាស់​ប្រទេស​។ អីចឹង​ធ្វើ​ឲ្យ​ចំណេះដឹង​ទូទៅ​គេ​ខ្លាំង នៅពេលដែល​ខ្លួនឯង ទៅ​មិនដឹង​អ្វី​បែបនេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​គេ និង​យក​គេ​ធ្វើជា​គំរូ​»​។



ចំណែក​យុវជន​ម្នាក់ទៀត ជា​និស្សិត​នៃ​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ ឈ្មោះ ទា វណ្ណ​វា​រ៉ា ក៏បាន​បង្ហាញ​រីករាយ​ស្រដៀង​គ្នា នឹង​យុវតី​ខាងលើ​ដែរ​។ បន្ថែម​ពីនេះ វណ្ណ​វា​រ៉ា ដែល​បាន​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​ឲ្យ​ប្រទេស Mauritius  ដើម្បី​ពិភាក្សា​បញ្ហា​ទន្លេ​មួយ ដែល​សិ្ថ​ត​នៅ​ទ្វិ​ប​អាហ្វ្រិក​នោះ​។ តាមរយៈ​កម្មវិធី​នេះ រូបគេ អាច​ពង្រឹង​បាន​ភាពក្លាហាន វិធីសាស្ត្រ​ក្នុងការ​បញ្ចុះបញ្ចូល និង​ការធ្វើទំនាក់ទំនង​ជាមួយ​យុវជន​ផ្សេងទៀត ជាពិសេស​ការរៀនសូត្រ​ពី​ប្រទេស​ផ្សេងៗ​។  និស្សិត ទា វណ្ណ​វា​រ៉ា បាន​ជំរុញ​ឲ្យ​យុវជន​ដាក់​កម្មវិធី​នេះ និង​បណ្តា​ប្រទេស​ផ្សេងៗ ឲ្យ​បាន​ច្រើន ដើម្បី​សិក្សា​សិក្សា​រៀនសូត្រ និង​ពង្រឹងសមត្ថភាព​ខ្លួនឯង​៕




© រក្សាសិទ្ធិដោយ thmeythmey.com