សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនចង់រំលែកបទពិសោធដល់ប្រទេសផ្សេងដើម្បីឲ្យសេដ្ឋកិច្ចជឿនលឿនដូចខ្លួន លោក He Lifeng ប្រធានគណៈកម្មការអភិវឌ្ឍ និងកែទម្រង់ជាតិ (ឆ្វេងទីពីរ) និងលោក Ning Jizhe ប្រធានការិយាល័យស្ថិតិជាតិ (ឆ្វេងបង្អស់) ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែតុលា
× ប៉េកាំង៖ មន្ត្រីបក្សកុម្មុយនីស្តចិនលោក Ning Jizhe នៅថ្ងៃទី២១ ខែតុលា បាននិយាយថា លំនាំនៃ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន អាចក្លាយជាគម្រូសម្រាប់ប្រទេសកំពុងអភិវឌ្ឍយកតម្រាប់តាមដើម្បី ជំរុញសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ បើតាមលោក Ning Jizhe ចិនអាចចែករំលែកបទ ពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសផ្សេងបានដែរ ព្រោះចិនធ្វើទំនាក់ទំនងជាមួយអន្តរជាតិក៏ដើម្បី ផលប្រយោជន៍រួមគ្នា។
ដូចដឹងស្រាប់ ចិនគឺជាប្រទេសដឹកនាំតាមបែបកុម្មុយនីស្ត តែប្រកាន់នយោបាយសេដ្ឋកិច្ចទីផ្សារសេរី។ ការបើកចំហទីផ្សារ ធ្វើឡើងក្រោមសម័យដឹកនាំរបស់អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តចិន តេង ស៊ាវភីង ក្នុងទសវត្សរ៍១៩៨០មក។ ការប្រកាន់យកប្រព័ន្ធទីផ្សារសេរីនេះ ជួយឲ្យសេដ្ឋកិច្ចក្នុងស្រុករបស់ចិនរីកចម្រើនខ្លាំងរហូតដល់កាន់កាប់តំណែងមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ ខណៈអត្រាភាពក្រីក្រក៏កាត់បន្ថយជាលំដាប់ដែរនោះ។
ក្នុងន័យនេះ លោក Ning Jizhe ប្រធានការិយាល័យស្ថិតិជាតិ និយាយថា ប្រទេសកំពុងអភិវឌ្ឍអាចយកប្រព័ន្ធសេដ្ឋកិច្ចចិនធ្វើជាមេរៀនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឯងបាន ហើយចិនក៏អាចប្រាប់ពីបទពិសោធន៍របស់ខ្លួនបានដែរ។ ក្នុងសន្និសីទកាសែតថ្ងៃទី២១ ខែតុលា លោក Ning បញ្ជាក់ថា៖ «ចាប់តាំងពីការបើកចំហរមក ពោលពីការអនុវត្តសេដ្ឋកិច្ចផែនការ ទៅកាន់សេដ្ឋកិច្ចទីផ្សាយ ចិនបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនជាច្រើន»។
ការថ្លែងខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា ប្រទេសផ្សេងអាចចម្លងតាមលំនាំសេដ្ឋកិច្ចរបស់ចិនបានឬទេ។ មន្ត្រីបក្សកុម្មុយនីស្តចិនរូបនេះ បន្តថា ចិននឹងបន្តធ្វើការទាក់ទងជាមួយប្រទេសដទៃ ដ្បិតពិភពលោកបច្ចុប្បន្នគឺជាយុគសម័យពហុប៉ូល ដែលមិនទាន់ប្រែប្រួលអ្វីទេ។ សព្វថ្ងៃ ក្រុងប៉េកាំងធ្វើកិច្ចជាច្រើនដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួន រាប់ទាំងការចេញបទបញ្ញត្តិសម្រួលការទាក់ទាញវិនិយោគពីអន្តរជាតិជាដើម។
សារព័ត៌មានចិន People Daily ផ្សាយថា ផលិតផលក្នុងស្រុកសរុប (GDP) នៅ៦ខែដើមឆ្នាំ២០១៧ មានចំនួន៦,៩ភាគរយ ដែលនេះជាអត្រាខ្ពស់មួយ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ចិនម្នាក់ទៀត គឺលោក He Lifeng ដែលជាប្រធានគណៈកម្មការអភិវឌ្ឍ និងកែទម្រង់ជាតិ អះអាងថា GDP របស់ចិននៅឆ្នាំ២០១៧ នឹងមានអត្រា៦,៥ភាគរយ ប៉ុន្តែលទ្ធផលព្យាករណ៍នៅដំណាច់ឆ្នាំរំពឺងថាអាចនឹងកើនខ្ពស់ផងដែរ។
បើតាមលោក He ទោះជាចិននៅតែបន្តស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួនក្ដី សូចនាករសេដ្ឋកិច្ចជាច្រើនដូចជាអតិផរណា GDP និងអត្រាមានការងារ ស្ថិតក្នុងកម្រិតថេរ ហើយប្រជាជនច្រើនជាងដប់លាននាក់ក្នុងមួយឆ្នាំរួចផុតពីបន្ទាត់ក្រីក្រ។ ចំពោះជំហរចែករំលែកបទពិសោធន៍វិញ លោក Ning សង្កត់ធ្ងន់ថា នេះជាជំហររបស់លោក ស៊ី ជិនភីង ដើម្បីសម្រេចឲ្យគោលដៅនៃការបង្កើតសហគមន៍រួមគ្នាសម្រាប់ពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com