អន្តរជាតិ
សិង្ហ​បុរី និង​អាមេរិក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ
24, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​ជា​លើកដំបូង​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ក្នុង​ដំណើ​ទស្សនកិច្ច​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​នេះ គេ​ឃើញ​មានការ​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​អាមេរិក និង​សិង្ហ​បុរី​ក្នុង​ការទិញ​យន្តហោះ​ដឹក​អ្នកដំណើរ Boeing ចំនួន ៣៩ គ្រឿង​ដែលមាន​តម្លៃ​រហូតដល់ ១៦​ពាន់​លាន​ដុល្លារ​។ មេដឹកនាំ​ទាំងពីរ​ក៏​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច​ដើម្បី​សម្រេច​ផលប្រយោជន៍​រួម​។ អ្វីដែល​សំខាន់​មេដឹកនាំ​សិង្ហ​បុរី​ក៏បាន​ទទូច​ឲ្យ​រដ្ឋបាល​អាមេរិក​បន្ត​វត្តមាន​របស់ខ្លួន និង​កុំ​បោះបង់​ឱកាស​ក្រសោប​តំបន់​អាស៊ាន​ឲ្យ​សោះ​នៅពេល​អនាគត​។



​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ ២៣ ខែតុលា​ម្សិលមិញ​នេះ​។ វត្តមាន​របស់លោក នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ស្និទ្ធស្នាល​រវាង​លោក សិង្ហ​បុរី និង​សហរដ្ឋអាមេរិក​ផង​។​

​លោក លី សៀន​ឡុង បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅក្នុង​ការិយាល័យ​ពងក្រពើ​ជា​កន្លែង​ដែល​ទទួល​ស្វាគមន៍​មេដឹកនាំ​បរទេស​នោះ​។ ក្នុងឱកាស​នោះ លោក ត្រាំ បាន​លើកសរសើរ​លោក លី សៀន​ឡុង ដែល​បាន​ដឹកនាំ​សិង្ហ​បុរី​ឲ្យ​រីកចម្រើន​ទៅមុខ​រៀង​រហូតមក ហើយ​លោក​ក៏​អះអាងថា ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​សិង្ហ​បុរី​ពេលនេះ​ល្អូក​ល្អឺ​ន​ជា​ពេលណាៗ​ទាំងអស់​ដែរ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ មេដឹកនាំ​ទាំងពីរ​ក៏បាន​ធ្វើជា​អធិបតី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ប៊ូ​អ៊ីង​ចំនួន ៣៩ គ្រឿង​ពី​សហរដ្ឋអាមេរិក​ផងដែរ​ក្នុង​ទំហំ​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​

 នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា លោក លី សៀន​ឡុង  ក៏បាន​ពិ​ព៌​ណ​នាពី​សម្ព័ន្ធភាព​រវាង​អាមេរិក និង​សិង្ហ​បុរី​បច្ចុប្បន្ន​ដែរ​។ ទំនាក់ទំនង​រវាង​អាមេរិក និង​សិង្ហ​បុរី​ស្ថិតក្នុង​ស្ថានភាព​ស៊ីជម្រៅ និង​មាន​វិសាលភាព​ធំ​ទូលាយ​គ្របដណ្តប់​លើ​ច្រើន​វិស័យ​ទាំង​សេដ្ឋកិច្ច សន្តិសុខ និង ការពារជាតិ​។​

​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច លោក លី សៀន​ឡុង​បាន រៀបរាប់​អាមេរិក​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​មួយ ដោយ​ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កើន​ដល់​ច្រើនជាង ៦៨​ពាន់​លាន​ដុល្លារ​ឯណោះ​នៅ​ឆ្នាំ ២០១៦ ។ បន្ថែម​ពីនេះ ទំនិញ និង​សេវា​របស់​អាមេរិក​នាំ​ចេញទៅ​សិង្ហ​បុរី​កើនឡើង​ច្រើនជាង​៤៣​ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​។

​ក្រៅពី​សេដ្ឋកិច្ច​ទំនាក់ទំនង​សន្តិសុខ​និង​ការពារជាតិ​រវាង​សិង្ហ​បុរី និង​សហរដ្ឋអាមេរិក​ក៏​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ​ដូចគ្នា​។ ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែម សិង្ហ​បុរី​ក៏បាន​ប្រកាស​បន្ត​ចូលរួម​ប្រតិបត្តិការ​យោធា​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ​នៅ​មជ្ឈិមបូព៌ា​ឆ្នាំក្រោយ​ទៀត​។

​សិង្ហ​បុរី​ក្លាយជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែមួយគត់​ដែល​បាន​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​ដើម្បី​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​កម្ចាត់​ក្រុម​ដែ​ស្ហ​។ ហើយ​ចាប់ពី​ឆ្នាំ ១៩៩០ ប្រទេស​នេះ​បានទទួល​កងទ័ពអាកាស និង​កងទ័ពជើងទឹក​អាមេរិក​ដែល​ពង្រាយ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​រហូតមក​។ ចំណែក​អាមេរិក​វិញ ក៏​ទទួល​កងទ័ព​សិង្ហ​បុរី​ច្រើនជាង ១​ពាន់​នាក់​ឲ្យ​មក​ហ្វឹកហ្វឺន​នៅក្នុង​ទឹកដី​ខ្លួន​រៀងរាល់ឆ្នាំ​ផងដែរ​។​

​សិង្ហ​បុរី​ទទូច​ឲ្យ​អាមេរិក​យកចិត្តទុកដាក់​ចំពោះ​តំបន់​អាស៊ាន​

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នោះដែរ លោក លី សៀន​ឡុង បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ទស្សនកិច្ច​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ខែក្រោយ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​លោក​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កិច្ច​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅក្នុង​ប្រទេស​វៀតណាម និង​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​នោះ​។

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ស្រង់​សម្តី​លោក លី សៀន​ឡុង​ដូច្នេះ​ថា​៖« វត្តមាន​រប​សើ​លោក ត្រាំ​នៅ​អាស៊ី​មានន័យ​ខ្លាំងណាស់​ចំពោះ​មិត្ត និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​តំបន់ ហើយ​វា​ក៏​នឹង​បើកទ្វារ និង​អភិវឌ្ឍ​ទីផ្សារ​សម្រាប់​អាមេរិក​ក្នុង​តំបន់​»​។​

​នៅ​ឆ្នាំ​ក្រោយនេះ សិង្ហ​បុរី​ដែល​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នឹង​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ប្រធាន​អង្គការ​តំបន់​ពង្រឹង​ទំនាក់ទំនង​ប្រទេស​តំបន់​ជាមួយ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។  ដូច​ឃើញស្រាប់​លោក លី ក៏បាន​ឆ្លៀតឱកាស​អំពា​នាវ​ទៅកាន់​មេដឹកនាំ​អាមេរិក​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍ និង​កុំ​ឲ្យ​បាត់បង់​ឱកាស​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ឲ្យ​សោះ​។​

​យ៉ាងណាមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​មក​អាស៊ី​នេះ លោក ត្រាំ មិន​បានមក​ទស្សនកិច្ច​នៅ​សង្ហ​បុរី​ឡើយ​។ ប៉ុន្តែ​លោក លី បាន​អ​ញ្ចើ​ញ​លោក ត្រាំ ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​នៅ​ឆ្នាំក្រោយ ហើយ​លោក ត្រាំ​ក៏​ទទួលយក​ការអញ្ជើញ​របស់លោក លី រួចរាល់​ដែរ​៕  


Tag:
 សិង្ហ​បុរី​
  អាមេរិក​
  លី សៀន​ឡុង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com