អន្តរជាតិ
លី សៀន​ឡុង​៖«​រដ្ឋបាល​ត្រាំ កំពុង​ពិនិត្យ​នយោបាយ​ខ្លួន​ឡើងវិញ ប៉ុន្តែ​មិន​ដកខ្លួន​ពី​អាស៊ី​ឡើយ​»
26, Oct 2017 , 3:16 pm        
រូបភាព
​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​នៅ​អាមេរិក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​លើកឡើងថា សហរដ្ឋអាមេរិក​ពិត​ជា​កំពុង​ត្រួត​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​ជាមួយ​តំបន់​អាស៊ី​ពិតមែន​។ ប៉ុន្តែ​លោក​មិនបាន​លឺ​មន្ត្រី​អា​មេ​រិច​ណាមួយ​និយាយ​ពី​រឿង​«​អាមេរិក​ដកខ្លួន​ចេញពី​តំបន់​»​ដូច​គេ​បារម្ភ​ឡើយ​។



​ក្នុងពេល​ផ្ត​ល់ប​ឋ​កថា​សាធារណៈ​ផ្តោតលើ​ទំនាក់ទំនង​អាមេរិក និង​សិង្ហ​បុរី រួមជាមួយ​បញ្ហា​យុទ្ធសាស្ត្រ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ (Council on Foreign Relations)  នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ពន្យល់ថា អាមេរិក​គ្មាន​ចេតនា​ដកខ្លួន​ចេញពី​តំបន់​អាស៊ី​ឡើយ​។  

​លោក​អះអាងថា លោក បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អនុ​ប្រធានាធិបតី Mike Pence រដ្ឋមន្ត្រីការបរទេស រិច ធី​ល័​រ​សិន រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ទី​ស រួមទាំង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​H.R. McMaster ផងដែរ​។ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក ត្រាំ សុទ្ធតែ​បាន​អះអាងថា អាមេរិក​កំពុង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​របស់ខ្លួន​មកកាន់​តំបន់​អាស៊ី ប៉ុន្តែ​គ្មាន​ការដកខ្លួន​ចេញពី​តំបន់​ដូច​គេ​ធ្លាប់​បារម្ភ​ឡើយ​។
 
​ក្នុង​វីដេអូ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ឆ្លើយតប​សំណួរ​អ្នកចូលរួម​ទាក់ទង​គោ​លន​យោ​បា​អាមេរិក​នៅ​អាស៊ី​ដូច្នេះ​៖ «​ខ្ញុំ​គិតថា រដ្ឋបាល​លោក ត្រាំ កំពុង​បន្ត​អភិវឌ្ឍ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ខ្លួន​មកកាន់​តំបន់​អាស៊ី ដូចជា​នយោបាយ​ការបរទេស​ទៅកាន់​តំបន់​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​របស់​អ្នក ហើយ​ពួកគេ​បាន​និយាយថា អាមេរិក​មិន​ដកខ្លួន​ចេញពី​តំបន់​ឡើយ​។ ហើយ​វា​ក៏​ជា​សារ​មួយ​ដ៏​សំខាន់​ដែរ​»​។​

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ខាងលើ​បាន​បន្ថែមថា មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ភាគច្រើន​បាន​ប្រាប់​លោក​ពី​ការបន្ត​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី ប៉ុន្តែ​គេច​ង់​មានការ​កែសម្រួល​គោលនយោបាយ​ទាំងនោះ​ដើម្បី​ឲ្យ​ស្របតាម​ការផ្លាស់ប្តូរ​នៃ​បរិបទ​តំបន់​។​

​បន្ថែម​ពីនេះ លោក លី សៀន​ឡុង បាន​បង្ហើប​ផងដែរ​ថា រដ្ឋបាល​អាមេរិក​យល់ច្បាស់​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទូទាំង​ពិភពលោក​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​ដឹង​ច្បាស់​ថា ជោគវាសនា​របស់​អាមេរិក​ពឹងផ្អែក​សំខាន់​លើ​ប្រទេស​ផ្សេងទៀត​ដែលជា​មិត្ត ជា​ដៃគូ និង​សម្ព័ន្ធមិត្ត​ផង​។ ដូច្នេះហើយ វា​សម​ហេតុផល​ដែល​លោក ត្រាំ នឹង​បន្ត​ប្រឹងប្រែង​លើកស្ទួយ​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី​ទាំង​ក្រោម​ក្របខណ្ឌ​សេដ្ឋកិច្ច នយោបាយ សន្តិសុខ និង​ការទូត​។

​លោក លី កត់សម្គាល់​ដូច្នេះ​៖«​ខ្ញុំ​គិតថា ពួកគេ​ដឹង​ច្បាស់​ថា ដោយសារ​គោលជំហរ​បើ​ក​ចំហរ និង​មាន​ឆន្ទៈ​ល្អ អាមេរិក​អាច​រក្សាបាន​នូវ​ស្ថិរភាព និង​វិបុលភាព​នៅលើ​ពិភពលោក ដែល​វា​ជា​អ្វីដែល​គ្រប់គ្នា​អាច​ទាញយក​ជា​ប្រយោជន៍​បាន ហើយ​អាមេរិក​ខ្លួនឯង​ក៏​ដូច្នោះ​ដែរ​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  លី សៀន​ឡុង​
  អាមេរិក​
  Mike Pence
© រក្សាសិទ្ធិដោយ thmeythmey.com