អន្តរជាតិ
ត្រាំ​៖ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​កាន់តែ​ស្រួល​ដោះស្រាយ បើ​ទំនាក់ទំនង​អាមេរិក​ជាមួយ​រុស្ស៊ី​ល្អ​»
26, Oct 2017 , 4:32 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​ល្អ​រវាង​រុស្ស៊ី អាមេរិក​នឹង​ជួយ​សម្រួល​ដល់​ការដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ជាពិសេស​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ឆ្នាំមុន​។



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News សប្តាហ៍​នេះ ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បានកត់សម្គាល់​ពីសារ​សំខាន់​ក្នុង​ការស្តារ ក៏ដូចជា​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក និង​រុស្ស៊ី​ឲ្យ​បានល្អ​។

​បើតាម​ការយល់ឃើញរ​ប​ស់លោក ត្រាំ ទំនាក់ទំនង​ល្អ​រវាង​មហាអំណាច​ទាំងពីរ​ជួយ​ឲ្យ​ការដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​កាន់តែ​ងាយស្រួល និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

«​ខ្ញុំ​គិតថា វា​ជា​រឿង​ល្អប្រសើរ​មួយ បើ​យើង​អាចមាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​។ ខ្ញុំ​មិន​គិតថា វា​ជា​រឿង​ខុសឆ្គង​ឡើយ​»​។​នេះ​ជាស​ម្តី​របស់លោក ត្រាំ ក្នុង​បទសម្ភាសន៍​ដែល​ចេញផ្សាយ​ថ្ងៃ​ពុធ ទី ២៥ ខែតុលា​។

​លោក ត្រាំ បាន​បន្តថា​៖« ខ្ញុំ​គិតថា យើង​អាចមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ ខ្ញុំ​ក៏​គិត​ដូចគ្នា​ថា ការដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ក៏​កាន់តែ​ងាយស្រួល​ដោះស្រាយ​ដូចគ្នា​»​។

​យ៉ាងណាក៏ដោយ ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​បច្ចុប្បន្ន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​តាំងពី​ក្រោយ​សង្គ្រាមត្រជាក់​បិទ​បញ្ចប់ទៅ​។  អាមេរិក​បន្ត​ចោទប្រកាន់ថា រុស្ស៊ី​លួច​ចូល​ប្រព័ន្ធ​បោះឆ្នោត​របស់ខ្លួន​កន្លង​មក​ដើម្បី​ជួយ​ឲ្យ​លោក ដូ​ណា​ល់ ជាប់ឆ្នោត ហើយ​មហាអំណាច​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ជម្លោះ​ស៊ី​រី​ផង​។  គេ​សង្កេតឃើញ​មានការ​បណ្តេញ ឬ​កាត់បន្ថយ​មន្ត្រីការទូត​ទៅវិញទៅមក​រវាង​ភាគី​ទាំងពីរ​ដែរ​កន្លងមក​។

​ដោយឡែក បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​ជា​រឿងចម្រូងចម្រាស​និង​ពិបាក​ដោះស្រាយ​បំផុត​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​។ ប្រទេស​នេះ​បាន​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់ បើទោះជា​ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​រង​ទណ្ឌកម្ម​ច្រើន​ជំហាន​ក៏ដោយ​។

​ម្យ៉ាងវិញទៀត​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ឡើង ហើយ​ការប្រឈមមុខគ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក៏​កាន់តែ​ក្តៅ​ទៀត​រយៈពេល​ចុងក្រោយ ដោយសារ​ជម្លោះ​ពាក្យសម្តី​របស់លោក ត្រាំ និង​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង គីម ជុង​អ៊ុន​។ លោក ត្រាំ គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​កម្ទេច​របប​ដឹកនាំ​ព្យុងយ៉ាង ឯ​លោក គីម ជុង​អ៊ុន ចម្អក​ថា ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​បាញ់​ដល់​ដី​អាមេរិក​។ គេ​ថែមទាំង​ប្រកាស​ផងដែរ​ថា បើ​អាមេរិក​មិន​ប្តូរ​ឥរិយាបថ និង​ឈប់​បង្កើត​អរិភាព​ទេ ខ្លួន​ក៏​មិន​យក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទៅ​ដាក់​លើ​តុ​ចរចា​ដែរ​៕  


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
  រុស្ស៊ី​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com