អន្តរជាតិ
លី សៀន​ឡុង​៖ «​សិង្ហ​បុរី​នឹង​បន្ត​ធ្វើជា​មិត្ត​មហាអំណាច​ទាំងពីរ​អាមេរិក និង​ចិន​»
26, Oct 2017 , 8:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បង្ហាញ​ជំហរ​ច្បាស់​ថា សិង្ហ​បុរី​នឹង​នៅ​ជា​មិត្ត​មហាអំណាច​ទាំងពីរ​ចិន និង​អាមេរិក ដោយ​មិន​ជ្រើស​រើសយក​ភាគី​ណាមួយ​ក្នុងចំណោម​មហាអំណាច​ទាំងពីរ​ឡើយ​។ លោក​ក៏​សង្ឃឹមថា អាមេរិក និង​ចិន​នឹង​អាច​រក្សា​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​ធានា​ប្រយោជន៍​សម្រាប់​ពិភពលោក​។

 
 

​ក្នុង​កិច្ចពិភាក្សា​មួយ​ពី​ទំនាក់ទំនង​អាមេរិក និង​សិង្ហ​បុរី​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ (Council on Foreign Relations) នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បានបញ្ជាក់​ប្រាប់​អ្នកចូលរួម​ថា សិង្ហ​បុរី​ធ្វើជា​មិត្ត​របស់​ចិន និង​អាមេរិក ដោយ​មិន​ជ្រើសរើស​មហាអំណាច​ណាមួយ​ឡើយ ហើយ​លោក​សង្ឃឹមថា​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​កាន់តែ​ល្អប្រសើរ​។ 

​យោងតាម​វីដេអូ​ចុះផ្សាយ​ដោយ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ លោក លី សៀន​ឡុង បាន​និយាយ​ដូច្នេះ​៖ «​យើង​ចង់​នៅ​ជា​មិត្ត​ជាមួយ​មហាអំណាច​ទាំងពីរ ចិន និង​អាមេរិក​។ ប្រសិនបើ​មិត្តភាព​រវាង​អ្នក​ទាំងពីរ​តានតឹង​នោះ ភាគី​ណាមួយ​ឬ​អាច​ទាំងពីរ​និយាយថា អ្នកឯង​នៅ​ជាមួយ​ខ្ញុំ ឬក៏​ប្រឆាំង​ខ្ញុំ​។ ដូច្នេះ​យើង​នឹង​ស្ថិតក្នុង​ស្ថានភាព​មួយ​លំបាក​មិន​ខាន​»​។
 
​លោក លី សៀន​ឡុង បានកត់សម្គាល់​ផងដែរ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ជា​ទំនាក់ទំនង​ដ៏​សំខាន់បំផុត​លើ​ពិភពលោក ហើយ​លោក​សង្ឃឹម​មុតមាំ​ថា មហាអំណាច​ទាំងពីរ​នឹង​អាច​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​មាន​ស្ថិរភាព ឬ​អាច​អភិវឌ្ឍ​វា​ឲ្យ​ប្រសើរឡើង​ផង​។ វា​មានន័យថា គ្រប់គ្នា​នឹង​អាច​បន្ត​ទទួលបាន​ប្រយោជន៍​ពី​ទំនាក់ទំនង​ល្អ​រវាង​មហាអំណាច​ទាំងពីរ​នេះ​ដូចគ្នា​។​

​នាយករដ្ឋមន្ត្រី​រូបនេះ​ពន្យល់​បន្ថែមថា សេដ្ឋកិច្ច​របស់​ចិន​រីកចម្រើន​ជា​លំដាប់​រៀងរាល់ឆ្នាំ ហើយ​វា​មិនអាច​ប្រកែក​បានឡើយ​ដែលថា មហាអំណាច​នេះ​មាន​សារសំខាន់​ទាំង​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​ទាំងអស់​។ លោក លី សៀន ឡុង ក៏បាន​លើកឡើង​ពី​ឱកាស​នានា​ដែល​ប្រទេស​នានា​ដែល​ចាប់យក​បាន​ដោយ​ការចូលរួម​អនុវត្ត​គំនិត​ផ្តួចផ្តើម​របស់​ចិន «​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ដូចគ្នា​។​

​ក្រៅពីនេះ មេដឹកនាំ​សិង្ហ​បុរី​ក៏​យល់ថា​ឃើញថា អាមេរិក​ត្រូវការ​ចាប់ដៃ​ជាមួយ​មហាអំណាច​ថ្មី​ចិន​នេះ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ពិភពលោក​ដែល​កើតឡើង​នៅពេល​បច្ចុប្បន្ន និង​ធានា​សន្តិសុខ ស្ថិរភាព និង​សន្តិភាព​ពិភពលោក​ផង​។​

«​ចិន​កាន់តែខ្លាំង និង​កាន់តែ​ធំ​នៅពេលនេះ​។ វា​មានន័យថា អាមេរិក​ត្រូវការ​ការសហការ​កាន់​តែ​ច្រើន​បន្ថែមទៀត មិន​ត្រឹមតែ​លើ​ទំនាក់ទំនង​ទ្វេភាគី​ទេ ប៉ុន្តែ​វា​អាច​ទាក់​ទំនង​បញ្ហា​យុទ្ធសាស្ត្រ​ផ្សេងទៀត​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ អ្នក​ត្រូវមាន​ចិន​ចូលរួម​។ ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ អ្នក​ក៏ត្រូវ​មាន​ចិន​ចូលរួម​។ ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង អ្នក​ក៏ត្រូវ​ការ​ចិន​ដូចគ្នា​»​។ លោក លី សៀន ឡុង បាន​អធិប្បាយ​ដូច្នេះ​៕ 


Tag:
 លី សៀន​ឡុង​
  ចិន
  អាមេរិក​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com