ជាតិ
សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​មួយរូប បង្ហាញ​ក្តីបារម្ភ​ខ្លាច​បាត់បង់​ធនធាន​មច្ឆជាតិ​
28, Oct 2017 , 4:25 pm        
រូបភាព
លោក សួន លន់ ថ្លែងក្នុងប្រជុំព្រឹទ្ធសភា កាលពីថ្ងៃទី ២៧ ខែតុលា
លោក សួន លន់ ថ្លែងក្នុងប្រជុំព្រឹទ្ធសភា កាលពីថ្ងៃទី ២៧ ខែតុលា
ដោយ: ថ្មីៗ
 
​លោក សួន លន់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ធនធាន​មច្ឆជាតិ​នៅ​តំបន់​ទឹកសាប​។ ការព្រួយបារម្ភ​របស់​លោក សួន លន់ ធ្វើឡើង​កិច្ចប្រជុំ​លើក​ទី ១១ នីតិកាល​ទី​៣ នៃ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ នៅ​វិមាន​ព្រឹទ្ធសភា​។​

 
​លោក សួន លន់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​ពី​ក្តីកង្វល់​ខ្លួន​ជុំវិញ​ការថយចុះ​ធនធាន​មច្ឆជាតិ ដោយសារ​លោក​យល់ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពូជ​ត្រី​មួយចំនួន ស្ទើរតែ​លែងមាន​វត្តមាន​នៅតាម​ទំ​បន់​ទឹកសាប​របស់​កម្ពុជា​ទៀតហើយ​។ លោក សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានស្នើ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ចាត់​វិធាន​ទប់ស្កាត់​ចំពោះ​បទល្មើស​នេសាទ ដែល​នៅ​កើតមាន​ជា​ហូរហែ​នៅតាម​ទន្លេ បឹងបួ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ស្រង់​សម្តី​លោក សួន លុន ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា ដែល​ពិភាក្សា​លើ​ការ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ជលផល កាលពី​ថ្ងៃទី ២៧ ខែតុលា​។ 
 
​លោក សួន លន់ បញ្ជាក់​យ៉ាងនេះ​ថា​៖«​ជនល្មើស​បើ​ប្រើ​ស្បៃ​មុង​ក្រឡា​ល្អិត​ខុសពី​ច្បាប់​កំណត់ និង​ប្រើប្រាស់​ឧបករណ៍​ឆក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបន្ត ពូជ​ត្រី និង​ថយចុះ​នៃ​ចំនួន​ត្រី​មួយ ចំនួន​ដូចជា​ត្រី សណ្តាយ ត្រី​គល់រាំង និង​ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន ប្រភេទ​ទៀត​។​បើ​មិន​ចាត់វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ ចំនួន​បរិមាណ​ត្រី​ទឹកសាប នឹង​ថយចុះ​កាន់តែច្រើន​ថែមទៀត ដែល​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​បរិភោគ​រប​ស់​ប្រជាពលរដ្ឋ​បានឡើយ​»​។​
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​នោះដែរ បាន​ទទួលស្គាល់ថា ចំនួន​ត្រីពិត​ជាមាន​ការថយចុះ និង​បាត់បង់​ពិតមែន​។ លោក​បកស្រាយ​ថា ដោយសារតែ កត្តា​ធម្មជាតិ ដូចជា​ទឹក​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ត្រី​ពិបាក​ពង​កូន ចរាចរ និង​មូលហេតុ​នៃ​ការធ្វើ​ទំនប់​វា​រី​អគ្គិសនី​នៅតាម​បណ្តា​ប្រទេស​ដង​ទន្លេមេគង្គ​ជាដើម​។ «​ម្យ៉ាងវិញទៀត​ជនល្មើស​នៅតែ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដែល​ត្រូវបាន​ហាមឃាត់ ដែល​បញ្ហា​នេះ ក្រសួង​នឹង​ចាត់វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​»​។ លោក សាខុន លើកឡើង​ដូច្នេះ ក៏​បន្ថែមថា កន្លងមក​ក្រសួងកសិកម្ម​បាន​សហ​ការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​អង្គការ Jica ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ ដោយបាន​បង្កើន​កន្លែង​ចិញ្ចឹម​ត្រី​នៅ​ទឹកសាប និង​សមុទ្រ ដោយ​ប្រើប្រាស់​បច្ចេក​សទេស ទំនើបៗ​ផងដែរ​៕
 
 

Tag:
 សួន លន់​
  ត្រី
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com