ជាតិ
អង្គរ​អ៊ែរ ហោះហើរ​ត្រង់ សៀមរាប​-​ហុងកុង​
30, Oct 2017 , 11:41 am        
រូបភាព
​សៀមរាប​៖ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ បាន​បើក​ដំណើការ​ជើងហោះហើរ​ត្រង់​ពី​សៀមរាប ទៅ​ហុងកុង និង​ពី​ហុងកុង មក​សៀមរាប ជា​ផ្លូវការ កាលពី​ថ្ងៃ​២៩ តុលា​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន មក​កម្សាន្ត​ខេត្តសៀមរាប​។​



​ពិធី​សម្ពោធ​ជា​ផ្លូវការ ត្រូវបាន​ធ្វើឡើង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់ ដល់​ភ្ញៀវ​ដែល​ជិះ​ក្នុង​ជើងហោះហើរ​ដំបូង ពី​ទីក្រុង ហុងកុង មកកាន់​ខេត្តសៀមរាប​។​



​លោក លឹម កៅ នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ បានឱ្យដឹងថា ចំពោះ​ជើងហោះហើរ​ថ្មី សៀមរាប​-​ហុងកុង នឹង​ប្រតិបត្តិការ​ចំនួន​២​ជើង​ក្នុង​មួយ​សប្តាហ៍​។ លោក​មាន​សុទិដ្ឋិនិយម​ថា ការភ្ជាប់​ជើងហោះហើរ​ថ្មី​នេះ នឹង​កាន់​តែមាន​ភាពងាយស្រួល និង​ទាក់ទាញ​ភ្ញៀវទេសចរ ចម្រុះ​ជាតិ​សាសន៍​ពី​ទីក្រុង​ហុងកុង មកកាន់​តែ​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក សៀមរាប ថែម​មួយកម្រិត​ទៀត​។​

​ក្នុង​ពិធី​សម្ពោធ​ជើងហោះហើរ​ថ្មី នា​រសៀល​ថ្ងៃទី​២៩  តុលា នោះ លោក លឹម កៅ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖« ក្រុមហ៊ុន​អង្គរ​អ៊ែរ រំពឹងថា​អតិថិជន​នឹង​រីករាយ​ជាមួយនឹង​សេវាកម្ម​ថ្មី របស់​យើង ហើយ​ក្រៅពី​ហុងកុង​យើង​ក៏មាន​គម្រោង​បើកផ្លូវ​ហោះហើរ​ថ្មីៗ​បន្ថែមទៀត​ទៅ​ប្រទេស​ថៃ សិង្ហ​បុរី  ក៏ដូចជា​ចិន​»​។  

​នៅក្នុង​ពិធី​នោះដែរ លោក លឹម កៅ បាន​បង្ហើប​ឱ្យដឹងថា ក្រៅពី​ជើងហោះហើរ​ត្រង់ សៀមរាប​-​ហុងកុង​នេះ ក្រុមហ៊ុន​អង្គរ​អ៊ែរ ក៏​កំពុង​សិក្សា​ពី​គម្រោង​ភ្ជាប់​ជើងហោះហើរ​ត្រង់ សៀមរាប​-​ឥណ្ឌា​ផងដែរ​។ លោក​បញ្ជាក់ថា ទេសចរ​ឥណ្ឌា មាន​ចំនួន​កាន់តែច្រើន ដែល​មក កម្សាន្ត​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​អស្ចារ្យ​របស់​ខ្មែរ​។​



​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ កំពុង​ប្រតិបត្តិការ​ក្នុងស្រុក​ចំនួន ២​ទីតាំង គឺ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ មក​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប ទៅកាន់​ក្រុងព្រះសីហនុ និង​ក្រៅ​ស្រុក ចំនួន ១៣​ទីតាំង ដោយ​យន្តហោះ​ចំនួន ៦​គ្រឿង​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ប្រើ​យន្តហោះ​ចំនួន 6 គ្រឿង ដែល​រួមមាន  ATR ចំនួន 3 គ្រឿង និង​យន្តហោះ Airbus 320 ចំនួន 3 គ្រឿង និង​ក្រុមហ៊ុន Airbus 321 ។ ក្រុមហ៊ុន​នេះ​មាន គោលដៅ​បង្កើន​យន្តហោះ​ដឹកជញ្ជូន​ថ្មី​ចំនួន ១២​គ្រឿង នៅក្នុង​ឆ្នាំ ២០២០៕






Tag:
 អង្គរ​អ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com