អន្តរជាតិ
ក្រុង​ប៉េកាំង​ទទូច​ឲ្យ​រដ្ឋបាល ត្រាំ បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​
31, Oct 2017 , 10:59 pm        
រូបភាព
រូបភាព៖ BBC
រូបភាព៖ BBC
ដោយ: ថ្មីៗ
​តំណាង​មហាអំណាច​ចិន​ដែល​ទទួលបន្ទុក​ចរចា​រឿង​ប្រែប្រួល​អាកាស បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​អាមេរិក​ពិចារណា​ជាថ្មី​កុំ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែលមាន​គោលដៅ​សង្គ្រោះ​ផែនដី​នេះ​។ ចិន​ចង់ឃើញ​អាមេរិក​បន្ត​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​បន្ត​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ផង​។​



​ប្រធាន​ក្រុម​ចរចា​របស់​ក្រុង​ប៉េកាំង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ លោក Xie Zhenhua បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​ចិន​នៅតែ​រំពឹងថា អាមេរិក​នឹង​បន្ត​សហការ​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​បន្ត​ចរចា​លើ​ការប្រែប្រួល​អាកាសធាតុ​នេះ​។

​សារព័ត៌មាន South China Morning Post បាន​ស្រង់​សម្តី​លោក Xie ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រុង​ប៉េកាំង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា​អាមេរិក​នឹង​ត្រឡប់មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ហើយ​ចាប់ផ្តើម​រួមចំណែក​ក្នុងការ​ការពារ​ផែនដី​របស់​យើង​ផង​។​ទោះ​អ្វី​កើតឡើង​ក៏ដោយ ចិន​នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឲ្យ​បាន ១០០​ភាគរយ​ផង​»​។​

​ក្រោយ​ចូលកាន់​តំណែង​ចុងខែ​មករា​កន្លងមក លោក ដូ​ណា​ល់ ត្រាំ​បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ ដោយ​លោក​អះអាងថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស ហើយ​កិច្ចព្រមព្រៀង​នេះ​កម្រិត​សិទ្ធិ​អាមេរិក និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ផង​។

​ដោយឡែក មេដឹកនាំ​ចិន​លោក ស៊ី ជិន​ភីង បានបង្ហាញ​ឆន្ទៈ​ពេញលេញ​ក្នុង​ការបន្ត​គាំទ្រ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ និង​ប្រឆាំង​ដាច់ខាត​ការប្រែប្រួល​អាកាសធាតុ ទោះជា​អាមេរិក​ដកខ្លួន​ចេញ​ក៏ដោយ​។ ក្នុងនាម​ជា​ប្រទេសមួយ​ដែល​បំពុលបរិយាកាស​ខ្លាំងជាងគេ ចិន​ថែមទាំង​អំពាវនាវ​ទៅកាន់​ប្រទេស​អភិវឌ្ឍ​ទាំងអស់​ឲ្យ​ដាក់ចិត្ត​ដាក់​កាយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​ប្រទេស​តូចៗ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។

​ទោះបីជា​យ៉ាងណាក៏ដោយ ចិន​ប្រឈម​បញ្ហា​ច្រើន​ទៀត​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​។ នោះ​ក៏ដោយ​សារ​រោងចក្រ​របស់​ចិន​ជាច្រើន​នៅ​បន្ត​ប្រើប្រាស់​ថាមពល​ច្រើន​ដើម្បី​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ផង​នៅ​តំបន់​មួយចំនួន​។

​សូមបញ្ជាក់​បន្តិច​ថា នៅ​សប្តាហ៍​នេះ សន្និសីទ​ពិភពលោក​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នឹងត្រូវ​រៀបចំឡើង​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់ ហើយ​តំណាង​ប្រទេស​ជិត ២០០ នឹងចូលរួម​ផងដែរ​។ តំណាង​ប្រទេស​ទាំងនេះ​នឹង​ចរចា​គ្នា​ដើម្បី​ស្វែងរក​វិធានការ​ដើម្បី​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ឲ្យ​បាន​ជោគជ័យ​។


Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  Xie Zhenhua
© រក្សាសិទ្ធិដោយ thmeythmey.com