អន្តរជាតិ
ត្រាំ មិន​ចេញ​បញ្ជា​វាយ​កូរ៉េខាងជើង​ឡើយ បើ​គ្មាន​ការគំរាមកំហែង​ធ្ងន់ធ្ងរ​
01, Nov 2017 , 8:59 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស និងរដ្ឋមន្រ្តីការបរទេស រិច ធីល័រសិន (រូបភាព៖ AFP)
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស និងរដ្ឋមន្រ្តីការបរទេស រិច ធីល័រសិន (រូបភាព៖ AFP)
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​រដ្ឋមន្ត្រីការបរទេស រិច ធី​ល័​រ​សិន បានប្រកាស​រួមគ្នា​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមិន​ចេញ​បញ្ជា​វាយប្រហារ​កូរ៉េខាងជើង​ឡើយ បើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​មិន​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដាក់​អាមេរិក​ទេនោះ​។ រដ្ឋមន្ត្រី​ទាំងពីរ​នេះ​មិន​បញ្ជាក់ថា ការគំរាមកំហែង​ធ្ងន់ធ្ងរ​កម្រិតណា ទើប​លោក ត្រាំ ចេញ​បញ្ជា​ប្រយុទ្ធ​ទេ តែ​បាន​ព្រលយ​ពាក្យ​ថា អ្វីៗ​ស្ថិត​លើ​ស្ថានភាព​ជាក់ស្ដែង​។​



​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​អាមេរិក​ចាត់ទុក​ជាការ​គំរាមកំហែង​សន្តិសុខ​របស់ខ្លួន ប៉ុន្តែ​ការ​គំរាម​នេះ​មិនទាន់​ដល់​កម្រិត​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាសសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​ប្រមុខ​ការទូត រិច ធី​ល័​រ​សិន ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​កា​របរ​ទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី​៣០ ខែតុលា ។​

​រដ្ឋមន្ត្រី​ទាំងពីរ​នៃ​រដ្ឋបាល​លោក ត្រាំ បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា តាម​រដ្ឋធម្មនុញ្ញ​អាមេរិក សិទ្ធិ​នៃ​ការប្រកាសសង្គ្រាម​ស្ថិតក្នុង​ដៃ​សភា ក្នុងករណី​គ្មាន​ការ​គំរាម​ដោយ​ដោយផ្ទាល់ ឬ​ធ្ងន់ធ្ងរ​ទេនោះ​។ យ៉ាងណាមិញ លោក ធី​ល័​រ​សិន ក៏​បញ្ជាក់ដែរថា ការសម្រេចចិត្ត​ចុងក្រោយ​របស់​ប្រធានាធិបតី គឺ​អាស្រ័យ​ទៅតាម​ស្ថានការណ៍​ការពិត​ជាក់ស្ដែង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។  

​ជាមួយគ្នានេះ លោក ម៉ា​ធី​ស ក៏​បង្ហាញ​ការយល់ឃើញ​ដូចគ្នានេះដែរ ដោយបាន​សង្កត់​ថា លោក ត្រាំ នឹង​ពិភាក្សា​ជាមួយ​សភា​ក្នុងករណី​មានការ​គំរាម​ធ្ងន់ធ្ងរ​ណាមួយ​នោះ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រូបនេះ​បាន​លើកយក​ករណី​វាយប្រហារ​មូលដ្ឋាន​អាកាស​ស៊ី​រី Shayrat ដែល​ពេលនោះ​រដ្ឋបាល​លោក ត្រាំ បាន​ជូនដំណឹង​ភ្លាមៗ​ទៅកាន់​សភា​។ បើតាម​លោក ម៉ា​ធី​ស លោក ត្រាំ ទំនង​ធ្វើ​រឿង​ដូចគ្នានេះដែរ​ចំពោះ​សំណុំរឿង​កូរ៉េខាងជើង​។​

​ចំពោះ​ករណី​កូរ៉េខាងជើង​នេះដែរ អាមេរិក​មិនទាន់​កំណត់​ច្បាស់​ពី​កម្រិត​នៃ​ការ​គំរាម​នៅឡើយ​ទេ ទោះជា​កូរ៉េខាងជើង​មាន​នុយក្លេអ៊ែរ និង​គំរាម​បាញ់​មី​ស៊ី​ល​សំដៅ​ទឹកដី​អាមេរិក​ក្ដី​។ លោក ធី​ល័​រ​សិន ផ្ទាល់​បានបង្ហាញ​ការស្ទាក់ស្ទើរ​ក្នុងករណីនេះ​។ លោក​លើកឡើងថា កូរ៉េខាងជើង​អាចមាន​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង ឬក៏​បំពាក់​រួចស្រេច​លើ​ជើង​ទម្រ ឬក៏​កំពុង​ត្រៀម​បាញ់​ជាដើម ដូច្នេះ​វា​ពឹង​ផ្អែកលើ​ការពិត​ជាក់ស្ដែង​ដើម្បី​កំណត់ថា​ក្រុង​ព្យុងយ៉ាង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ឬ​អត់​។​

​នាពេល​កន្លងមក អាមេរិក និង​កូរ៉េខាងជើង​បាន​ផ្លោង​សម្ដី​គំរាម​ដាក់គ្នា​ទៅវិញទៅមក ដោយ​អាមេរិក​គំរាម​កម្ទេច​កូរ៉េខាងជើង​បើ​បន្ត​គំរាម​បាញ់​មី​ស៊ី​ល​ដាក់ខ្លួន ឯ​កូរ៉េខាងជើង​វិញ​ក៏​នៅ​មិន​ស្ងៀម​ដែរ និង​បាន​គំរាម​អាមេរិក​ដូចគ្នា​។ ការ​គំរាម​គ្នា​ទៅវិញទៅមក​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា សង្គ្រាម​អាច​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ ព្រោះ​ទាំង​លោក ត្រាំ ទាំង​លោក គីម ជុង​អ៊ុន សុទ្ធតែជា​មេដឹកនាំ​ពិបាក​ស្មាន និង​ធ្វើការ​ដោយ​ប្រើ​អារម្មណ៍​ផង​នោះ​៕ 


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ជេ​ម ម៉ា​ធី​ស​
  រិច ធី​ល័​រ​សិន
© រក្សាសិទ្ធិដោយ thmeythmey.com