អន្តរជាតិ
មេទ័ព​អ៊ីរ៉ង់​៖ មី​ស៊ី​ល​អ៊ីរ៉ង់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​វាយប្រហារ​គោលដៅ​អាមេរិក​
01, Nov 2017 , 8:19 pm        
រូបភាព
មីស៊ីលរយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ Shahab-3 (រូបភាព៖ Reuters)
មីស៊ីលរយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ Shahab-3 (រូបភាព៖ Reuters)
​ប្រមុខ​កងទ័ព​អ៊ីរ៉ង់ Mohammad Ali Jafari បាន​ផ្ញើ​សារ​ព្រមាន​ថ្មី​មួយទៀត​ទៅកាន់​អាមេរិក ដែល​កំពុង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជុំវិញ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ការគាំទ្រ​ក្រុម​ភេរវកម្ម​។ លោក​ឧ​ត្ត​ម​សេនីយ៍ Jafari និយាយថា កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​មាន​មី​ស៊ី​ល​ដែល​អាច​រត់​បាន​ចម្ងាយ​ត្រឹម​ពីរពាន់​គីឡូម៉ែត្រ ដែល​ល្មម​គ្រប់គ្រាន់​ដើម្បី​វាយប្រហារ​គោលដៅ​អាមេរិក​បាន ក្នុងករណី​ទទួលបញ្ជា​ដើម្បី​សងសឹក​អាមេរិក​វិញ​។



​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាន់តែ​ល្អក់កករ​ទៅៗ​ហើយ​។ ដោយសារ​មិន​ពេញ​ចិត្តនឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ លោក ត្រាំ បាន​គំរាម​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ហើយ​បានដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​អ៊ីរ៉ង់ រាប់ទាំង​កងទ័ព​អ៊ីរ៉ង់​ផង​ដោយ​ចោទថា​គាំទ្រ​ភេរវកម្ម​និយម​។ អ៊ីរ៉ង់​ឯណោះ​វិញ ក៏​គំរាម​ឆ្លើយតប​វិញ បើ​អាមេរិក​ដកខ្លួន​ពី​កិច្ចព្រមព្រៀង ព្រមទាំង​គំរាម​ប្រើ​កម្លាំងយោធា​ទៀតផង​។

​យោងតាម​សារព័ត៌មាន RT មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Mohammad Ali Jafari បាន​និយាយ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ថ្ងៃទី​៣១ ខែតុលា ថា អ៊ីរ៉ង់​មាន​មី​ស៊ី​ល​ដែល​អាច​កម្ទេច​គោលដៅ​អាមេរិក​ក្នុង​រង្វង់​ពីរពាន់​គីឡូម៉ែត្រ​។ លោក Jafari បន្តថា អ៊ីរ៉ង់​កំណត់​រយៈ​ចម្ងាយ​មី​ស៊ី​ល​ត្រឹមនេះ​តាម​នយោបាយ​របស់​មេដឹកនាំ​កំពូល Ayatollah Khamenei ប៉ុន្តែ​វា​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ការវាយប្រហារ​ណាមួយរ​បស់​អាមេរិក​។​

​ការលើកឡើង​របស់​ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​ស្ថាប័ន​យោធា​ដ៏​មាន​ឥទ្ធិពល​នេះ​ពី​សំណាក់​រដ្ឋបាល​លោក ត្រាំ ។ នៅ​ថ្ងៃទី​៣១ ក្រសួង​រតនាគារ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អង្គភាព​មួយចំនួន​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដូចជា​អង្គភាព​ទ័ពអាកាស អង្គភាព​ទ័ព​មី​ស៊ី​ល​និង​អង្គភាព​អវកាស ដោយ​ប្រើ​ហេតុផល​ថា​បាន​គាំទ្រ​ក្រុម​ភេរវជន​។ ក្រៅពី​អង្គភាព​ទ័ព មន្ត្រី​យោធា​អ៊ីរ៉ង់​មួយចំនួនទៀត​ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ដែរ​។​

​ទោះជា​យ៉ាងណាក្ដី លោក​ឧ​ត្ត​ម​សេនីយ៍ Jafari អះអាងថា ជម្លោះ​ប្រដាប់អាវុធ​រវាង​អ៊ីរ៉ង់ និង​អាមេរិក ទំនងជា​មិនអាច​កើតមាន​ឡើយ ព្រោះ​អាមេរិក​នឹងមិន​ហ៊ាន​ធ្វើសង្គ្រាម​ទេ​។ «​ពួកគេ​ដឹងថា បើ​ពួកគេ​ចាប់ផ្ដើម​សង្គ្រាម ពួកគេ​នឹង​ចាញ់​យ៉ាងពិត​ប្រាកដ ហើយក៏​គ្មានអ្វី​មក​ធា​នាពី​ជោគជ័យ​អ្វី​ដែរ​។ ដូច្នេះ​ពួកគេ​នឹងមិន​ចាប់ផ្ដើម​មុន​ឡើយ​។​» នេះ​ជា​ពាក្យសម្ដី​ឌឺដង​របស់លោក Jafari ដាក់​អាមេរិក តែ​បាន​បង្កប់​ពាក្យ​ពាក្យ​គំរាម​ដែរ ព្រោះ​អ៊ីរ៉ង់​ក៏​ជា​មហាអំណាច​យោធា​មួយ​នៅ​មជ្ឈិមបូព៌ា​ដែរ​។​

​តាមពិតទៅ ក្រុង​វ៉ា​ស៊ិន​តោន​អាចដាក់​ទណ្ឌកម្ម​លើ​ក្រុង​តេ​ហេ​រ៉ង់​បាន ព្រោះ​កម្មវិធី​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ មិន​ស្ថិតក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើយ​។ ទំនង​ដោយសារ​រឿងនេះ ទើប​រដ្ឋបាល​លោក ត្រាំ មិន​សប្បាយចិត្ត និង​បាន​ប្រឹងប្រែង​ដាក់ទណ្ឌកម្ម​លើ​អង្គភាព​យោធា​អ៊ីរ៉ង់​ដែល​ជាប់​ពាក់ព័ន្ធ​កម្មវិធី​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​តែម្ដង​៕


Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  Mohammad Ali Jafari
© រក្សាសិទ្ធិដោយ thmeythmey.com