អន្តរជាតិ
យន្តហោះ​ទម្លាក់​គ្រាប់ B1 សម្ញែង​សាច់ដុំ​ហោះ​រំលង​ឧបទ្វីប​កូរ៉េ
03, Nov 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B របស់​កងទ័ព​អាមេរិក​បាន​ហោះ​រំលង​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២ ខែវិច្ឆិកា​កន្លងទៅ​។ យន្តហោះ​នេះ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កងទ័ព​កូរ៉េខាងត្បូង និង​ជប៉ុន នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​



​សមយុទ្ធ​យោធា​កងទ័ព​អាមេរិក ជប៉ុន កូរ៉េខាងត្បូង ចាប់ផ្តើម​ជាថ្មីទៀត​នៅ​សប្តាហ៍​នេះ​ដើម្បី​សម្ញែង​សាច់ដុំ​ដាក់​កូរ៉េខាងជើង​។ គេ​ឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B របស់​អាមេរិក​ពីរ​គ្រឿង​ហោះ​រំលង​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២ ខែវិច្ឆិកា​នេះដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​នេះ​បង្ហាញ​វត្ត​មាននៅ​ឧបទ្វីប​កូរ៉េ​ក្នុង​សមយុទ្ធ​យោធា​នេះ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ទស្សនកិច្ច​របស់ខ្លួន​នៅ​អាស៊ី​នោះ​។

​យ៉ាងណាមិញ ការហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​នេះ​ធ្លាប់​កើតឡើង​ជារឿយៗ កន្លងមក ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ទៀត​កូរ៉េខាងជើង​ក៏បាន​ចេញ​ទិតៀន​អាមេរិក​ជាថ្មីទៀត​រឿង​សម្ញែង​សាច់ដុំ​យោធា​នេះដែរ​។​

​បើតាម​សេចក្តីថ្លែងការណ៍​ទីបញ្ជាការ​ទ័ពអាកាស​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក យន្តហោះ​ទាំងពីរ​គ្រឿង​នេះ​ហោះ​ចេញពី​មូលដ្ឋានទ័ព Andersen នៅ​កោះ​ហ្គា​ម ហើយ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ជាមួយ​កងទ័ពអាកាស​កូរ៉េខាងត្បូង និង កងទ័ព​ស្វ័យការពារ​របស់​ជប៉ុន​។

​សេចក្តីថ្លែងការណ៍​នោះបាន​បន្តថា​៖ «​យន្តហោះ​ទម្លាក់​គ្រាប់​នេះ​បាន​ចុះចត​នៅ​កូរ៉េខាងត្បូង​ដោយ​ចូលរួម​ជាមួយ​យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង​នៅ​ទីនោះ​សិន​។ ក្រោយ​សមយុទ្ធ​ចប់​យន្តហោះ​ទាំងនោះ​នឹង​ត្រឡប់​ទៅ​មូលដ្ឋាន​របស់ខ្លួន​វិញ​»​។​
 
​សមយុទ្ធ​យោធា​នេះដែរ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ឆ្លើយតប​ស្ថានការណ៍​តំបន់​។

​តាមពិតទៅ បញ្ហា​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ខ្លាំង បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល និង​សាកល្បង​អាវុធ​នុយ​ក្លេ​អ៊េ​រលើ​ក​ទី ៦​ទៀត​កាលពី​ប៉ុន្មាន​ខែ​មុន​។ ស្ថានការណ៍​កាន់តែ​តឹងតែង​ទៀត ដោយសារ​ការបន្ត​សង្គ្រាម​ពាក្យសម្តី​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ ត្រាំ គំរាម​ប្រើប្រាស់​កម្លាំង​កម្ចាត់​រប​ប​ដឹកនាំ​កូរ៉េខាងជើង ស្រប​ពេលដែល​កូរ៉េខាងជើង​គំរាម​បាញ់​មី​ស៊ី​ល​ចូល​ដី​អាមេរិក​ទៀត​៕


Tag:
 B-1B
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com