អន្តរជាតិ
ទោះ​បារម្ភ​ពី​កូរ៉េខាងជើង កូរ៉េខាងត្បូង​ស្ទាក់ស្ទើរ​បង្កើត​សម្ព័ន្ធ​យោធា​ជាមួយ​អាមេរិក​និង​ជប៉ុន​
04, Nov 2017 , 2:29 pm        
រូបភាព
​ខណៈដែល​កូរ៉េខាងជើង​នៅតែ​ការគំរាមកំហែង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កូរ៉េខាងត្បូង អាមេរិក និង​ជប៉ុន គឺជា​រឿង​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​នេះ​។ ប៉ុន្តែ លោក មូ​ន ចេ​អ៊ី​ន ហាក់​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​ដំឡើង​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​នេះ​ទៅជា​សម្ព័ន្ធភាព​យោធា​ត្រីភាគី ដោយ​ចាត់ទុកជា​រឿង​មិន​សមរម្យ​ឡើយ និង​នៅ​សង្ស័យ​មហិច្ឆតា​របស់​ជ​ប៉ុន​។​



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​និយាយថា វា​ជា​រឿង​សំខាន់​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក និង​ជប៉ុន ដើម្បី​ទប់ទល់​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក មូ​ន ចេ​អ៊ី​ន ក៏​បញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការ​យោធា​ត្រីភាគី​នេះ​សំដៅលើ​កូរ៉េខាងជើង​តែមួយ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ពង្រីក​មហិច្ឆតា​យោធា​អ្វី​ឡើយ​។ លោក មូ​ន បញ្ជាក់​ដូចនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។

​ក្នុង​កិច្ច​សម្ភាស​ខាងលើ លោក មូ​ន ចេ​អ៊ី​ន ជឿថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ជប៉ុន​ឲ្យ​កាន់តែ​រឹងមាំ​ជាង​បច្ចុប្បន្ន មិនមែនជា​រឿង​ចាំបាច់​ឡើយ​។ បើតាម​សម្ដី​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ មូលហេតុ​នៃ​ការពង្រឹង​បេសកកម្ម​យោធា​ត្រីភាគី គឺ​ដើម្បី​ឆ្លើយតប​ទង្វើ​បង្ករឿង​របស់​កូរ៉េខាងជើង តែ​កូរ៉េខាងត្បូង​គ្មាន​បំណង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​នេះ​មាន​កម្រិត​ខ្ពស់​ជា​សម្ព័ន្ធភាព​យោធា​ត្រីភាគី​ឡើយ​។​

​លោក មូ​ន ចេ​អ៊ី​ន ទំនងជា​សង្ស័យ​គោលដៅ​ពិតប្រាកដ​របស់​ជប៉ុន​ក្នុងការ​ពង្រីក​ឥទ្ធិពល​យោធា​របស់ខ្លួន​ដូចដែល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​សន្យា​ពេល​ឃោសនា​កន្លងមក​។ ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត លោក អា​បេ សន្យា​បង្កើន​អានុភាព​យោធា​ជប៉ុន និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់ខ្លួន​។ ជោគជ័យ​ក្នុងការ​បោះឆ្នោត​ថ្មីៗ​នេះ រឹតតែ​ធ្វើ​ឲ្យ​ក្ដីសង្ឃឹម​របស់លោក អា​បេ មាន​សន្ទុះ​កាន់តែ​ខ្ពស់ ព្រោះ​វា​បង្ហាញ​ពី​ការគាំទ្រ​របស់​ប្រជាជន​ចំពោះ​នយោបាយ​របស់លោក​។​

​ដោយសារ​នយោបាយ​រប​ស់លោក អា​បេ នេះហើយ​ទើប​លោក មូ​ន ចេ​អ៊ី​ន ស្ទាក់​ស្ទើរចិត្ត ទោះជា​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​កើនឡើង​ដែរ​ក្ដី​។ សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង រឿងរ៉ាវ​ឈឺចាប់​ពី​អតីតកាល​មិនទាន់​សាបសូន្យ​នៅឡើយ​ទេ ជាពិសេស​សកម្មភាព​ឃោរឃៅ​របស់​កងទ័ព​ជប៉ុន​តែម្ដង​។ ជាមួយនឹង​គំនិត​អវិជ្ជមាន​ចំពោះ​យោធា​ជប៉ុន​បែបនេះ ការបង្កើត​សម្ព័ន្ធ​យោធា​ចម្រុះ​មិនមែនជា​រឿង​ល្អ​សម្រាប់​រដ្ឋបាល​លោក មូ​ន ចេ​អី​ន ទេ​។​

​ចំពោះ​បញ្ហា​កូរ៉េខាងជើង​វិញ ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅតែ​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ទន្ទឹមគ្នា​នឹង​ការដាក់​សម្ពាធ​កាន់តែខ្លាំង​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ឲ្យ​បាន​។ ជាមួយនឹង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន លោក មូ​ន ចេ​អ៊ី​ន ក៏​នឹង​ប្រើ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​ដើម្បី​បញ្ចប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ផងដែរ​៕

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  ជប៉ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com