អន្តរជាតិ
ប្រធានាធិបតី ត្រាំ ចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​វែង​នៅ​អាស៊ី​
04, Nov 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​វែង​នៅ​តំបន់​អាស៊ី ដែលជា​សញ្ញា​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​បន្ត​នោ​យ​បាយ​របស់ខ្លួន​នៅ​ទ្វីប​មួយ​នេះ​។ បញ្ហា​នុយក្លេអ៊ែ​កូរ៉េខាងជើង​នឹង​ជា​របៀប​សំខាន់​ជាងគេ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នេះ ដោយ​លោក​នឹង​យកទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​ផងដែរ​។ តាម​គម្រោង លោក ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​ប្រចាំ​ជាច្រើន​ផង​។​



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​កោះ​ហា​វ៉ៃ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ក្នុង​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​នៅ​ទ្វីបអាស៊ី​។ អំឡុងពេល​ទស្សនកិច្ច​លើកទីមួយ​នេះ លោក ត្រាំ នឹង​ទស្សនកិច្ច​នៅ​ជប៉ុន កូរ៉េខាងត្បូង និង​ចិន ដោយមាន​បញ្ហា​កូរ៉េខាងជើង​ជា​ប្រធាន​សំខាន់​។ បន្ទាប់មក​លោក ត្រាំ នឹង​បន្តដំណើរ​ទៅកាន់​តំបន់​អាស៊ាន​ពីរ គឺ​វៀតណាម ដើម្បី​ចូលរួម​ប្រជុំ APEC និង​ទស្សនកិច្ច​ផ្លូវរដ្ឋ និង​ហ្វីលីពីន ដើម្បី​ប្រជុំ​អាស៊ាន​។​

​បន្ទាប់ពី​យន្តហោះ Air Force One ចុះចត​មូលដ្ឋាន​អាកាស Hickam នៃ​កោះ​ហា​វៃ​រួចមក លោក ត្រាំ ក៏​បន្តដំណើរ​ទៅកាន់​បន្ទាយទ័ព Camp Smith ដើម្បី​ស្ដាប់​ព័ត៌មាន​សម្ងាត់​ពី​មេទ័ព​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​គេ​ជឿថា គ្មានអ្វី​ក្រៅពី​របាយការណ៍​ទាក់ទង​សកម្មភាព​របស់​កូរ៉េខាងជើង និង​សន្តិសុខ​តំបន់​ឡើយ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​ទៅកាន់ Pearl Harbor កន្លែង​ដែល​កងទ័ព​ជប៉ុន​វាយប្រហារ​កាលពី​សង្គ្រាម​លោក​លើក​ទី​ពីរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន Reuters ។​

​ច្បាស់​ណាស់​ថា ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​រយៈពេល​វែង​បំផុត​មួយ​របស់​ប្រធានាធិបតី​អាមេរិក ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ បាន​ឆ្លុះបញ្ចាំង​ពី​ជំហរ​មិន​ងាករេ​របស់​អាមេរិក​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​តំបន់​អាស៊ី​ផង​។ លោក ត្រាំ នឹង​ទៅ Danang ដោយ​ចូលរួម​ក្នុង​កិច្ចប្រជុំ APEC  និង​ទៅ​ហាណូយ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។ បន្ត​មកទៀត​លោក​នឹង​ទៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​រដ្ឋធានី​ម៉ានីល​ផង​។

​យ៉ាងណាមិញ នៅ​ហ្វីលីពីន លោក ត្រាំ នឹងមិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ដែលមាន​វត្តមាន​ដឹកនាំ​មហាអំណាច​ពិភព​លោជា​ច្រើន​ឡើយ​។ ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ការមិន​ចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​របស់​ប្រធានាធិបតី ត្រាំ បានក្លាយ​ប្រធានបទ​ក្តៅ ហើយ​មានការ​វាយតម្លៃថា អវត្តមាន​លោក​ត្រាំ បញ្ជាក់ថា រដ្ឋបាល​នេះ​មិន​ចាប់អារម្មណ៍​តំបន់​អាស៊ី​ឡើយ​។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​អាមេរិក​និយាយថា ទស្សនកិច្ច​១២​ថ្ងៃ​នៅ​អាស៊ី ជា​ភស្តុតាង​បង្ហាញ​ពី​នយោបាយ​របស់លោក ត្រាំ រួចស្រេច​ហើយ​។​

​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា លោក ត្រាំ នឹង​ហោះ​ទៅកាន់​ក្រុង​តូ​ក្យូ រួច​បន្តទៅ​ក្រុង​សេ​អ៊ូ​ល ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​រួមគ្នា​ស្ដីពី​បញ្ហា​កូរ៉េខាងជើង មុននឹង​ពិភាក្សា​បញ្ហា​ដដែល​នេះ​ជាមួយ​ក្រុង​ប៉េកាំង​។ កន្លងមក លោក ត្រាំ ធ្លាប់​សរសើរ​ចិន​ថា​បាន​ជួយ​ដាក់បន្ទុក​លើ​កូរ៉េខាងជើង ប៉ុន្តែ​ក៏​បង្ហាញ​ការមិន​ពេញចិត្ត​ដូចគ្នា ព្រោះ​សកម្មភាព​របស់​ចិន​មិនទាន់​ដល់​ចំណុច​ដែល​ខ្លួន​ចង់បាន និង​ស្នើ​ឲ្យ​ចិន​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​មិត្ត​របស់ខ្លួន​៕


Tag:
 អាមេរិក​
  អាស៊ី​
  ដូ​ណា​ល់ ត្រាំ​
  APEC
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com