អន្តរជាតិ
ទៅដល់​ជប៉ុន លោក ត្រាំ ថា អាមេរិក​នឹង​ដើរ​លើផ្លូវ​ថ្មី​ដើម្បី​បញ្ចប់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
05, Nov 2017 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​ជប៉ុន​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​វែង​នៅ​តំបន់​អាស៊ី ដោយមាន​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​របៀបវារៈ​សំខាន់​។ គ្រាន់តែ​ជាន់​ទឹកដី​ជប៉ុន​ភ្លាម លោក ត្រាំ បាន​ការពារ​ការប្រើ​វោហារសាស្ត្រ​ខ្លាំងៗ​ដាក់​កូរ៉េខាងជើង​នាពេល​កន្លងមក និង​និយាយថា ដំណោះស្រាយ​លើ​បញ្ហា​កូរ៉េខាងជើង​នឹង​ចេញ​ជា​រូបរាង​មិន​ខាន​ក្នុងជំនួប​ជាមួយ​បណ្ដា​មេដឹកនាំ​តំបន់​អាស៊ី​។



​ជប៉ុន គឺជា​ទីសំចត​ទីមួយរ​បស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​នៅ​ទ្វីបអាស៊ី​។ ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​នុយក្លេអ៊ែរ​នៅ​ទ្វីប​កូរ៉េ គឺជា​ប្រធានបទ​ធំ​សម្រាប់​លោក ត្រាំ ដែល​តែង​គំរាម​ប្រើ​កម្លាំងយោធា​ដើម្បី​បញ្ចប់​បញ្ហា​នោះ​។ កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ពិតជា​ធ្វើ​ឲ្យ​លោក ត្រាំ រង្កៀស​ចិត្តខ្លាំង ខណៈដែល​ការចរចា​ជាច្រើន​ឆ្នាំកន្លងមក​មិនបាន​ផល​ដូច​បំណង​ឡើយ​។​

​លោក ត្រាំ ប្រាកដជា​ប្រើ​ទស្សនកិច្ច​នៅ​ជប៉ុន​ដើម្បី​បង្កើត​ជំហរ​រួមគ្នា​លើ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ខណៈដែល​លោក​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​អាមេរិក​បាន​ប្រាប់​អ្នកសារព័ត៌មាន​លើ​យន្តហោះ Air Force One ថា រដ្ឋបាល​របស់លោក​កំពុង​ពិចារណា​ក្នុង​ការដាក់​កូរ៉េខាងជើង​ទៅក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម ឬ​យ៉ាងណា​។ អាមេរិក​ក៏​ប្រុង​ដើរ​លើផ្លូវ​ថ្មី​ដែរ ព្រោះ​វិធីសាស្ត្រ​បច្ចុប្បន្ន​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។​

​ដូច​ដឹង​ស្រាប់ លោក ត្រាំ មិន​ពេញ​ចិត្តនឹង​ការចរចា​រយៈពេល​រាប់សិប​ឆ្នាំ​ឡើយ ដោយ​លោក​ចាត់ទុក​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​ប៉ុណ្ណោះ​។ «​យើង​ចង់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ស្រេចបាច់ ព្រោះ​ជាការ​គំរាម​សម្រាប់​អាមេរិក និង​ពិភពលោក​។ យើង​បាន​ចំណាយ​២៥​ឆ្នាំ​មកហើយ ហើយ​យើង​នឹង​ជ្រើសរើស​ផ្លូវ​ផ្សេង​ម្ដង​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ជុំវិញ​ដំណោះស្រាយ​លើ​បញ្ហា​នុយក្លេអ៊ែរ តែ​លោក​មិនបាន​រៀបរាប់​ឲ្យ​ពិស្ដារ​អ្វី​ទេ​។​

​កាលពី​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក ត្រាំ បានធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​តំបន់​អាស៊ី​ញាក់សាច់​មិនតិច​ឡើយ ជាមួយនឹង​ការ​គំរាម​កម្ទេច​កូរ៉េខាងជើង​ទាំងស្រុង​។ កូរ៉េខាងជើង​ក៏​គំរាម​ឆ្លើយតប​វិញ បើ​អាមេរិក​ហ៊ាន​ធ្វើ​សកម្មភាព​មែន​នោះ​។ ជប៉ុន ដែលជា​មិត្ត​អាមេរិក​បារម្ភ​ខ្លាំង​នឹង​សង្គ្រាមពាក្យសម្ដី​នេះ ព្រោះ​កូរ៉េខាងជើង​ធ្លាប់​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម​ពីរ​គ្រាប់ និង​បាន​ហោះ​រំលង​ដែនអាកាស​ជប៉ុន​ទៅទៀត​។​

​ក្រៅពី​ជប៉ុន លោក ត្រាំ នឹង​បន្តដំណើរ​ទៅកាន់​សម្ព័ន្ធមិត្ត​អាស៊ី​មួយទៀត គឺ​កូរ៉េខាងត្បូង ដែល​នៅ​ទីនោះ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នឹង​ជា​សំណុំរឿង​សំខាន់​ដដែល​។ ក្រុង​សេ​អ៊ូ​ល​មិនសូវ​សប្បាយចិត្ត​សម្ដី​គំរាម​ប្រើ​កម្លាំង​ទ័ព​របស់​រដ្ឋបាល​លោក ត្រាំ ឡើយ និង​បាន​អះអាងថា មានតែ​ខ្លួន​ប៉ុណ្ណោះ​ទើប​អាច​សម្រេចចិត្ត​ពី​អនាគត​ប្រជាជន​កូរ៉េ​បាន​។ ភាគី​ទាំងពីរ នឹង​ពិភាក្សាគ្នា​រក​ជំហរ​រួមគ្នា​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​៕


Tag:
 អាស៊ី​
  អាមេរិក​
  ​ជប៉ុន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com