អន្តរជាតិ
មន្ទីរ​បញ្ច​កោណ​៖ ផ្លូវ​តែមួយ​ដើម្បី​កម្ទេច​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺ​សង្គ្រាម​ផ្លូវគោក​
06, Nov 2017 , 7:39 pm        
រូបភាព
កងទ័ពអាមេរិកប្រចាំការនៅកូរ៉េខាងត្បូង (រូបភាព៖ Xinhua)
កងទ័ពអាមេរិកប្រចាំការនៅកូរ៉េខាងត្បូង (រូបភាព៖ Xinhua)
​ក្រសួងការពារជាតិ​អាមេរិក​បាន​វាយតម្លៃថា ផ្លូវ​តែមួយគត់​ដែល​អាច​កម្ទេច​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទាំងស្រុង​បាន គឺ​ការឈ្លានពាន​តាមផ្លូវ​គោក​។ ប៉ុន្តែ​ក្នុងករណី​សង្គ្រាម​ផ្ទុះឡើង​មែន​នោះ កូរ៉េខាងជើង​ប្រាកដជា​ឆ្លើយតប​វិញ​មិន​ខាន ជាមួយនឹង​ការប្រើប្រាស់​អាវុធ​គីមី ព្រម​គ្នា​នឹង​សព្វាវុធ​ផ្សេងទៀត​។ កូរ៉េខាងត្បូង និង​ជប៉ុន គឺជា​មុខសញ្ញា​ធំ​នៃ​ការ​វាយបក​របស់​កូរ៉េខាងជើង ជាពិសេស​ក្រុង​សេ​អ៊ូ​ល​ដែល​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន នឹងរង​គ្រោះ​ខ្លាំងជាងគេ​។



​ការឆ្លើយ​ឆ្លង​ពាក្យសម្ដី​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នាពេល​កន្លងមក ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​អាច​កើតឡើង​ដោយ​ចៀស​មិន​ផុត ព្រោះ​មេដឹកនាំ​ទាំងពីរ​ជាម​នុស្ស​ចិត្ត​ស្រាល និង​ពិបាក​វាស់​ស្ទង់​ដូចគ្នា​។ មន្ទីរ​បញ្ច​កោណ​បាន​សិក្សា​លើ​សេណា​រី​យ៉ូ​ជាច្រើន​ក្នុងករណី​ជម្លោះ​ប្រដាប់អាវុធ​កើតឡើង​មែន​ដូចជា​ការកម្ទេច​គ្រាប់​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការផ្ដល់​ជំនួយ និង​ការ​ប្រតិបត្តិការ​យោធា​ផង​។​

​ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់​សមាជិកសភា​អាមេរិក​ចុះ​ថ្ងៃទី​២៧ ខែតុលា  នាយរង​សេនាធិការ​ចម្រុះ​កងទ័ព​ឧ​ត្ត​ម​សេនីយ៍ Michael Dumont បាន​រៀបរាប់​ពី​លទ្ធភាព​ដែល​សង្គ្រាម​កើតមាន យុទ្ធសាស្ត្រ​កងទ័ព និង​ការប៉ាន់ស្មាន​ការខូចខាត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Dumont និយាយថា វិធី​តែមួយគត់​ដែល​អាច​ស្វែងរក​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដើម្បី​កម្ទេចចោល​ទាំងស្រុង គឺ​សង្គ្រាម​ផ្លូវគោក​។​

​យ៉ាងណាមិញ មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ​ក៏​អះអាងថា ការវាយតម្លៃ​ស្ថានការណ៍ ក៏ដូចជា​លទ្ធផល​នៃ​សង្គ្រាម គឺជា​បញ្ហា​ប្រឈម​មួយ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង​នឹងមិន​នៅ​ស្ងៀម​ឡើយ ហើយ​ប្រុងប្រៀប​រួចស្រេច​ដើម្បី​វាយបក​វិញ​។ លិខិត​ខាងលើ​បញ្ជាក់ថា ក្រុង​ព្យុងយ៉ាង​នឹង​ប្រើប្រាស់​គ្រប់​អាវុធ​ដែល​ខ្លួន​មាន​ដើម្បី​ប្រយុទ្ធ រាប់ទាំង​អាវុធ​គីមី អាវុធ​ជីវសាស្ត្រ មី​ស៊ី​ល​បាលី​ស្ទិ​ក និង​កាំភ្លើង​ធំ​រាប់ពាន់​គ្រឿង​របស់ខ្លួន​។​

​ជុំវិញ​បញ្ហា​នេះ ក្រសួងការពារជាតិ​អាមេរិក​កំពុង​វាយតម្លៃ​សមត្ថភាព​របស់​កូរ៉េខាងជើង​ក្នុងការ​វាយប្រហារ​លើ​កូរ៉េខាងត្បូង ជប៉ុន និង​កោះ​ហ្គា​ម​។ ច្បាស់​ណាស់​ថា រដ្ឋធានី​សេ​អ៊ូ​ល នឹង​ក្លាយជា​ផេះផង់​មិន​ខាន បើ​មាន​សង្គ្រាម​មែន​នោះ ព្រោះ​ទីក្រុង​មាន​ប្រជាជន​ជាង​២៥​លាន​នាក់​នេះ នៅក្បែរ​ព្រំដែន​ខណ្ឌ​ចែង​កូរ៉េ​ទាំងពីរ ហើយ​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត​រាប់ពាន់​គ្រឿង​បាន​ដំឡើង​រួចស្រេច​នៅ​ខាងជើង​ខ្សែស្រប​ទី​៣៨ ។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ Dumont ក៏បាន​ប្រាប់​សមាជិកសភា​អាមេរិក​ពី​ផែនការ​ផ្សេងទៀត​ក្នុងករណី​ចិន និង​រុស្ស៊ី ជំទាស់​ការប្រើប្រាស់​យោធា​ដោះស្រាយ​បញ្ហា​នេះ​។ តាំងពីដើម​មក​នោះ ក្រុង​ប៉េកាំង និង​ក្រុង​មូ​ស្គូ​មិន​យល់ស្រប​ការប្រើ​កម្លាំងបាយ​លើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ឡើយ និង​នៅតែ​ប្រកាន់​ជំហរ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ​ដោយ​សន្តិវិធី​។ ម្យ៉ាងទៀត​នោះ ជម្លោះ​ប្រដាប់​នៅ​ឧបទ្វីប​កូរ៉េ​ក៏បង្ក​បញ្ហា​ដល់​ប្រទេស​ជា​មិត្ត​របស់​កូរ៉េខាងជើង​ដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com