អន្តរជាតិ
ត្រាំ សរសើរ​ទំនាក់ទំនង​ជាមួយ​ជប៉ុន ទោះជា​មិន​ពេញចិត្ត​ឱនភាព​ពាណិជ្ជកម្ម
06, Nov 2017 , 3:20 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​លើកសរសើរ​ទំនាក់ទំនង​រវាង​អាមេរិក និង​ជប៉ុន ដែល​លោក​ចាត់ទុកថា មាន​លក្ខណៈ​ប្រសើរ​ជាង​ពេលណា​ទាំងអស់​។ ប៉ុន្តែ​លោក ត្រាំ ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​នៃ​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី ដែល​ផ្អៀង​ខ្លាំង​ទៅរក​ខាង​ជប៉ុន​។ ប្រធានាធិបតី​អាមេរិក​សន្យា​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ តាមរយៈ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ចំណេញ​ទាំងសងខាង​។​



​កំពុង​ស្ថិតនៅ​ទឹកដី​ជប៉ុន​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ក្រុង​វ៉ាស៊ីនតោន នឹងធ្វើ​ការ​ជាមួយ​ក្រុង​តូ​ក្យូ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​។ លោក ត្រាំ ហាក់​ប្រុងប្រយ័ត្ន​ក្នុងការ​បង្ហាញ​ការមិនសប្បាយចិត្ត​នឹង​រឿង​ជញ្ជីងពាណិជ្ជកម្ម​នេះ ទាំង​ដឹងថា​ជប៉ុន​ចំណេញ​កប់​ក្ដោង​ក្ដី ព្រោះ​ជប៉ុន​ជា​សម្ព័ន្ធមិត្ត និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អាមេរិក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុងជំនួប​ជាមួយ​អ្នកជំនួញ​អាមេរិក និង​ជប៉ុន​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា លោក ត្រាំ បានបញ្ជាក់​ច្បាស់​ថា អាមេរិក​បាន​រង​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ធំធេង​ដោយ​ស្នាដៃ​ជប៉ុន​អស់​ពេល​រាប់សិប​ឆ្នាំ ហើយ​ឡាន​ជប៉ុន​ជាច្រើន​លាន​គ្រឿង​ត្រូវបាន​នាំចូល​ទៅ​អាមេរិក​។ ក្នុងន័យនេះ ប្រធានាធិបតី​អាមេរិក​រូបនេះ​ចង់បាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរី​មួយ​ដែល​ចំណេញ​ទាំងអស់គ្នា ហើយ​អាមេរិក​នឹង​ចាត់វិធានការ​ឲ្យ​ឆាប់​បំផុត​តាមរយៈ​វិធីសាស្ត្រ​មិត្តភាព​។​

​ជប៉ុន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បី គឺជា​ដៃគូ​រកស៊ី​ដ៏​ធំ​មួយ​របស់​អាមេរិក ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​។ បើតាម​ទិន្ន័យ​ក្រសួង​ការ​រតនាគារ​អាមេរិក ក្នុង​មួយឆ្នាំៗ ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​តែងតែ​ផ្អៀង​ទៅកាន់​ជប៉ុន ដោយ​កាលពី​ឆ្នាំ​២០១៦ ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​លើស​អាមេរិក​ចំនួន​៦៩​ពាន់​លាន​ដុល្លារ​ឯណោះ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​លោក ត្រាំ មិន​សប្បាយចិត្ត​រហូត​មក និង​ប្រកា​សរក​ដំណោះស្រាយ​ផង​។​

​កន្លងមក ក្រុង​តូ​ក្យូ​ក៏បាន​ឆ្លើយតប​ការចោទប្រកាន់​របស់​ក្រុង​វ៉ា​ស៊ិន​តោន​ដែរ ដោយ​អះអាងថា​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក គ្រាន់តែ​ជា​ចំណែក​តូច​មួយ​នៃ​ឱនភាព​ពាណិជ្ជកម្ម​ទាំងអស់​របស់​អាមេរិក​។ មន្ត្រី​ជប៉ុន​ក៏បាន​ចង្អុលមុខ​ចិន​ថា​ជា​ម្ចាស់​ឱ​នភា​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក​។ រដ្ឋាភិបាល​ប្រទេស​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​ទាំងពីរ​នេះ ក៏បាន​ចរចា​រួច​ម្ដ​ហើយ​លើ​បញ្ហា​នេះ ប៉ុន្តែ​មិនអាច​ស្វែងរក​ច្រកចេញ​បាន​ដដែល​។​

​ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វិញ លោក ត្រាំ នៅតែ​ប្រកាន់​ជំហរ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដដែល ខណៈដែល​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានប្រកាស​ដាច់ខាត​ហើយ​ថា ជប៉ុន​មិន​ចាក​ចេញពី TPP ជាដាច់ខាត​តែម្ដង និង​រួមដៃគ្នា​ជាមួយ​រដ្ឋ​សមាជិក​សេសសល់​១០​ផ្សេងទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ ទោះជា​គ្មាន​វត្តមាន​អាមេរិក​ក្ដី​៕


Tag:
 អាមេរិក​
  ជប៉ុន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com