អន្តរជាតិ
វិបត្តិ​កូរ៉េខាងជើង​៖ ជប៉ុន​ស្នើ​ចិន​ចាត់វិធានការ​ថែមទៀត តែ​ចិន​ឆ្លើយ​វិញ​ថា «​កុំមក​ប្រដៅ​»
07, Nov 2017 , 8:19 pm        
រូបភាព
​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុងជំនួប​ពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ។ ក្នុង​សន្និសីទកាសែត​រួមគ្នា​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា លោក អា​បេ បាន​និយាយថា ចិន​គួរ​ដើរតួនាទី​ឲ្យ​បាន​ច្រើន​ថែមទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​ចិន​បានលើកឡើង​វិញ​ថា ខ្លួន​ធ្វើ​ការងារ​ច្រើនណាស់​ហើយ​ទាក់ទង​បញ្ហា​នេះ ហើយក៏​មិនត្រូវ​ការ​នរណា​មក​ណែនាំ​ដែរ​។​



​មី​ស៊ី​លពីរ​គ្រាប់​របស់​កូរ៉េខាងជើង​ដែល​ហោះ​រំលង​ដែនអាកាស​ជប៉ុន ធ្វើ​ឲ្យ​ជប៉ុន​ខ្វាយខ្វល់​យ៉ាងខ្លាំង និង​អំពាវនាវ​ឲ្យ​មានការ​ចាត់វិធានការ​តឹង​រ៉ឺ​ង​ប្រឆាំង​រដ្ឋ​ក្បាល​មួយ​រឹង​មួយ​នេះ​។ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បានស្នើ​ជាថ្មី​ម្ដងទៀត​ឲ្យ​ចិន​ជួយ​រក​ច្រកចេញ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក អា​បេ ស្នើ​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​សន្យា​ឈរ​ជាមួយ​ជប៉ុន​១០០​ភាគរយ​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​។​

​សំណើ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ខាងលើនេះ មិន​ទទួលបាន​ចម្លើយ​ដូច​ចិត្ត​ឡើយ និង​ត្រូវ​រង​ប្រតិកម្ម​ពី​មន្ត្រី​ចិន​ទៅទៀត​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​និយាយថា ចិន​មិន​ត្រូវការ​នរណា​មក​ប្រាប់​ខ្លួន​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះឡើយ​លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ បើតាម​លោកស្រី Hua Chunying ចិន​បាន​បំពេញ​តួនាទី​ជាច្រើន​ដោយ​ឥត​នឿយហត់​អ្វី​ទាំងអស់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​តាមផ្លូវ​ន​យោ​បាយ និង​ការទូត​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៦ ខែវិច្ឆិកា អ្នកនាំពាក្យ​ដដែល​នេះ​ក៏​បញ្ជាក់​គោលជំហរ​របស់​ចិន​ក្នុងការ​សម្រេច​ឲ្យ​បាន​គោលដៅ​រំសាយ​អាវុធ​នុយ​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ​។ បន្ថែម​ពីលើ​នេះ ចិន​នឹង​បន្ត​តួនាទី​របស់ខ្លួន​ទៀត​នៅ​ថ្ងៃ​អនាគត ព្រោះ​វា​ជាការ​ទទួលខុសត្រូវរ​បស់​ចិន​ក្នុងនាម​ជា​មហាអំណាច ជា​សម​ជិ​ក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ និង​ជា​អ្នក​ក្បែរ​ខាង​របស់​ប្រជាជន​កូរ៉េ​។​

​បន្ទាប់ពី​រៀបរាប់​ការប្រឹងប្រែងរ​បស់​ចិន​ក្នុង​វិបត្តិ​អូសបន្លាយ​មួយ​នេះ​មក លោកស្រី​អ្នកនាំពាក្យ​ខាងលើ ក៏​ឆ្លៀត​បាន​ផ្ញើ​សារ​មួយ​ឲ្យ​ក្រុង​តូ​ក្យូ​ដែរ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ជប៉ុន លោកស្រី Hua Chunying សង្ឃឹមថា​ប្រទេស​ផ្សេង​នឹង​រៀនសូត្រ​តាម​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយស្មោះ​ពី​ចិត្ត និង​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ប្រសើរ​។ លោកស្រី​និយាយ​បែបនេះ ដោយ​ចង់​សំដៅ​ការអធិប្បាយ​របស់លោក អា​បេ ដែលថា ជប៉ុន​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង បើ​ហោះ​កាត់​ដែនអាកាស​ខ្លួន​ម្ដងទៀត​។​

​ជុំវិញ​ជំហរ​របស់​ជប៉ុន​វិញ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក ត្រាំ លោក អា​បេ បាន​អះអាងថា ជប៉ុន​ប្រកាន់​ជំហរ​យ៉ាងរឹងមាំ​ដោយ​គាំទ្រ​រដ្ឋបាល​អាមេរិក​ដែល​រក្សាទុក​ចំណាត់ការ​ទាំងអស់​ទាំង​ក្តៅ​និង​ត្រជាក់​ផង​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​នោះ​។ ឯ​លោក ត្រាំ ក៏​ប្រកាសថា កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង ជាការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ពិភពលោក និង​គំរាមថា គោលនយោបាយ​អត់ធ្មត់​បែប​យុទ្ធសាស្ត្រ​របស់​អាមេរិក​ឈានដល់​ទីបញ្ចប់​ហើយ​៕    


Tag:
 ចិន​
  អាមេរិក​
  ជប៉ុន​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com