អន្តរជាតិ
មក​អាស៊ី​មួយ​ជើង លោក ត្រាំ រកលុយ​ពី​ការលក់​អាវុធ​បាន​រាប់ពាន់​លាន​ដុល្លារ​
08, Nov 2017 , 3:23 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​តំបន់​អាស៊ី​ចំនួន​ពីរ គឺ​ជប៉ុន និង​កូរ៉េខាងត្បូង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ទាំងពីរ​នេះ ក្រៅពី​លើកឡើង​ការ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក ត្រាំ បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ខ្លួន​ឲ្យ​ទិញ​អាវុធ​តម្លៃ​រាប់រយ​លាន​ដុល្លារ​។ ទាំង​នៅ​ក្រុង​តូ​ក្យូ និង​នៅ​ក្រុង​សេ​អ៊ូ​ល លោក ត្រាំ សុទ្ធតែ​និយាយថា សព្វាវុធ​របស់​អាមេរិក​មិន​ត្រឹមតែ​ជួយ​ការពារ​ប្រទេស​ទាំងពីរ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ឡើយ តែ​ក៏​ជួយ​បង្កើត​ការងារ​នៅ​អាមេរិក​ដែរ​។



​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី គឺជា​របៀបវារៈ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​១២​ថ្ងៃ​នៅ​តំបន់​អាស៊ី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ទន្ទឹមនឹង​ការព្រមាន​កូរ៉េខាងជើង​កុំ​ឲ្យ​សាកល្បង​ជាមួយ​អាមេរិក លោក ត្រាំ ក៏​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​លើសលប់​របស់​អាមេរិក​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង​។ ប៉ុន្តែ​លោក​ក៏​លើកឡើងថា បញ្ហា​នេះ​អាច​ដោះស្រាយបាន បើ​សម្ព័ន្ធមិត្ត​ទាំងពីរ​ទិញ​អាវុធ​ពី​អាមេរិក​ដើម្បី​ការពារ​ខ្លួន​។​


នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​ត្រួតពល (​រូបភាព​៖ Xinhua)​

​ដំណើរ​មកកាន់​អាស៊ី​លើក​នេះ​បាន​ក្លាយជា​វេទិកា​សម្រាប់​លោក ត្រាំ អួតអាង​ពី​សមត្ថភាព​អាវុធ​របស់​អាមេរិក ហើយ​លោក​បាន​ជំរុញ​ឲ្យ​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល​ទិញ​អាវុធ​អាមេរិក​ឲ្យ​បាន​ច្រើន​។ នៅ​ជប៉ុន លោក ត្រាំ បាន​និយាយ​ដោយ​ត្រង់ៗ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ នឹង​សម្រេចចិត្ត​ទិញ​អាវុធ​ច្រើនសន្ធឹក​សន្ធាប់​ពី​អាមេរិក ដោយសារ​អាមេរិក​បន្ត​ផលិត​អាវុធ​ល្អ​បំផុត​មកដល់​ឥឡូវនេះ ហើយ​វា​ក៏​ជា​រឿង​ល្អ​ទាំងសងខាង គឺ​អាមេរិក និង​ជប៉ុន​ផ្ទាល់​។​

​លោកនាយក​រដ្ឋមន្ត្រី អា​បេ បាន​បញ្ចេញ​គម្រោង​រប​ស់ជ​ប៉ុន​ក្នុង​ការទិញ​យន្តហោះ​ធុន F-35 និង​នាវាចម្បាំង​ដែលមាន​សមត្ថភាព​ខ្ពស់ អាច​បំពាក់​មី​ស៊ី​លបាញ់​ទម្លាក់​មី​ស៊ី​ល​ហោះ​ក្រៅ​បរិយាកាស​ផែនដី​។ សម្រាប់​លោក អា​បេ ការទិញ​សព្វាវុធ​ពី​អាមេរិក គឺ​ដើម្បី​ពង្រឹង​គ្រឹះ​ការពារ​ខ្លួន តែ​សម្រាប់​លោក ត្រាំ នេះ​គឺជា​ឱកាស​ទាក់ទាញ​ផលប្រយោជន៍​សម្រាប់​អាមេរិក ហើយក៏​ដើម្បី​បង្កើត​ការងារ​ឲ្យ​ប្រជាជន​អាមេរិក​ដែរ​។​

​នៅ​ក្រុង​សេ​អ៊ូ​ល​ឯណោះ​វិញ លោក ត្រាំ និង​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានប្រកាសថា កូរ៉េខាងត្បូង​នឹង​ទិញ​សម្ភារ​យោធា​ច្រើន​សន្ធឹកសន្ធាប់​ពី​អាមេរិក​ដើម្បី​បង្កើន​សមត្ថភាព​ទប់ទល់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ លោក ត្រាំ បញ្ជាក់ថា ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នឹង​ចំណាយ​លើ​គម្រោង​នេះ ហើយនឹង​ជួយ​ពង្រឹង​អានុភាព​យោធា​កូរ៉េខាងត្បូង ក៏ដូចជា​ជួយ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ផង​។

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាប់ដៃ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (​រូបភាព​៖ Reuters)​

​បើតាម​សារព័ត៌មាន Korea Joongang Daily ដែល​ស្រង់​សម្ដី​លោក Yoon Young-chan លេខា​ប្រធានាធិបតី​កូរ៉េខាងត្បូង មេដឹកនាំ​ទាំងពីរ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន​ចាប់ផ្ដើម​ការពិភាក្សា​លើ​ការទិញ​អាវុធ​របស់​កូរ៉េខាងត្បូង និង​ការអភិវឌ្ឍ​យុទ្ធោបករណ៍​ទំនើបៗ​ជាច្រើន​មុខ​ទៀត​។ ក្រៅពីនេះ រដ្ឋបាល​លោក មូ​ន ក៏​នឹង​ចរចា​ជាមួយ​អាមេរិក​ដើម្បី​ទិញ​សព្វាវុធ​ផ្សេងទៀត​ដូចជា នាវាមុជទឹក​ដោយ​ថាមពលនុយក្លេអ៊ែរ និង​ឧបករណ៍​តាមដាន​ស៊េរី​ទំនើប​ជាដើម​។​

​តាមពិតទៅ ការចរចា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​តែងតែ​ជា​ប្រធានបទ​ក្រោយខ្នង​នៃ​ទស្សនកិច្ច​ក្រៅប្រទេស​របស់លោក ត្រាំ ។ ជាក់ស្ដែង​នោះ កាលពី​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រុង​វ៉ា​ស៊ិន​តោន និង​ក្រុង​រី​យ៉ា​ដ បាន​ព្រមព្រៀងគ្នា​លើ​ការទិញ​លក់​អាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ឯណោះ ខណៈដែល​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​កំពុង​កើន​កម្ដៅ​ខ្លាំង​។ មិន​ត្រឹមតែ​អា​រ៉ា​ប៊ី​សា​អូឌីត សូម្បីតែ​អារ៉ាប់​អេ​មី​រ៉ា​ត និង​កាតា ក៏បាន​បញ្ជា​ទិញ​សព្វាវុធ​ថ្លៃៗ​របស់​អាមេរិក​ដូចគ្នា​៕


Tag:
 អាស៊ី​
  អាមេរិក​
  កូរ៉េខាងត្បូង​
  ជប៉ុន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com