អន្តរជាតិ
ទស្សនកិច្ច​លោក ត្រាំ នៅ​កូរ៉េខាងត្បូង​ចោមរោម​ដោយ​សំណុំរឿង​កូរ៉េខាងជើង និង​ពាណិជ្ជកម្ម​
08, Nov 2017 , 9:19 pm        
រូបភាព
​ចាក​ចេញពី​ជប៉ុន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ដោយមាន​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការសើរើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​ប្រធាន​សំខាន់​។ ជាន់​ទឹកដី​កូរ៉េខាងត្បូង​ភ្លាម លោក ត្រាំ និយាយថា ដំណោះស្រាយ​លើ​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង នឹង​លេចចេញ​មិន​ខាន តែ​លោក​មិន​និយាយ​ច្បាស់​ថា បញ្ហា​នេះ​អាច​ចេញ​តាម​ច្រក​ណា​ឡើយ​។​



​យន្តហោះ Air Force One របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះចត​នៅ​មូលដ្ឋាន​អាកាស Osan ដែលជា​ការចាប់ផ្ដើម​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​ពីរ​នៃ​ទស្សនកិច្ច​១២​ថ្ងៃ​នៅ​តំបន់​អាស៊ី​របស់លោក ត្រាំ ។ បន្ត​មក លោក ត្រាំ ក៏​បន្តដំណើរ​ទៅកាន់​បន្ទាយទ័ព Camp Humphreys ក្បែរ​ក្រុង​សេ​អ៊ូ​ល ដែលជា​ទីតាំង​កងទ័ព​អាមេរិក​ធំជាងគេ​នៅ​កូរ៉េខាងត្បូង​។ នៅ​ទីនោះ លោក ត្រាំ ត្រូវ​បានទទួល​ដោយផ្ទាល់​ពី​សំណាក់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ។​

​ចំពោះមុខ​មន្ត្រី​យោធា​អាមេរិក និង​កូរ៉េខាងត្បូង លោក ត្រាំ បាន​ត្រឹម​អះអាងថា វិបត្តិ​កូរ៉េខាងជើង​នឹង​ត្រូវបាន​ដោះស្រាយ​មិន​ខាន តែ​មិន​ផ្ដល់ព័ត៌មាន​ពិស្ដារ​ឡើយ​។ មុន​ហោះ​ទៅ​កូរ៉េខាងត្បូង ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​និយាយ​នៅ​ជប៉ុន​ថា កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង ជាការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ពិភពលោក និង​គំរាមថា គោលនយោបាយ​អត់ធ្មត់​បែប​យុទ្ធសាស្ត្រ​របស់​អាមេរិក​ឈានដល់​ទីបញ្ចប់​ហើយ​។​

​នៅ​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា លោក មូ​ន ចេ​អ៊ី​ន ក៏​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​អធិកអធម​មួយ​សម្រាប់​លោក ត្រាំ នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae មុននឹង​ជំនួប​ផ្លូវការ​ទ្វេភាគី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​ប្រធានាធិបតី មូ​ន សង្ឃឹមថា ទស្សនកិច្ច​របស់លោក ត្រាំ នឹង​ជួយ​សម្រាល​ការ​ភ័យ​បារម្ភ​របស់​ប្រជាជន​កូរ៉េខាងត្បូង ជុំវិញ​ការ​គំរាម​របស់​កូរ៉េខាងជើង និង​ជា​ចំណុច​របត់​ថ្មី​ក្នុងការ​ស្វែងរក​ច្រកចេញ​នៃ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្រៅពី​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជំនួប​ទ្វេភាគី​នៃ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងត្បូង ក៏បាន​ផ្ដោតលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ផងដែរ​។ លោក មូ​ន និង​សម​ភាគី​អាមេរិក ត្រាំ បាន​ជជែក​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដែល​ត្រូវបាន​កែប្រែ​ឡើងវិញ​ក្នុង​ការចរចា​កន្លងមក​។ លោក ត្រាំ មិនសូវ​សប្បាយចិត្ត​ឡើយ ពេល​ឃើញ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ក្នុងការ​រកស៊ី​ជាមួយ​កូរ៉េខាងត្បូង​នោះ ហើយ​លោក​ចង់បាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​កាត់បន្ថយ​គម្លាត​នេះ​។​

​ទាក់ទង​បញ្ហា​នេះ លោក ត្រាំ បានបញ្ជាក់​ជាមុន​ហើយ​ថា ពាណិជ្ជកម្ម​នឹង​របៀបវារៈ​សំខាន់​ក្នុងជំនួប​ជាមួយ​លោក មូ​ន ។ លោក​ប្រធានាធិបតី​អាមេរិក​ជឿថា អ្វីៗ​នឹង​ដោះស្រាយបាន​មិន​ខាន ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​នៅ​អាមេរិក ហើយ​នេះ​ជា​មូល​ហេតុដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​។ ក្នុងជំនួប​ជាមួយ​លោក មូ​ន លោក ត្រាំ លើកឡើងថា ការទិញ​អាវុធ​ពី​អាមេរិក​របស់​កូរ៉េខាងត្បូង នឹង​ជួយ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​មិន​ខាន​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com