អន្តរជាតិ
នាវា​ដឹក​យន្តហោះ​អាមេរិក​បី​គ្រឿង​ធ្វើ​សមយុទ្ធ​ក្បែរ​ឧបទ្វីប​កូរ៉េ ព្រោះ​ឱកាស​កម្រ​បានមក​ដល់​
09, Nov 2017 , 11:18 am        
រូបភាព
នាវាដឹកយន្តហោះ USS Nimitz (រូបភាពពីកងទ័ពជើងទឹកអាមេរិក)
នាវាដឹកយន្តហោះ USS Nimitz (រូបភាពពីកងទ័ពជើងទឹកអាមេរិក)
​កងទ័ពជើងទឹក​អាមេរិក​បាន​ចេញមក​ប្រកាសថា នាវា​ដឹក​យន្តហោះ​បី​គ្រឿង​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​នៅ​ចុង​នេះ​សប្ដាហ៍​។ សមយុទ្ធ​នេះ​ធ្វើឡើង​ចំពេល​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ទស្សនកិច្ច​រយៈ​ពេល​វែង​នៅ​តំបន់​អាស៊ី ហើយ​ទំនង​ជាការ​សម្ញែង​កម្លាំង​យោធា​ដាក់​កូរ៉េខាងជើង​ផង​។ នាវាចម្បាំង​មកពី​ជប៉ុន​ក៏​ត្រូវបាន​រាយការណ៍​ថា​នឹងចូលរួម​ក្នុង​សមយុទ្ធ​លើក​នេះដែរ​។​



​កងទ័ពជើងទឹក​អាមេរិក​នឹងធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើង​ពី​ឧបទ្វីប​កូរ៉េ​។ ក្នុង​សេចក្ដីប្រកាស​របស់​កង​នាវាចរណ៍​ទី​៧ នៃ​កងទ័ពជើងទឹក​អាមេរិក ក្រុម​នាវាចរណ៍​ចំនួន​បី​ក្រុម​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Nimitz, USS Ronald Reagan និង USS Theodore Roosevelt នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែ​វិ​ច្ឆ​កា ខណៈដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ទស្សនកិច្ច​នៅ​អាស៊ី​នៅឡើយ​។​

​នេះ​ជា​សមយុទ្ធ​ធំជាងគេ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​។ កាលពី​ឆ្នាំ​២០០៧ អាមេរិក​ក៏​ធ្លាប់​រៀបចំ​សមយុទ្ធ​បែបនេះ​ម្ដង​ដែរ​នៅក្បែរ​កោះ​ហ្គា​ម ដោយមាន​វត្តមាន​នាវា​ដឹក​យន្តហោះ​ចំនួន​បី​គ្រឿង​ដែរ គឺ​នាវា​ដឹក​យន្តហោះ USS Nimitz, USS John C. Stennis និង USS Kitty Hawk ។ ដោយឡែក​សមយុទ្ធ​ឆ្នាំ​២០១៧ ក៏មាន​វត្តមាន​នាវា​ពិឃាត​របស់​ជប៉ុន Inazuma ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាកងារ​ព័ត៌មាន​នៅ​ដើម​សប្ដាហ៍​នេះ​។

​ឧ​ត្ត​មនា​វី Scott Swift មេបញ្ជាការ​កង​ទ័នា​វា​ចរណ៍​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​និយាយថា វា​ជា​ឱកាស​កម្រ​ដែល​ធ្វើ​សមយុទ្ធ​ជាមួយ​នាវា​ដឹក​យន្តហោះ​ចំនួន​ពីរ​គ្រឿង ហើយ​រឹតតែ​ជា​រឿង​កម្រ​ទៅទៀត​ដែល​អាចធ្វើ​សមយុទ្ធ​ជាមួយ​នាវា​ដឹក​យន្តហោះ​ដល់​ទៅ​បី​គ្រឿង​នោះ​។ វត្តមាន​នាវា​ដឹក​យន្តហោះ​ដល់​ទៅ​បី​គ្រឿង​ជា​ស្មុគស្មាញ តែ​លោក Swift អះអាងថា នេះ​ជា​ភស្តុតាង​បង្ហាញ​ពី​សមត្ថភាពរ​បស់ទ័ព​អាមេរិក និង​ជាការ​ប្ដេ​ជា្ញ​ចិត្ត​ដើម្បី​ស្ថិរភាព​តំបន់​។​

​សមយុទ្ធ​រយៈពេល​បួន​ថ្ងៃនេះ នឹង​ផ្ដោតលើ​លំ​ហាត់​ការពារ​អាកាស ការ​ស៊ើបការណ៍​លើ​ដែនសមុទ្រ ក៏ដូចជា​ការហាត់​សម​លំ​ហាត់​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​ដែរ​។ បើតាម​សេចក្ដីប្រកាស​របស់​កង​នាវា​ទី​៧ អង្គភាព​ដែល​ចូលរួម​សមយុទ្ធ​នេះ​នឹងធ្វើ​លំ​ហាត់​រួមគ្នា​នៅ​ដែនទឹក​អន្តរជាតិ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​អស្ចារ្យ​របស់​កងទ័ព​អាមេរិក​ក្នុង​ប្រតិបត្តិ​ការសម្របសម្រួល​គ្នា​ដែលមាន​វត្តមាន​នាវា​ដឹក​យន្តហោះ​ច្រើន​គ្រឿង​។​

​អ្វី​គួរកត់សម្គាល់​នោះ លោក ត្រាំ នឹង​ស្ថិតនៅ​តំបន់​អាស៊ី​នៅឡើយ​អំឡុងពេល​សមយុទ្ធ​រួមគ្នា​ដ៏​ធំ​នេះ​។ ប្រធានាធិបតី​កំពុងស្ថិត​ប្រទេស​ចិន​ដើម្បី​ទស្សនកិច្ច​ផ្លូវរដ្ឋ ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៥​ប្រទេស​នៅ​អាស៊ី​។ សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​របៀបវារៈ​សំខាន់​នៃ​ទស្សនកិច្ច​នេះ ដោយ​លោក ត្រាំ ចង់​ប្រមូល​ការគាំទ្រ​របស់​អន្តរជាតិ​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន​៕ 


Tag:
 អាមេរិក​
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com