អន្តរជាតិ
ត្រាំ មិន​បន្ទោស​ចិន​រឿង​ឱនភាព​ពាណិជ្ជកម្ម ក្រោយ​ចុះ​កិច្ចព្រមព្រៀង​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​
10, Nov 2017 , 10:00 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនបាន​បន្ទោស​ចិន​ជុំវិញ​ឱនភាព​ពាណិជ្ជកម្ម​ឡើយ ទោះជា​លោក​មិន​ពេញចិត្ត​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​ដែល​ផ្អៀង​ខ្លាំង​ទៅរក​ចិន​ក្ដី​។ ប៉ុន្តែ​លោក ត្រាំ ក៏​ប្រកាសថា នឹង​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ ប្រធានាធិបតី​អាមេរិក​ថ្លែង​បែបនេះ អំឡុងពេល​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង ដែលជា​ផ្នែក​នៃ​ទស្សនកិច្ច​១២​ថ្ងៃ​នៅ​តំបន់​អាស៊ី​។



​នាពេល​កន្លងមក ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​យ៉ាងខ្លាំង ព្រោះតែ​អាមេរិក​ប្រឈមមុខ​ទំហំ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​។ ប៉ុន្តែ​ពេលទៅដល់​ទឹកដី​ចិន លោក ត្រាំ បែរជា​និយាយ​បែប​សរសើរ​ចិន​លើ​រឿង​ពាណិជ្ជកម្ម​នេះ​ទៅវិញ ហើយ​ថា លោក​មិន​ទម្លាក់កំហុស​លើ​ចិន​ជុំវិញ​បញ្ហា​នេះឡើយ​។ លោក ត្រាំ និយាយ​បែបនេះ​នៅ​ថ្ងៃទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចិន​។​

​ការបន្ទន់​ជំហរ​របស់លោក ត្រាំ ធ្វើឡើង​ក្រោយ​ជំនួប​ជាង​ពីរ​ម៉ោង​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង ក្នុង​វិមាន​ប្រជាជន​ចិន​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ មេដឹកនាំ​ទាំងពីរ​ក៏បាន​ធ្វើ​សាក្សី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ដូចជា ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing, ក្រុមហ៊ុន​រថយន្ត General Electric Co និង​ក្រុមហ៊ុន​ផលិត​ឈី​ប Qualcomm Inc ជាមួយនិង​ក្រុមហ៊ុន​ចិន ដែល​តម្លៃ​ច្រើនជាង​២៥០​ពាន់​លាន​ដុល្លារ​ឯណោះ​។

​ក្នុងជំនួប​ជាមួយ​ពាណិជ្ជករ​អាមេរិក និង​ចិន លោក ត្រាំ បញ្ជាក់ថា លោក​មិន​បន្ទោស​ចិន​ឡើយ ព្រោះ​លោក​បន្ទោស​ប្រទេសមួយ​ដែល​ព្យាយាម​ទាញយក​ផលប្រយោជន៍​ដើម្បី​ប្រជាជន​ខ្លួនឯង​នោះ ហើយ​លោក​សរសើរ​ចិន​ចំពោះ​រឿងនេះ​។ ប្រធានាធិបតី​ក៏បាន​ប្រាប់​សម​ភាគី​ដែរ​ថា អាមេរិក​ចង់បាន​ការ​រកស៊ី​ដែល​ផ្ដល់​ការ​ចំណេញ​ទៅមក និង​មាន​យុត្តិធម៌ ហើយ​អាមេរិក​នឹង​ចរចា​ជាមួយ​ចិន​ដើម្បី​បញ្ចប់​បញ្ហា​នេះ​។​

​ដោយឡែក លោក ស៊ី ជិន​ភីង វិញ​បានបង្ហាញ​ទឹកមុខ​ញញឹម​ពេល​លោក ត្រាំ មិន​បន្ទោស​ចិន​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​ចិន​រូបនេះ​ក៏​និយាយ​ដែរ​ថា ទំនាក់ទំនង​ចិន និង​អាមេរិក គួរ​ជាការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក មិន​ការ​ប្រជែង​គ្នា​ឡើយ​។ លោក ស៊ី បន្តថា បញ្ហា​តែង​កើតមាន​ជានិច្ច ពេល​សេដ្ឋកិច្ច​កើនឡើង​ខ្លាំង ដូចនេះ​ភាគី​ទាំងសងខាង ត្រូវ​ប្រកានខ្ជាប់​គោលការណ៍​ស្មើភាព គោរព​ផលប្រយោជន៍​គ្នា និង​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ការពិភាក្សាគ្នា​។

​ជំនួស​ឲ្យ​ការដាក់បន្ទុក​លើ​ក្រុង​ប៉េកាំង​នោះ លោក ត្រាំ បែរ​បន្ទោស​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​មុនៗ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​អាមេរិក​ត្រូវ​ខាតបង់​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ចិន​។ ក្រោយ​ការឡើង​កាន់តំណែង​កាលពីដើមឆ្នាំ​មក លោក ត្រាំ ក៏​បញ្ជា​ឲ្យ​សើរើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន ជាពិសេស​បាន​ស៊ើបអង្កេត​ការអនុវត្ត​របស់​ចិន​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ក៏ដូចជា​ឧស្សាហកម្ម​ដែក និង​អាលុយមីញ៉ូម​ផងដែរ​៕

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com