អន្តរជាតិ
ពូ​ទីន បារម្ភ​អាមេរិក​អុកឡុក​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨
10, Nov 2017 , 7:39 pm        
រូបភាព
ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០១៨ ។ លោក ពូ​ទីន បារម្ភ​ថា អាមេរិក​រៀបចំ​ផែនការ​អុកឡុក​ព្រឹត្តិការណ៍​ដ៏​ធំ​ទាំងពីរ​នេះ ដើម្បី​សងសឹក​ចំពោះ​រុស្ស៊ី​ដែល​អាមេរិក​ចោទថា​បាន​លូកលាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ។ ដោយសារ​បញ្ហា​នេះ ទើប​ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ​។



​រឿងរ៉ាវ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ដែល​កន្លងផុត​មួយឆ្នាំ​ទៅហើយនោះ មិនទាន់​រសាត់​ទៅ​ឆ្ងាយ​ឡើយ​។ អ្នកនយោបាយ​នៅ​អាមេរិក ជាពិសេស​ក្រុម​ប្រជាធិបតេយ្យ​បាន​ចោទ​រុស្ស៊ី​ថា​បាន​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​ឆ្នាំ​២០១៦ និង​ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​។ សភា​អាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​បន្តបន្ទាប់​លើ​រុស្ស៊ី ទោះជា​រុស្ស៊ី​ទាត់ចោល​រាល់​ការចោទប្រកាន់​ក្ដី​។​

​ដោយសារ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​ត្រូវ​រៀបចំ​នៅ​ឆ្នាំ​២០១៨ ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​ភ័យព្រួយ ព្រោះ​ខ្លាច​អាមេរិក​ឆ្លៀតឱកាស​នេះ​សងសឹក​វិញ​។ ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង Chelyabinsk នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា លោក ពូ​ទីន និយាយថា ឆ្លើយតប​នឹង​សកម្មភាព​របស់​រុស្ស៊ី អាមេរិក​ចង់​បង្កើត​បញ្ហា​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំក្រោយ ហើយ​អាមេរិក​អាច​ប្រើប្រាស់​បណ្ដាញ​របស់ខ្លួន​នៅ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ដើម្បី​ធ្វើ​រឿងនេះ​។​

​យោងតាម​សារព័ត៌មាន RT ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បញ្ជាក់ថា លោក​ពិតជា​បារម្ភ និង​សង្ស័យ​ខ្លាំងណាស់​ចំពោះ​បញ្ហា​នេះ ព្រោះ​ក្រុង​វ៉ា​ស៊ិន​តោន​អាច​បង្កបញ្ហា​ណាមួយ​ក្នុង​ពិភព​កីឡា​។ នេះ​ក៏​ព្រោះតែ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ និង​ការបោះឆ្នោត​នៅ​រុស្ស៊ី នឹងត្រូវ​ឡើង​នៅ​កាលបរិច្ឆេទ​កៀក​គ្នា​ខ្លាំងពេក​។ លោក ពូ​ទីន សង្កត់ធ្ងន់ថា ប្រសិនបើ​មាន​បញ្ហា​អ្វី​នោះ វា​ប៉ះពាល់​ស្មារតី​កីឡា​អន្តរជាតិ​មិនខានឡើយ​។​

​បើ​តា​សម្ដី​លោក ពូ​ទីន គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​អាមេរិក ព្រោះ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ដែល​ទិញ​សិទ្ធិ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​កីឡា និង​ជា​អ្នក​ឧបត្ថម្ភ មាន​មូលដ្ឋាន​នៅ​អាមេរិក​។ លោក​សង្ស័យថា ក្រុង​វ៉ា​ស៊ិន​តោន​អាច​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្កបញ្ហា ដែល​អាច​រាលដាល​ដល់​រុស្ស៊ី​បាន​។​

​សូម​រំឭកថា ក្រុង​វ៉ា​ស៊ិន​តោន​បាន​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ចំៗ​ថា បាន​កកូរកកាយ​កិច្ចការ​បោះឆ្នោត​របស់ខ្លួន​ដូចជា​ការ​លួច​ចូល​កែប្រែ​ទិន្នន័យ​បោះឆ្នោត​ជាដើម ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​ភស្តុតាង​បញ្ជាក់​ឡើយ ឯ​ក្រុង​មូ​ស្គូ​ក៏បាន​បដិសេធ​វិញ​ដែរ​។ សភា​អាមេរិក​ឯណោះ ក៏បាន​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ដាក់​គំនាប​លើ​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​បំណង​របស់លោក ត្រាំ ចង់​ស្ដារ​ទំនាក់ទំនង​ឡើងវិញ ត្រូវ​រលាយ​អស់​៕


Tag:
 រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com