ជាតិ
មហាផ្ទៃ ស្នើ​ឲ្យ​រតនាគារជាតិ​បង្កក​ប្រាក់ខែ​ក្រុមប្រឹក្សាឃុំ សង្កាត់ CNRP
17, Nov 2017 , 2:11 pm        
រូបភាព
ដោយ:
​ក្រសួងមហាផ្ទៃ បានស្នើ​អគ្គនាយកដ្ឋាន​រតនាគា​ជាតិ ឲ្យ​បង្កក​ប្រាក់ខែ​របស់​មន្ត្រី​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ ។ ការ​បង្កក​ប្រាក់ខែ​នេះ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​



​ដោយ​ផ្អែក​តាមច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ករណី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ដោយ​តុលាការ នោះ​បញ្ជី​បេក្ខជន និង​សមាជិក​ក្រុមប្រឹក្សាឃុំ -​សង្កាត់ ទាំងអស់​នៃ​គណបក្ស​នេះ លែងមាន​សុពលភាព និង​គុណសម្បត្តិ​តទៅទៀត​ហើយ​។ នេះ​បើតាម​លិខិត​របស់​អគ្គនាយក​រដ្ឋ​បាល​នៃ​ក្រសួងមហាផ្ទៃ​លោក ប្រាក់ សំអឿន ដែល​បាន​បន្ដ​ដូច្នេះ​៖«​ហេតុនេះ​ក្រសួងមហាផ្ទៃ សូម​ស្នើ​(​រតនាគារជាតិ​)​បង្កក​ការបើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ​»។

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់ ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្អាក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​៕


Tag:
 CNRP
 ​ មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com