អន្តរជាតិ
អាមេរិក​ដើរចេញ​ពី​ការចរចា​អន្តរជាតិ​ស្ដីពី​ជន​ចំណាកស្រុក​
04, Dec 2017 , 9:19 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិក Nikki Haley ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (រូបភាព៖ Xinhua)
អគ្គរដ្ឋទូតអាមេរិក Nikki Haley ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (រូបភាព៖ Xinhua)
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ដើរចេញ​ពី​ការចរចា​អន្តរជាតិ​ស្ដីពី​ការការពារ​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន ដោយ​អះអាងថា យន្តការ​ពិភពលោក​នេះ​ប៉ះពាល់​អធិបតេយ្យ​របស់​អាមេរិក​។ ជំនួស​មកវិញ អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង ដោយ​រក្សាបាន​ផលប្រយោជន៍​ជាតិ​ផង​។ ការដើរ​ចេញ​របស់​អា​មេ​រិ​ក រង​ការរិះគន់​ខ្លាំង​ពី​អង្គការសហប្រជាជាតិ ដែល​កំពុង​ដឹកនាំ​ការចរចា​នេះ​។​



​មិន​ត្រឹម​ហាមឃាត់​ជនភៀសខ្លួន​មកពី​ប្រទេស​ខ្លះ​ចូល​ទឹកដី​អាមេរិក រឹតបន្តឹង​ការផ្ដល់​ទិដ្ឋាការ និង​ចង់​សាងសង់​ជញ្ជាំង​តាម​ព្រំដែន ពេលនេះ​អាមេរិក​បាន​ដើរ​ចេញពី​ការចរចា​លើ​បញ្ហា​ជនភៀសខ្លួន​ថែមទៀត​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ជូនដំណឹង​ពី​ការ​ដើរចេញ​នៅ​យប់​ថ្ងៃទី​២ ខែធ្នូ ដោយបាន​បញ្ជាក់ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​អ្នកសម្រេចចិត្ត​ដោយផ្ទាល់​។​

​អាមេរិក​បានក្លាយ​ជាស​មា​ជិ​ក​នៃ​សេចក្ដីថ្លែងការណ៍​ញូវយ៉ក​ស្ដីពី​ជនភៀសខ្លួន និង​ទេស​ន្ត​ប្រវេសន៍ ដែល​ត្រូវ​បានអនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​២០១៦ ។ រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​គាំទ្រ​សេចក្ដីថ្លែងការណ៍​នេះ ដែល​បានស្នើ​ឲ្យ​មាន​ការចរចា​ជា​អន្តរជាតិ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​សកល​នៅត្រឹម​ឆ្នាំ​២០១៨ ខាងមុខ​។ កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​ការពារ​សិទ្ធិ​ជនភៀសខ្លួន និង​ទេស​ន្ត​ប្រវេសន៍​។​

​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន លោកស្រី Haley និយាយថា យន្តការ​សកល​ក្នុង​សេចក្ដីថ្លែងការណ៍​ញូវយ៉ក មិន​ស្របតាម​អធិបតេយ្យ​អាមេរិក​ឡើយ​។ ជុំវិញ​បញ្ហា​នេះ តំណាង​អាមេរិក​បញ្ជាក់ថា គ្មាន​ប្រទេស​ណា​ជួយ​ច្រើនជាង​អាមេរិក ហើយ​អាមេរិក​នឹង​បន្ត​សមានចិត្ត​របស់ខ្លួន​។ ប៉ុន្តែ​អាមេរិក​នឹង​អនុវត្ត​នយោបាយ​អន្តោប្រវេសន៍​ដោយ​ខ្លួនឯង​តែ​ម្នាក់​គត់​។ ពោល គឺ​អាមេរិក​នឹង​សម្រេចចិត្ត​ការពារ​ព្រំដែន​របស់ខ្លួន និង​កំណត់ថា អ្នកណា​មាន​សិទ្ធិ​ជាន់​ទឹកដី​អាមេរិក​។​

​អង្គការសហប្រជាជាតិ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការដកខ្លួន​របស់​រដ្ឋ​បាល​លោក ត្រាំ លើក​នេះ​។ ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លោក Miroslav Lajcak បាន​សរសេរ​លើ Twitter ថា លោក​សោកស្ដាយ​ដែល​អាមេរិក​មិន​ចូលរួម​ក្នុង​ការចរចា​ដើម្បី​កិច្ចព្រមព្រៀង​សកល​ដែល​អនុវត្តតាម​គោលការណ៍​ស្ម័គ្រចិត្ត​។ ឯ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ក៏​បង្ហាញ​ការខកចិត្ត​ដែរ តែ​ក៏​ស​ង្ឃឺ​ម​ថា អាមេរិក​នឹងចូលរួម​ជាមួយ​គេឯង​វិញ​។​

​ចាប់តាំងពី​កាន់តំណែង​កាលពីដើម​ឆ្នាំំ​មក​នោះ លោក ត្រាំ បានចេញ​បញ្ជា​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​នៃ​ប្រទេសមួយ​ចំនួន​ចូល​ទឹកដី​អាមេរិក និង​ចាប់​បណ្ដេញ​ជនភៀសខ្លួន​ជាច្រើន​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​ផង​។ នេះ​ជាការ​សន្យា​របស់លោក ត្រាំ ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត សំដៅ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ឧក្រិដ្ឋកម្ម​ក្នុងស្រុក​។ ប៉ុន្តែ​វិធានការណ៍​នេះ​រង​ការរិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាច្រើន ដោយ​ហៅថា​ជាការ​បំពាន​សិទ្ធិមនុស្ស​ទៀតផង​៕ 


Tag:
 អាមេរិក​
  ជនភៀសខ្លួន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com